ប្រធានបទ “ឥរិយាបថរើសអើងប៉ះពាល់ចំណងមិត្តភាព និងសកម្មភាពរស់នៅវិជ្ជមាន”

ប្រធានបទ “ឥរិយាបថរើសអើងប៉ះពាល់ចំណងមិត្តភាព និងសកម្មភាពរស់នៅវិជ្ជមាន”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ឥរិយាបថរើសអើងប៉ះពាល់ចំណងមិត្តភាព និងសកម្មភាពរស់នៅវិជ្ជមាន”
អត្ថបទដោយ : ទ្រី ណូរី
#MJQE #American Intercon School

ឥរិយាបថរើសអើង ត្រូវបានកើតឡើងពីផ្នត់គំនិតរបស់មនុស្សម្នាក់ៗតាមរយៈការប្រកាន់ខ្ជាប់នូវការរើសអើងដោយផ្អែកលើកត្តាមុខមាត់ ភេទ អាយុ ពណ៌សម្បុរ ជាតិសាសន៍ សាសនា កាយសម្បទា ពិសេសគឺកត្តាជីវភាពគ្រួសារ ឬទ្រព្យសម្បត្តិ ជាដើម។ លើសពីនេះ ឥរិយាបថរើសអើងនៅក្នុងសង្គមអាចវិវត្តក្លាយជាវប្បធម៌នៃការរើសអើង ប្រសិនមិនបានយកចិត្តទុកដាក់លុបបំបាត់ទង្វើទាំងនោះចោលដូចជា ឥរិយាបថរើសអើងក្នុងគ្រួសារ ឥរិយាបថរើសអើងមិត្តភក្តិ និងឥរិយាបថរើសអើងនៅក្នុងសង្គម។

ឥរិយាបថរើសអើងក្នុងគ្រួសារ
ទង្វើនេះកើតឡើងដោយសារលោកឪពុក អ្នកម្តាយស្រឡាញ់កូនមិនបានស្មើគ្នា ផ្គត់ផ្គង់តម្រូវការដល់កូនៗមានភាពលម្អៀង ធ្វើឱ្យកូនៗមានចិត្តមិនល្អចំពោះគ្នា រីឯកូនមិនបានគិតពិចារណាឱ្យបានល្អិតល្អន់លើហេតុផលនានា។ ទន្ទឹមនឹងនេះ ប្រសិនបើលោកឪពុក អ្នកម្ដាយស្រឡាញ់យកចិត្តទុកដាក់លើកូនមិនស្មើគ្នា អាចធ្វើឱ្យកូន ឬកុមារយល់ថា លោកឪពុក អ្នកម្ដាយរបស់ខ្លួនមិនបានស្រឡាញ់ពួកគេដូចបង ឬប្អូនរបស់គេឡើយ។ ភាពសមញ្ញៗក្នុងគ្រួសារដែលនាំឱ្យមានភាពថ្នាំងថ្នាក់ចិត្តរវាងបងប្អូនបង្កើតដែលលោកឪពុក អ្នកម្តាយមិនបានយកចិត្តទុកដាក់ចំពោះកូនៗនោះមានជាច្រើនតាមរយៈសកម្មភាពប្រចាំថ្ងៃ សូម្បីតែការហៅគ្នាទៅវិញទៅមករវាងប្តីប្រពន្ធថា ប៉ាកូនឈ្មោះនេះ ឬម៉ាក់កូនឈ្មោះនោះ (ប្តី ឬប្រពន្ធហៅគ្នាទៅមកដោយដាក់ឈ្មោះប៉ាកូន “ក” ឬម៉ាក់កូន “ខ” ដែលតាមពិតគឺប៉ាម៉ាក់របស់កូនៗទាំងអស់គ្នាសោះ) ក៏ជាការបង្ហាញឱ្យឃើញនូវការរើសអើង និងបង្កឱ្យភាពលម្អៀងក្នុងរង្វង់សមាជិកកូនៗផងដែរ។ ទាំងនេះជាហេតុផលដែលលោកឪពុក អ្នកម្ដាយគួរគប្បីចៀសវាងបង្កើតឱ្យមានការរើសអើងក្នុងគ្រួសារ ព្រោះអាចធ្វើឱ្យបាត់បង់ទំនាក់ទំនងដ៏ល្អនៅក្នុងរង្វង់គ្រួសារបាន។

ឥរិយាបថរើសអើងមិត្តភក្តិ
នៅក្នុងរង្វង់មិត្តភាព ការរើសអើងអាចបណ្ដាលមកពីបញ្ហាការរាប់អានមិនស្មើភាពគ្នាដូចជា មិត្តភក្តិមួយចំនួនរាប់រកតែអ្នកមានជីវភាពធូរធារ ពុំចង់រាប់រកអ្នកដែលជួបការលំបាក។ ការប្រើពាក្យសម្ដីមិនសមរម្យ មើលងាយមិត្តភក្តិដែលជាអ្នកខ្វះខាតជាងខ្លួន ការមិនឱ្យតម្លៃ បានធ្វើឱ្យអ្នកទាំងនោះមានអារម្មណ៍អាក់អន់ចិត្តរហូតដល់មានការគុំកួន ឬសងសឹកនៅថ្ងៃណាមួយវិញជាមិនខាន។ ម៉្យាងវិញទៀត ការរើសអើងមាននៅក្នុងចំណងមិត្តភាព កំហឹងក្នុងចិត្តទោសៈ ការភាន់ច្រឡំ និងការមិនទទួលយកនូវការបកស្រាយ ឬការប្រកាន់ខឹងជាប់ក្នុងចិត្ត ឬរង់ចាំចាប់កំហុសជាដើម ត្រូវបានធ្វើឱ្យមិត្តភាពនោះកាត់ផ្ដាច់ និងពិបាកត្រលប់មករកភាពស្និទ្ធសាលវិញ។ ប៉ុន្តែ បើយើងចេះសម្លឹងមើលទៅលើចំណុចវិជ្ជមានរបស់បុគ្គលដែលមានកន្លងមក ច្រើនជាងចំណុចអវិជ្ជមាន នោះភាពតានតឹងនឹងរសាយ ហើយចំណងមិត្តភាពនឹងអាចផ្សះផ្សាបានឡើងវិញ។

ឥរិយាបថរើសអើងក្នុងសង្គម
មនុស្សមួយចំនួនចូលចិត្តវាយឫក ប្រើសម្តីក្រអឺតក្រទម ហើយតាំងខ្លួនជាមនុស្សថ្លៃថ្នូរ មិនរាប់អានជាមួយអ្នកដែលស្ថិតនៅក្រោមបង្គាប់ ឬអ្នកមានទស្សនៈមិនស្របខ្លួន។ លើសពីនេះ មនុស្សមួយចំនួនទៀតប្រកាន់ពូជសាសន៍ ឬពណ៌សម្បូរ ឬទ្រព្យសម្បត្តិ ការផ្លាស់ប្តូរតួនាទី និងភារកិច្ច ដោយយល់ថាអ្នកដទៃមិនល្អដូច ឬមិនដល់ខ្លួន។ អ្នកត្រូវគិតថា មនុស្សទាំងអស់មានតម្លៃ និងចំណុចល្អរៀងៗខ្លួន។ ម៉្យាងវិញទៀត សព្វថ្ងៃសហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់លើបញ្ហាជីវភាពរបស់មនុស្សដូចជា ជំនួយមនុស្សធម៌ ការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ឬសិទ្ធិអ្នកដទៃ។ ហេតុនេះ ការរើសអើងចំពោះជាតិសាសន៍ដទៃទៀត អាចកើតឡើងនៅពេលមានគំនិតផ្ទុយនឹងដំណើរការដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់។

គួររំឭកថា ផ្អែកតាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ កម្ពុជាបានចូលជាសមាជិកអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទម្រង់នៃការើសអើងពូជសាសន៍នៅឆ្នាំ១៩៨៣។ ការចូលជាសមាជិកនេះ កម្ពុជាបានប្តេជ្ញាខ្លួនធានាការលប់បំបាត់ការរើសអើងពូជសាសន៍តាមគ្រប់ទម្រង់ទាំងអស់ពីកម្ពុជា៕

ដកស្រង់ចេញពី : www.ams.com.kh

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង