ប្រធានបទ “អត្ថប្រយោជន៍៥យ៉ាងនៃការហាត់ប្រាណក្នុងអំឡុងពេលកូវីដ-១៩”

ប្រធានបទ “អត្ថប្រយោជន៍៥យ៉ាងនៃការហាត់ប្រាណក្នុងអំឡុងពេលកូវីដ-១៩”

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍៥យ៉ាងនៃការហាត់ប្រាណក្នុងអំឡុងពេលកូវីដ-១៩”
អត្ថបទដោយ : សែម ពេជ្រ
#MJQE#AmericanInterconSchool

ការហាត់ប្រាណ គឺល្អសម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ព្រោះវាជួយដល់ការដុតកាឡូរី សម្រួលចលនាបេះដូង និងឈាម ហើយធ្វើឱ្យយើងមានកម្លាំងមាំមួន រួមជាមួយមុខងារចងចាំរបស់យើងមានការចងចាំបានល្អ។ សម្រាប់សម័យកាលកូវីដ-១៩ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យធ្វើការហាត់ប្រាណជុំគ្នាទេ ប៉ុន្តែយើង ទាំងអស់គ្នាមិនអាចបណ្តែតបណ្តោយតាមពេលវេលាសម័យកូវីដ-១៩ នេះបានទេ។ ដូចនេះ យើងត្រូវការហាត់ប្រាណជាប្រចាំដើម្បីឱ្យរាងកាយមានសុខភាពល្អ ហើយការហាត់ប្រាណមានជម្រើសច្រើនប្រភេទអាស្រ័យទៅលើពេលវេលា និងចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ។ អ្នកខ្លះចូលចិត្តរត់ ជិះកង់ ហែលទឹក យ៉ូហ្គា និង GYM ។ល៕ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អចំពោះសុខភាព យើងម្នាក់ៗត្រូវតែជម្នះឧបសគ្គ ហើយព្យាយាមហាត់ប្រាណដោយខ្ឡួនឯង ទើបធ្វើឱ្យរាងកាយយើងមាំមួនមានសុខភាពល្អ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍៥យ៉ាងនៃការហាត់ប្រាណ៖

១. ជំនួយការចងចាំរបស់ខួរក្បាល
ការហាត់ប្រាណពេលព្រឹកសំខាន់បំផុតជួយសម្រួលខួរក្បាល និងរាងកាយពេញមួយថ្ងៃ។ យើងដឹងហើយថា ការហាត់ប្រាណជួយដល់ខួរក្បាល បង្កើនការផ្ដោតអារម្មណ៍ក្នុងការគិតរហ័ស និងបានល្អ ហើយវាមានរយៈពេលរហូតដល់១០ម៉ោង ក្រោយការហាត់ប្រាណ។ ហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន ប្រសិនបើយើងហាត់ប្រាណទៀងទាត់ធ្វើឱ្យសាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើន។ វាអាចជួយឱ្យរាងកាយបង្កើនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ព្រមទាំងធ្វើឱ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់។

២. បង្កើនថាមពល
ការហាត់ប្រាណពេលព្រឹក ជួយបញ្ចេញអ័រម៉ូន Endorphins ដែលជួយឱ្យអារម្មណ៍ល្អ និងបង្កើនថាមពល ហើយវាស្ថិតនៅក្នុងខ្លួនរហូតដល់ពេលរសៀល។ ជាងនេះទៅទៀត ការហាត់ប្រាណពេលព្រឹក ជួយឱ្យគេងលក់ស្រួល ជាងការហាត់ប្រាណនៅពេលល្ងាច។

៣. ជួយដល់សរសៃឈាមបេះដូង
ការហាត់ប្រាណពេលព្រឹក ពិតជាអាចជួយធ្វើឱ្យបេះដូងរបស់យើងល្អជាងមុន។ ការហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយហានិភ័យបញ្ហាបេះដូង កំណើនកម្រិតខ្លាញ់កូលេស្ដេរ៉ុលក្នុងឈាម និងជួយការពារករណីឡើងសម្ពាធឈាម។

៤. រក្សាគីឡូ
ចំណុចនេះគ្រប់គ្នាដឹងច្បាស់ ប៉ុន្តែគ្រាន់តែមិនដឹងដោយសារប្រតិកម្មអ្វីប៉ុណ្ណោះ។ ហាត់ប្រាណ ឬធ្វើសកម្មភាពកាន់តែខ្លាំង កាឡូរីកាន់តែត្រូវដុតបំផ្លាញ។ ប្រសិនបើយើងមិនបានហាត់ប្រាណក៏ដោយ ត្រូវចាប់ផ្តើមបង្កើនសកម្មភាពធម្មតាៗប្រចាំថ្ងៃក៏មានប្រសិទ្ធភាពដែរ។ អាចប្រើជណ្តើរជើងជំនួសជណ្តើរយន្ត រៀបចំផ្ទះ ធ្វើអ្វីក៏ដោយឱ្យតែបញ្ចេញកម្លាំងសុទ្ធតែល្អទាំងអស់។

 

៥. ហាត់ប្រាណធ្វើឱ្យអាយុវែង
ការហាត់ប្រាណទៀងទាត់អាចជួយឱ្យអាយុវែង ទោះជាមិនហាត់ខ្លាំងក៏ដោយ ក៏អាចរស់នៅបានយូរ ដោយគ្រាន់តែធ្វើចលនាស្រាលៗក៏បាន ទោះតិច ឬច្រើនសុទ្ធតែអាចជួយបាន បើធៀបជាមួយអ្នកដែលមិនហាត់សោះ។
ត្រូវចាំថា គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ មុនចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ ពិសេសសម្រាប់គ្នាយើងខានហាត់ប្រាណយូរ។ ប្រសិនបើមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជាបញ្ហាបេះដូង ទឹកនោមផ្អែម ឬរលាកសន្លាក់ គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង