ប្រធានបទ “អត្ថប្រយោជន៍នៃការញុំាផ្លែម្ទេសហឹរ!”

ប្រធានបទ “អត្ថប្រយោជន៍នៃការញុំាផ្លែម្ទេសហឹរ!”

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការញុំាផ្លែម្ទេសហឹរ!”
អត្ថបទដោយ : សោម សំរឹទ្ធ
#MJQE#AmericanInterconSchool

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេស ហឹរហឹរ! នៅក្នុងអត្ថបទនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសហឹរដោយអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ជាការពិត រសជាតិហឹរពីម្ទេសមិនត្រឹមតែធ្វើឱ្យអាហារឆ្ញាញ់ និងមិនទ្រលាន់នោះឡើយ តែសារធាតុ Capsaicin ដែលមានក្នុងផ្លែម្ទេសក៏នាំមកជាមួយនូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ផងដែរ ដោយរួមទាំងការកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន ជំនួយដល់ដំណើរការនៃសរីរាង្គរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងធ្វើឱ្យអាយុវែងទៀតផង។ ខាងក្រោមនេះ គឺជាការបកស្រាយអំពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ម្ទេស ដែលអាចនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល៖

ជំងឺបេះដូង :
ជាក់ស្តែង ជំងឺបេះដូងនៅតែជាមូលហេតុឈានមុខគេនៃការស្លាប់របស់មនុស្សទាំងបុរស និងស្រ្តីនៅក្នុងប្រទេសអាមេរិក។ បរិមាណដ៏ច្រើននៃ Capsaicin នៅក្នុងផ្លែម្ទេសអាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូង ដោយផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សជាច្រើន។ បើយោងតាមការស្រាវ ជ្រាវបានបង្ហាញថា សារធាតុ Capsaicin អាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។

ជំងឺរលាកពោះវៀន :
ជំងឺរលាកពោះវៀន ជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សាមួយដែលបានចុះផ្សាយឆ្នាំ២០១៤ លើគេហទំព័រទស្សនាវដ្តី Neurogastroenterology និង Motility បានរកឃើញថា ការបរិភោគអាហាររសជាតិហឹរអាចមានប្រសិទ្ធភាពព្យាបាលចំពោះអ្នកដែលមានជំងឺរលាកពោះវៀនក្នុងរយៈពេល៦សប្តាហ៍។ លើសពីនេះទៀត វាក៏អាចជួយកាត់បន្ថយការដុតក្បាលពោះក្រោយពេលសម្រាល ដោយគ្រាន់តែបរិភោគ៣ដងក្នុងមួយថ្ងៃប៉ុណ្ណោះ។

ប្រឆាំងជំងឺមហារីក :
ការសិក្សាធំមួយនៅឆ្នាំ២០០៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Journal Cancer បានបង្ហាញថា ការបរិភោគសារធាតុ Capsaicin អាចជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីករបស់ក្រពេញប្រូស្តាត។ អាហារហឹរក៏ត្រូវបានគេដឹងថា វាអាចជួយបង្កើនប្រព័ន្ធភាពសុំារបស់រាងកាយ និងកាត់បន្ថយការឈឺចាប់ដែលប្រឆាំងនឹងការរលាក ការពុលដោយសារធូលី ឬផ្សែងផងដែរ។ កាន់តែពិសេសទៀតនោះ វាអាចកាត់បន្ថយហានិភ័យបណ្តាល ឱ្យកើតជំងឺមហារីកក្នុងកម្រិតគួរឱ្យកត់សម្គាល់មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារហឹរបានតិចតួច។

ជួយដល់ប្រព័ន្ធរំលាយអាហារ :
ពិតណាស់មនុស្សមួយចំនួនប្រហែលជាគិតថា ការទទួលទានផ្លែម្ទេសនឹងធ្វើឱ្យកើតមានជំងឺដំបៅក្រពះ។ យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan បានឱ្យដឹងថាការបរិភោគ Capsaicin ដែលមានក្នុងផ្លែម្ទេសអាចជួយការពារអ្នកមិនឱ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់ ពិសេសជួយបង្កើនការរំលាយអាហារកាន់តែប្រសើរ ព្រមទាំងអាចសម្លាប់បាក់តេរីដែលលោកអ្នកមិនបានបញ្ចេញចោលអស់យ៉ាងមានប្រសិទ្ធភាពទៀតផង។

ជួយសម្រកទម្ងន់ :
ដោយសារម្ទេសមានផ្ទុកនូវសារធាតុ Capsaicin ដែលជំរុញការធ្វើមេតាបូលីសនៅក្នុងខ្លួន ពិសេសអាចធ្វើឱ្យកាត់បន្ថយចំណង់អាហារ និងជួយដុតកាល់ឡូរីបានយ៉ាងមានប្រសិទ្ធភាព ទើបធ្វើឱ្យវាមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់។ ជាក់ស្តែង ការសិក្សាឆ្នាំ២០០៥ នៅក្នុងទស្សនាវដ្តី International Journal of Obesity បានបង្ហាញថា ការទទួលទានម្ទេសអាចជួយទប់ស្កាត់ការឡើងទម្ងន់ និងដុតកាល់ឡូរីចេញពីរាងកាយ ។

ជួយឱ្យអាយុវែង :
យោងតាមការសិក្សានៅសាកលវិទ្យាល័យ Harvard បានបង្ហាញថា ការទទួលទានអាហារហឹរជារៀងរាល់ថ្ងៃ ឬញឹកញាប់នោះ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១៤ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវទទួលទានអាហារហឹរ (តែម្តងក្នុងមួយសប្តាហ៍ ឬតិចជាងនេះ)។ លើសពីនេះការសិក្សាទៅលើបុរស និង ស្ត្រីជាង៤ម៉ឺននាក់នៅក្នុងប្រទេសចិនដែលបានទទួលទានអាហារហឹរ៦ ទៅ៧ដងក្នុងមួយសប្តាហ៍ បានបង្ហាញថាអាចជួយឱ្យពួកគេរស់រានបានយូរជាងអ្នកមិនបរិភោគផងដែរ។

បើទោះបីជាម្ទេសមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ ក៏ផ្លែម្ទេសនៅតែអាចបង្កឱ្យមានផលប៉ះពាល់ផងដែរប្រសិនបើបរិភោគក្នុងកម្រិតច្រើនលើសលប់។ ដូចនេះអ្នកគួរតែមានភាពឆ្លាតវៃក្នុងការរក្សាតុល្យភាពនៃអាហារដែលអ្នកបរិភោគឱ្យស្ថិតក្នុងកម្រិតសមស្របជានិច្ចទើបជាការប្រសើរ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.healthtime.tips/en/library/article/1942

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង