ប្រធានបទ “អ្វីទៅជាសេវាកម្មល្អសម្រាប់អតិថិជន?”

ប្រធានបទ “អ្វីទៅជាសេវាកម្មល្អសម្រាប់អតិថិជន?”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “អ្វីទៅជាសេវាកម្មល្អសម្រាប់អតិថិជន?”
អត្ថបទដោយ : ជា ផល្លា
#MJQE #AmericanInterconSchool

សេវាកម្មបម្រើអតិថិជន គឺជាការយកចិត្តទុកដាក់ពីតម្រូវការរបស់អតិថិជនដោយការផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ គុណភាព និងធ្វើជាជំនួយឱ្យអតិថិជនទាំងមុនពេល កំឡុងពេល និងក្រោយពេលដែលគេទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់យើង។ សេវាកម្មបម្រើអតិថិជនដែលពិតប្រាកដ គឺមានលក្ខណៈដូចខាងក្រោមនេះ៖

នៅពីមុខផលិតផល
ផលិតផលគេអាចរកបាននៅគ្រប់ទីកន្លែង ប៉ុន្តែសេវាកម្មល្អ គឺមិនប្រាកដថាអាចជួប និងងាយបានជួបឡើយ។ ដោយសារតែនៅក្នុងប្រទេសយើង ជាប្រទេសដែលបើកទូលាយដល់ការធ្វើអាជីវកម្ម ដែលមានការប្រកួតប្រជែង និងផ្តល់សិទ្ធិសេរីភាពដល់អតិថិជនពេញលេញក្នុងការសម្រេចចិត្តជ្រើសរើសយកអ្វីដែលគេពេញចិត្ត ហេតុនេះការរក្សាទុកអតិថិជនគឺជារឿង ដែលសំខាន់ណាស់ក្នុងការសម្រេចបានជោគជ័យចំពោះយើង។ ភាពពេញចិត្តចំពោះផលិតផលអាចថា មិនយូរអង្វែងទេ ព្រោះកាលណាបើគេរកបានផលិតផលដែលល្អជាងគេនឹងទៅប្រើផលិតផលនោះ។ ផ្ទុយមកវិញ បើគេពេញចិត្តសេវាកម្មរបស់អ្នក គេនឹងមិនងាយដូរទៅប្រើអ្វីផ្សេងឡើយ។

ការរក្សាទុក
ដូចដែលបានដឹងហើយថា អតិថិជនមានជម្រើស ហេតុនេះបើអ្នកមិនមានហេតុផលឱ្យគេបាននោះ ដៃគូប្រកួតប្រជែងរបស់អ្នកច្បាស់ជាអាចរកហេតុផលឱ្យគេចាកចេញ។ ដើម្បីអាចរក្សាពួកគេទុកបាន អ្នកត្រូវបង្កើនភាពពេញចិត្តឱ្យពួកគេពង្រឹងគុណភាព និងសេវាកម្មរបស់ស្ថាប័នរបស់អ្នក។ អតិថិជន គឺជាជំនួយដល់ការធ្វើផែនការ ការពង្រឹងគុណភាព ការបង្កើនប្រាក់ចំណេញ ការរីកចម្រើន និងកិត្តិនាមនៃក្រុមហ៊ុនរបស់អ្នក។

ភាពអត់ធ្មត់
ភាពអត់ធ្មត់ ជាប្រការដែលចាំបាច់ណាស់ក្នុងការធ្វើជាអ្នកទទួលខុសត្រូវលើសេវាកម្មបម្រើអតិថិជន។ អ្នកដឹងស្រាប់ហើយថា ការងារប្រភេទនេះជាការងារដែលមានភាពស្មុគស្មាញច្រើន និងបញ្ហាប្រឈមច្រើន។ ជាពិសេសនៅពេលដែលអ្នកត្រូវដោះស្រាយជាមួយអតិថិជន ដែលមានការភាន់ច្រឡំ មានកំហឹង ឬចង់កេងចំណេញជាដើម។ ភាពអត់ធ្មត់ គឺត្រូវមានយ៉ាងដាច់ខាតព្រោះថា បើមិនទាន់អាចរកបានដំណោះស្រាយណាមួយសមរម្យទេគេ ក៏អាចធ្វើឱ្យអតិថិជនបានធូរស្រាលខ្លះដែរ និងអនុវត្តវិធីសាស្ត្រដ៏ដែលក៏បានឱ្យតែមានប្រសិទ្ធភាព។

ទំនាក់ទំនងច្បាស់លាស់
ការប្រាស្រ័យទាក់ទង គឺមិនអាចខ្វះបានឡើយមិនថាដោយផ្ទាល់ ឬដោយប្រយោលទេ។ ទំនាក់ទំនងដែលមានភាពច្បាស់លាស់ទៀតនោះ គឺកាន់តែចាំបាច់ដើម្បីបង្ការការយល់ឃើញខុស និងផលវិបាកដែលគេខិតខំចៀសវាង។ ជាពិសេសចំពោះចំណុចសំខាន់ដូចជា តម្លៃ រយៈពេលប្រើ ឬគុណភាពជាដើម។ អ្នកត្រូវប្រាប់គេឱ្យបានច្បាស់ ងាយយល់ ងាយចាំ ខ្លី និងឱ្យអស់មន្ទិលសង្ស័យ។

ភាសាវិជ្ជមាន
ក្នុងនាមជាអ្នកបម្រើសេវាអតិថិជនម្នាក់ អ្នកត្រូវចៀសឱ្យបានដាច់ខាតការប្រើពាក្យពេចន៍មិនសមរម្យ ជេរប្រទេច លេបខាយ គំរោះគំរើយ រិះគន់ និងនិយាយដើមគេ។ ផ្ទុយមកវិញអ្នកត្រូវចេះប្រើពាក្យដែលពីរោះពិសា ផ្អែមល្ហែម គួរសម រាក់ទាក់ដោយអមជាមួយទឹកមុខញញឹម កាយវិការ និងការលើកដាក់សំឡេងបានល្អ។

ចេះគ្រប់គ្រងពេលវេលា
អ្នកដែលចេះប្រើប្រាស់ និងគោរពពេលវេលា គឺត្រូវបានគេឱ្យតម្លៃណាស់។ ឧទាហរណ៍ថា អ្នកមានណាត់ជាមួយអតិថិជន អ្នកមិនត្រូវឱ្យគេមកអង្គុយចាំអ្នកឡើយ។ យ៉ាងណាមិញ អ្នកត្រូវមានផែនការពេលវេលាដែលមានភាពវ័យឆ្លាត ដាក់គោលដៅច្បាស់លាស់ កាត់បន្ថយកត្តារំខាន មិនពន្យារពេល ចេះបែងចែកទំនួលខុសត្រូវ ព្រមទាំងបញ្ជូនអតិថិជនទៅឱ្យនរណាម្នាក់ ដែលអាចដោះស្រាយបញ្ហាឱ្យគេបាន និងមិនបណ្តោយឱ្យគេចាំយូរ។

សរុបមក ទាំងនេះជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយអ្នកឱ្យយល់កាន់តែច្បាស់ពីសេវាកម្មអតិថិជននិងរបៀបក្នុងការផ្តល់សេវានេះដល់អតិថិជនផងដែរ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង