ប្រធានបទ “៩ចំណុចដែលបុព្វបុរសនៃមនុស្សជាតិក្នុងយុគថ្មរស់នៅដូចពួកយើងបច្ចុប្បន្ន”

ប្រធានបទ “៩ចំណុចដែលបុព្វបុរសនៃមនុស្សជាតិក្នុងយុគថ្មរស់នៅដូចពួកយើងបច្ចុប្បន្ន”

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “៩ចំណុចដែលបុព្វបុរសនៃមនុស្សជាតិក្នុងយុគថ្មរស់នៅដូចពួកយើងបច្ចុប្បន្ន”
អត្ថបទដោយ : អ៊ី ប៊ុនលី
#MJQE #AmericanInterconSchool

ចាប់ពីមនុស្សមានវត្តមានលើភពផែនដីប្រមាណជា ២.៥លានឆ្នាំមុន បានឆ្លងកាត់ការវិវត្តឥតឈប់ឈររហូតមកទល់បច្ចុប្បន្ននេះ។ តាមការសិក្សាយើងអាចសន្និដ្ឋានបានថា បុព្វបុរសរបស់យើង បានរស់នៅក្នុងម័យបុរេប្រវត្តិអស់រយៈកាលដ៏យូរ មុននឹងឈានជើងចូលក្នុងសម័យកាលប្រវត្តិសាស្រ្ត ប្រមាណជាង៥០០០ឆ្នាំនេះតែប៉ុណ្ណោះ។ បុរេប្រវត្តិវិទូបានចែកសម័យកាលបុរេប្រវត្តិជាបីយុគធំៗ គឺយុគថ្ម (ជាង២លានឆ្នាំមុន-៣៣០០ឆ្នាំមុនគ.ស) យុគសំរឹទ្ធ (៣៣០០ឆ្នាំមុនគ.ស-១២០០ឆ្នាំមុនគ.ស) និងយុគដែក (១២០០ឆ្នាំមុនគ.ស-១០០ឆ្នាំមុនគ.ស)។

យុគថ្មបានចាប់ផ្តើមជាង២លានឆ្នាំមកហើយ និងបញ្ចប់ទៅវិញអំឡុងឆ្នាំ៣៣០០មុនគ.ស។ ពិតណាស់បើយើងប្រៀបធៀបពីជីវភាពរស់នៅរបស់មនុស្សបុរេប្រវត្តិ និងជីវភាពរបស់ពួកយើងបច្ចុប្បន្ន គឺខុសគ្នាខ្លាំងណាស់។ តើអ្នកដឹងទេថា មានរបៀបរបបរស់នៅមួយចំនួនរបស់មនុស្សបច្ចុប្បន្ន គឺដូចគ្នានឹងមនុស្សបុរេប្រវត្តិយុគថ្ម?
១. ពួកគេចេះរក្សាសាច់ទុកបរិភោគ
កាលពីឆ្នាំ១៩៩១ គេបានរកឃើញសពមុំាមី (Mummy) ដែលកប់នៅក្នុងទឹកកកនាតំបន់ភ្នំ Ötztal Alps ដែលសព្វថ្ងៃស្ថិតនៅចន្លោះប្រទេសអ៊ីតាលី និងអូទ្រីស។ អ្នកស្រាវជ្រាវបានបង្ហាញថា បុរសដែលមានអាយុប្រហែល៤០ឆ្នាំ ទៅ៥០ឆ្នាំម្នាក់នេះ ត្រូវបានគេបាញ់ព្រួញសម្លាប់នៅពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំ Ötztal Alps ទើបគេហៅគាត់ថា អូស្ស៊ី (Ötzi) ឬមនុស្សទឹកកក ព្រោះសពរបស់គាត់ត្រូវបានកប់នៅក្នុងទឹកកកក្លាយជាសពមុំាមី (Mummy) ដោយធម្មជាតិ។ អ្នកជំនាញខាងសពមុំាមី (Mummy) លោក Albert Zink បានរកឃើញនៅក្នុងក្រពះរបស់អូស្ស៊ី (Ötzi) នូវបំណែកសាច់ពពែស្ងួត ដែលអាចសន្និដ្ឋានបានថា មនុស្សបុរេប្រវត្តិចេះរក្សាសាច់សម្រាប់បរិភោគ ជាពិសេសសម្រាប់ដាក់តាមខ្លួនពេលពួកគេធ្វើដំណើរ។

២. ពួកគេចេះលេងឧបករណ៍ភ្លេង
កាលពី ៤៣.០០០ឆ្នាំមុន បន្ទាប់ពីពួកគេបានតាំងទីលំនៅនៅទ្វីបអឺរ៉ុប មនុស្សសម័យដើមបានលេងភ្លេងដោយខ្លុយដែលធ្វើពីឆ្អឹងបក្សី និងភ្លុកដំរីធំៗ។ ឧបករណ៍ទាំងនេះត្រូវបានគេរកឃើញនៅក្នុងរូងភ្នំមួយនៅភាគខាងត្បូងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ២០១២ ហើយត្រូវបានគេជឿថា បានប្រើនៅក្នុងពិធីសាសនា ឬការកម្សាន្តអារម្មណ៍។

៣. ពួកគេចេះរក្សាអានាម័យនៅក្នុងផ្ទះ និងបានចំណាយពេលលំហែរនៅលើដំបូលផ្ទះរបស់ពួកគេ
ទោះបីជាមនុស្សមានទំនោរគិតដល់មនុស្សសម័យដើមថារស់នៅក្នុងរូងភ្នំក៏ដោយ ក៏ការតាំងទីលំនៅមួយដែលត្រូវបានរកឃើញនៅក្នុងប្រទេសទួរគី នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ បង្ហាញពីឧទាហរណ៍ដំបូងបំផុតនៃនគរូបនីយកម្ម។ កាលពី៩ពាន់ឆ្នាំមកហើយ មនុស្សសម័យយុគថ្មរំលីងបានរស់នៅក្នុងផ្ទះដែលធ្វើពីឥដ្ឋ។ កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា ផ្ទះនីមួយៗមានសណ្ឋានជារាងចតុកោណ ហើយមានច្រកចេញចូលតាមដំបូលផ្ទះជាជាងទ្វារខាងមុខ។ វាជារចនាសម្ពន្ធ័សាមញ្ញៗ ប៉ុន្តែមានភាពងាយស្រួល និងទំនើប ដូចជាចង្ក្រានឡ និងកន្លែងគេង។ យោងតាមអ្នកបុរាណវិទ្យា Shahina Farid បាននិយាយថា “សកម្មភាពជាច្រើនបានរៀបចំឡើងនៅលើដំបូលផ្ទះ”។ ពួកគេបានឆ្លងកាត់តាមដំបូលផ្ទះ ហើយប្រើផ្លូវតូចៗដើម្បីចោលកាកសំណល់ទៅក្រៅផ្ទះរបស់ពួកគេ។

៤. ស្រ្តីមានភាពរឹងមាំ
ជាច្រើនសហស្សវត្សរ៍មកហើយ មុនពេលស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាអូឡាំពិកស្ត្រីយុគសម័យថ្មដ៏ខ្លាំងក្លាដូចអត្តពលិកសម័យថ្មីដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ Science Advance បានបង្ហាញថា ស្ត្រីកាលពីប្រហែល ៧០០០ឆ្នាំមុន ពួកគេស្ទើរតែរឹងមាំដូច “អ្នកកីឡា”។ លទ្ធផលបានប្រាប់យើងផងដែរអំពីតួនាទីដែលស្ត្រីបានដើរតួក្នុងជីវិតប្រចាំថ្ងៃ ហើយពួកគេទំនងជាពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃដូចបុរសផងដែរ។

 

៥. ពួកគេបានប្រគល់លំនៅដ្ឋានទៅឱ្យកូនចៅរបស់គេបន្ត
នៅពេលដែលមនុស្សសម័យយុគថ្មត្រូវការកន្លែងណាមួយដើម្បីរស់នៅ ពួកគេភាគច្រើនមិនសាងសង់លំនៅដ្ឋានថ្មី ឬស្វែងរករូងភ្នំថ្មីឡើយ។ ផ្ទុយទៅវិញពួកគេនឹងជួសជុលផ្ទះជាថ្មីនៅក្នុងតំបន់របស់ពួកគេ ហើយរស់នៅទីនោះជំនួសវិញ។ អ្នកបុរាណវិទ្យា លោក Silje Fretheim នៅមហាវិទ្យាល័យបុរាណវិទ្យា និងប្រវត្តិសាស្ត្រនៃ NTNU បានបង្ហាញនៅក្នុងព្រឹត្តិបត្រ Science Nordic ថា ផ្ទះរបស់ពួកគេនឹងត្រូវរស់នៅបន្តគ្នារហូតដល់១០០០ឆ្នាំ។

៦. ពួកគេចូលចិត្តបោះជំរំ (camping)
តំបន់ Cairngorms ប្រទេសស្កុតឡែន គឺជាកន្លែងចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នកឡើងភ្នំ និងអ្នកធ្វើដំណើរផ្លូវឆ្ងាយ។ វាមិនមានអ្វីប្លែកទេនៅក្នុងយុគសម័យថ្ម ប្រហែលជា៨០០០ឆ្នាំមុន អ្នកទេសចរនឹងមកលេងកម្សាន្តពីរបីយប់ម្តង ហើយស្នាក់នៅក្នុងតែនតិ៍ដែលមានភ្លើងឆេះនៅចំកណ្ដាល។ អ្វីដែលពួកគេកំពុងធ្វើនៅទីនោះមិនច្បាស់ទេ ទោះបីវាជាដំណើរនៃការបរបាញ់ដ៏ល្អបំផុតនៅតំបន់នោះក៏ដោយ អ្នកស្រាវជ្រាវ Graeme Warren បានប្រាប់សារព័ត៌មាន The Press and Journal ថា ពួកគេប្រហែលជាបានឡើងទៅកាន់ទីនោះ ព្រោះវាជាច្រករបៀងធម្មជាតិ អ្នកឆ្លងកាត់ពីខាងកើតទៅខាងលិចប្រទេសស្កុតឡែន ហើយពួកគេទៅទីនោះដើម្បីបរបាញ់។

៧. ពួកគេបានរួចផុតជីវិតពីការប្រែប្រួលអាកាសធាតុ
នៅពេលដែលអាកាសធាតុប្រែប្រួលយ៉ាងខ្លាំងកាលពី១១.០០០ឆ្នាំមុន អ្នកប្រមាញ់ដែលប្រមូលផ្តុំនៅភាគឥសានប្រទេសអង់គ្លេសសព្វថ្ងៃ ត្រូវបានបង្ខំឱ្យធ្វើការផ្លាស់ប្តូរយ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងភាពត្រជាក់។ ទោះបីជាសីតុណ្ហភាពធ្លាក់ចុះត្រជាក់ខ្លាំងក៏ដោយក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកត្រួសត្រាយផ្លូវដំបូងបានផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេជាជាងផ្លាស់ទៅកន្លែងផ្សេង រួមទាំងរបៀបដែលពួកគេសាងសង់ផ្ទះ និងប្រភេទឧបករណ៍ដែលពួកគេបានប្រើ។

៨. ពួកគេចេះធ្វើនំប៉័ង
អាហារដែលពួកគេបរិភោគកាលពី១៤៤០០ឆ្នាំមុន ប្រហែលជាមិនខុសពីអាហារសម័យទំនើបយើងនេះទេ។ នៅភាគខាងជើងប្រទេសហ្ស៊កដានី អ្នកបុរាណវិទូបានរកឃើញសំណល់នៃនំប៉័ងសំប៉ែតបុរាណនៅកន្លែងចម្អិនអាហារ។ វាគឺជារបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ការធ្វើនំប៉័ងគឺជាដំណើរការដែលមិនត្រឹមតែការធ្វើម្ហូបនោះទេ ប៉ុន្តែត្រូវប្រមូលផលធញ្ញជាតិ និងកិនវាឱ្យម៉ដ្តទៀតផង។ សម្រាប់ពេលនេះគ្មាននរណាម្នាក់ដឹងឱ្យប្រាកដថា ពួកគេធ្វើវាដោយរបៀបណា ឬរបៀបដែលពួកគេអាចធ្វើឱ្យម្សៅនោះម៉ដ្តល្អបែបនេះឡើយ។

៩. ពួកគេមានសត្វចិញ្ចឹម
កាលពីរាប់ពាន់ឆ្នាំមុននៅក្នុងប្រទេសអាឡឺម៉ង់សព្វថ្ងៃនេះ គេបានរកឃើញសពមនុស្សត្រូវបានគេកប់ជាមួយឆ្កែចិញ្ចឹមរបស់ពួកគេនៅពេលដែលពួកគេស្លាប់។ អ្នកបុរាណវិទូបាននិយាយថា ពួកគេថែមទាំងមើលថែកូនឆ្កែដែលឈឺរហូតដល់ជាសះស្បើយ។ អ្នកស្រាវជ្រាវ Liane Giemsch បានប្រាប់ National Geographic ថា សត្វឆ្កែទាំងនោះ ប្រហែលជាអាចរស់រានមានជីវិតបានដោយសារការយកចិត្តទុកដាក់ និងថែទាំពីម្ចាស់របស់វា។ ពួកគេមានក្តីស្រឡាញ់ចំពោះឆ្កែទាំងនោះជាយូរមកហើយ។

អត្ថបទដកស្រង់ចេញពី៖ https://www.history.com/news/stone-age-people-inventions-habits

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង