ប្រធានបទ “៧ចំណុច ដែលកូនក្មេងតូចៗ គួរតែមាននៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង”

ប្រធានបទ “៧ចំណុច ដែលកូនក្មេងតូចៗ គួរតែមាននៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “៧ចំណុច ដែលកូនក្មេងតូចៗ គួរតែមាននៅពេលពួកគេចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូង”
អត្ថបទដោយ : ជាង ប៊ុនលី
#MJQE#AmericanInterconSchool

ការមើលថែទាំ ចិញ្ចឹមបីបាច់ថែរក្សា ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ បរិស្ថានរស់នៅល្អ ផ្តល់ភាពកក់ក្តៅដល់កុមារតូចៗគឺសំខាន់ណាស់ដើម្បីជួយឱ្យកុមារលូតលាស់ធំធាត់បានល្អ។ ហើយជំហានបន្ទាប់ ការជ្រើសរើសសាលារៀន បរិស្ថានសិក្សា សម្រាប់ពួកគាត់គឺសំខាន់ដូចគ្នា ដើម្បីឱ្យកុមារទាំងអស់ក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពសម្រាប់សង្គមគ្រូសារ និងសង្គមជាតិនាពេលខាងមុខ។ ហើយក្នុងនោះដែរ ពេលដែលកុមារចូលសាលារៀនថ្ងៃដំបូង គាត់នឹងជួបបរិយាកាសថ្មី មនុស្សជុំវិញថ្មី និងត្រូវការជំនួយផ្សេងៗពីអ្នកជុំវិញពួកគាត់ ដើម្បីឱ្យការចាប់ផ្តើមចូលសាលារៀនថ្ងៃដំបូងដំណើរការល្អខ្ញុំសូមលើកយក៧ចំណុច ដែលម្តាយឪពុកគួរផ្តល់ឱ្យកូនតូចៗ មុនពេលចាប់ផ្តើមដាក់គាត់ចូលរៀន។

១. ផ្តល់កិច្ចការសាមញ្ញៗដល់កូន៖ ម្តាយឪពុកគួរផ្តល់កិច្ចការសាមញ្ញៗប្រចាំថ្ងៃដល់កូនតូចរបស់ខ្លួន ដូចជារៀបចំកន្លែងលេង ទុកដាក់របស់ប្រើប្រាស់ រៀបចំកន្លែងគេង (ពេលមុន និងក្រោយជាដើម)។ ការផ្តល់កិច្ចការនេះ នឹងជួយឱ្យកូនមានទម្លាប់ និងទំនួលខុសត្រូវផ្ទាល់ខ្លួនទាំងនៅផ្ទះ និងពេលទៅសាលារៀន។

២. បង្ហាញគោលបំណងស្នើសុំឱ្យបានច្បាស់លាស់៖ ខ្ញុំស្រេកទឹក ខ្ញុំឃ្លានបាយ ខ្ញុំចង់ទៅបន្ទប់ទឹក ជាឃ្លាសាមញ្ញៗច្បាស់ ដែលកូនអាចប្រើញឹកញាប់រាល់ថ្ងៃ ពិសេសពេលដែលពួកគេត្រូវការជំនួយពីមិត្តភក្តិ ឬលោកគ្រូ អ្នកគ្រូរបស់គេនៅសាលារៀន។ អ្នកស្រមៃមើលថា ថ្ងៃដំបូងតើគេនឹងស្រេកទឹក ឬមួយឃ្លានដែរឬអត់? ប្រាកដណាស់ ពួកគេត្រូវប្រើប្រាស់ឃ្លា ឬពាក្យពេចន៍ច្បាស់ត្រឹមត្រូវ ដើម្បីសួរនាំ និងស្នើសុំគ្រូ ឬនិយាយទៅកាន់មិត្តភក្តិរបស់គេ។

៣. បង្រៀនឱ្យកូនស្លៀកសម្លៀកបំពាក់ដោយខ្លួនឯង៖ ពេលដែលធ្វើបែបនេះ កូនរបស់អ្នកនឹងអាចស្លៀកសម្លៀកបំពាក់ដោយខ្លួនឯងបានជារៀងរាល់ព្រឹក។ ពួកគេនឹងមានគំនិតឯករាជ្យដោយខ្លួនឯងក្នុងការធ្វើកិច្ចការអ្វីមួយ ទាំងនៅផ្ទះ និងនៅសាលារៀន។

៤. ចែករំលែករបស់លេងជាមួយនឹងក្មេងដទៃ និងចេះយកវាមកវិញ៖ ពេលវេលាស្គាល់មិត្តភក្តិថ្មីនៅក្នុងសាលា កុមារនឹងចង់លេងច្រើនជាងរៀនសូត្រ។ ដូចនេះការចែករំលែករបស់លេងឱ្យគ្នាទៅវិញទៅមកជារឿងត្រឹមត្រូវមួយដែលម្តាយឪពុកគួរបង្ហាត់បង្រៀនកូន។ កុំមើលរំលងប្រការនេះ ប្រសិនបើកូនគ្មានសិល្បៈគ្រប់គ្រងខ្លួនឯង ពេលខ្លះពួកគេអាចឈ្លោះគ្នា ឬវាយគ្នាជាក់ជាពុំខាន។ ត្រូវបង្ហាញពីរបៀបផ្តល់របស់លេងទៅមិត្តភក្តិ និងចេះស្នើសុំរបស់នោះត្រឡប់មកវិញក្នុងហេតុផងត្រឹមត្រូវ។ ចំណុចនេះ អាចពិបាកបន្តិចសម្រាប់កូនតូចរបស់អ្នក។

៥. ទម្លាប់និទានរឿងខ្លីៗឱ្យកូនស្តាប់៖ តើអ្នកធ្លាប់និទានខ្លីៗឱ្យកូនរបស់អ្នកស្តាប់ឬទេ? ពិតណាស់កុមារនឹងកាត់បន្ថយសកម្មភាពលេងសើច ឬចរិតរឹងរូសមិនចង់រៀន ឱ្យកុមារចូលចិត្តរៀនសូត្រ ប្រសិនបើពួកគេបានស្តាប់រឿងនិទានពីនេះពីនោះដែលគ្រូបាននិទាន ឬអានឱ្យស្តាប់។ ស្តាប់រឿងនិទានខ្លីៗទាំងនោះ មានន័យថា ពួកគេនឹងអាចចាប់បានមេរៀនផ្សេងៗនៅសាលាបានយ៉ាងងាយ។

៦. ផ្តល់របស់របរលេងផ្សេងៗដល់កូន៖ ទន្ទឹមនឹងពេលវេលារៀន ពេលវេលាលេងជាសេចក្តីសុខបំផុតរបស់កុមារតូចៗ។ ម្តាយឪពុកគួរផ្គត់ផ្គង់របស់លេងផ្សេងៗដល់កូនដូចជា របស់លេងមានពណ៌ចម្រុះ ឬបំណែកផ្គុំនៃរូបរាងវត្ថុ សត្វ ធ្វើយ៉ាងណាឱ្យពួកគេលេងផង និងចេះច្នៃប្រឌិតរបស់លេងទាំងនោះផង។

៧. បង្រៀនកូនឱ្យស្គាល់លេខ ឬតួអក្សរខ្លះៗ៖ ភារកិច្ចក្នុងការអប់រំកូន មិនមែនលោកគ្រូ អ្នកគ្រូក្នុងសាលារៀនតែម្នាក់នោះទេ។ ម្តាយឪពុកជាគ្រូបង្រៀនសំខាន់ និងមានឥទ្ធិពលបំផុតលើឥរិយាបថរបស់កូន។ ម្តាយឪពុកត្រូវបង្រៀនកូនឱ្យស្គាល់តួអក្សរ ស្គាល់លេខ តាមរយៈសកម្មភាពអំណានជាមួយកូនដោយយកចិត្តទុកដាក់៕

ដកស្រង់ចេញពីគេហទំព័រ៖ https://ams.com.kh/education/7-points-start-school-the-first-day/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង