ប្រធានបទ “អត្ថប្រយោជន៍នៃការចូលរួមការងារសហគមន៍”

ប្រធានបទ “អត្ថប្រយោជន៍នៃការចូលរួមការងារសហគមន៍”

អត្ថបទព័ត៌មានស្តីពីសហគមន៍
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការចូលរួមការងារសហគមន៍”
អត្ថបទដោយ : សោម ចាន់ណា
#MJQE#AmericanInterconSchool

ការចូលរួមការងារសហគមន៍ គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីជួយផ្តល់ផលប្រយោជន៍ ដល់សាធារណៈជន ឬសហគមន៍របស់យើង។ វាមិនត្រឹមតែមានឥទ្ធិពលវិជ្ជមានដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែវានឹងនាំមកនូវអត្ថប្រយោជន៍ដល់ជីវិតយើង និងការអភិវឌ្ឍរបស់ខ្លួនយើងផ្ទាល់ផងដែរ។ ដោយ មើលឃើញអត្ថប្រយោជន៍ជាច្រើនបែបនេះហើយ ទើបសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់ និងរៀបចំការងារសហគមន៍ជាច្រើនសម្រាប់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ដើម្បីផ្តល់ឱកាសឱ្យប្អូនៗបានឈ្វេងយល់ និងចូលរួមជាមួយពួកយើង និងទុកជាទុនដ៏សំខាន់ក្នុងការចូលរួម អភិវឌ្ឍន៍ទាំងបញ្ញា សា្មរតី និងបំណិនជីវិតសម្រាប់ខ្លួនឯង សហគមន៍ និងសង្គមជាតិរបស់យើងទាំងមូល។

ហេតុអ្វីបានជាការចូលរួមការងារសហគមន៍មានសារៈសំខាន់? ប្រសិនបើយើងធ្លាប់សួរខ្លួនឯងនូវសំណួរនេះ នោះយើងនឹងដឹងពីមូលហេតុមួយចំនួនដែលអាចឱ្យយើងចូលរួមការងារសហគមន៍បាន។

១. ការងារសហគមន៍ជួយភ្ជាប់យើងទៅនឹងសហគមន៍៖
ការផ្តល់មកវិញ និងជួយអ្នកដទៃគឺជាមូលដ្ឋាននៃការងារសហគមន៍ ឬការងារស្ម័គ្រចិត្ត។ ដូច្នេះ
វាបង្រៀនយើងថា វាសំខាន់ប៉ុណ្ណាក្នុងការជួយអ្នកដែលខ្វះខាត ឬអ្នកដែលមានសំណាងតិចជាងយើង ហើយមិនមានឱកាសដូចយើង។ សារៈសំខាន់នៃការងារសហគមន៍ គឺបានផ្សារភ្ជាប់យើងទៅនឹង សហគមន៍ដោយធ្វើឱ្យយើងមានឱកាសចែករំលែកទាំងចំណេះដឹង និងធនធានរបស់យើង ហើយធ្វើឱ្យ យើងក្លាយជាមនុស្សសំខាន់បំផុតសម្រាប់អ្នកទាំងអស់គ្នាដែលរស់នៅក្នុងសហគមន៍របស់យើង។

២. ផ្តល់អត្ថប្រយោជន៍ដល់ទស្សនវិស័យអាជីពរបស់យើង៖
នៅពេលដែលយើងកំពុងគិតអំពីការផ្លាស់ប្តូរ ឬឈានទៅមុខក្នុងអាជីពការងារ នោះការងារសហគមន៍ ជួយយើងឱ្យទទួលបាននូវបទពិសោធន៍ និងជំនាញដែលត្រូវការសម្រាប់អាជីពដែលយើងកំពុង ពិចារណា។ អត្ថប្រយោជន៍ការងារសហគមន៍មួយទៀត គឺវាបានផ្តល់ឱ្យយើងនូវជំនាញសំខាន់ៗនៅ កន្លែងធ្វើការដូចជា ជំនាញទំនាក់ទំនង ការរៀបចំធ្វើការងារជាក្រុម ការធ្វើផែនការ ការដោះស្រាយ បញ្ហា ការទទួលខុសត្រូវ និងការគ្រប់គ្រងភារកិច្ចជាដើម។ លើសពីនេះទៅទៀត វាជាកន្លែងដំបូង ដែលយើងអាចសាកល្បងពីចំណង់ចំណូលចិត្តតាមរយៈការងារស្ម័គ្រចិត្ត មុននឹងយើងឈានទៅរកការ ចាប់យកអាជីពរបស់យើងក្នុងរយៈពេលដ៏យូរអង្វែងទៀតផង។

៣. ការងារសហគមន៍បង្កើនការយល់ដឹងពីសង្គម៖
ការងារស្ម័គ្រចិត្ត ឬការងារសហគមន៍ បានផ្តល់ឱ្យយើងនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីខិតទៅជិត សហគមន៍ដែលយើងកំពុងរស់នៅ។ ការងារសហគមន៍បានពង្រីកវិសាលភាពរបស់យើងឱ្យយល់ពី តម្រូវការរបស់សង្គម និងប្រជាជនដែលយើងកំពុងព្យាយាមជួយពួកគេតាមរយៈគម្រោងដែលយើង ស្ម័គ្រចិត្ត។ យើងបានអានឯកសារ បានទស្សនាវីដេអូ គឺមិនដូចនូវអ្វីដែលយើងបានចូលរួមផ្ទាល់ ជួបមនុស្សផ្ទាល់ បានឃើញផ្ទាល់ បានដឹងបញ្ហា និងដោះស្រាយបញ្ហាផ្ទាល់នោះទេ។ វានាំយើងកាន់តែ ខិតទៅជិតគ្រួសារ ឬបុគ្គលដែលត្រូវការជំនួយ ហើយវាបានផ្តល់ឱ្យយើងនូវបទពិសោធន៍ផ្ទាល់ និងការ យល់ដឹងអំពីលក្ខខណ្ឌដែលពួកគេមាន និងត្រូវការ។

៤. ការងារសហគមន៍បង្កើតទំនាក់ទំនង និងមិត្តភាព៖
វិធីងាយស្រួលបំផុតដើម្បីបង្កើតមិត្ត គឺតាមរយៈសកម្មភាពដែលយើងបានធ្វើជាមួយគ្នា។ យើងមិនត្រឹម តែអាចជួយអ្នកដែលខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចជួបអ្នកស្ម័គ្រចិត្តផ្សេងទៀតផងដែរ។ ការងារ សហគមន៍នេះមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសប្រសិនបើយើងជាអ្នកចំណូលថ្មី។ យ៉ាងណា មិញ តើមានវិធីល្អជាងនេះទេដើម្បីជួបអ្នកជិតខាងរបស់យើង ហើយបង្ហាញពួកគេថា យើងចង់ខ្នះខ្នែង ដើម្បីធ្វើឱ្យសហគមន៍របស់យើងកាន់តែរីកចម្រើនឡើងទេ?

លើសពីនេះយើងក៏អាចអញ្ជើញមិត្តភក្តិរបស់យើងឱ្យមកធ្វើការងារសហគមន៍ជាមួយយើង ហើយតាម រយៈការងារសហគមន៍នេះវាបានពង្រឹងទំនាក់ទំនងរបស់យើង និងធ្វើឱ្យពួកយើង និងមិត្តភក្តិរីករាយ ជាមួយគ្នាបង្កើតបានជាចំណងមិត្តភាពដ៏ស្អិតរមួត។


៥. ការងារសហគមន៍ជួយកែលម្អជំនាញរបស់យើង៖
នៅពេលខ្លះយើងមានបញ្ហាក្នុងការជួបមនុស្ស និងបង្កើតមិត្តភាពជាមួយអ្នកនៅជុំវិញខ្លួនយើង។ ប៉ុន្តែ ការងារស្ម័គ្រចិត្តអាចជួយឱ្យបុគ្គលដែលអៀន មិនហ៊ានប្រឈមចំពោះបញ្ហា អាចដោះស្រាយបាន ព្រោះវាបានផ្តល់នូវឱកាសឱ្យយើងជួបគ្នា និងធ្វើការជាមួយមនុស្សផ្សេងៗគ្នានៅជុំវិញយើងជាច្រើន។ ដូច្នេះ វាគឺជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ការកែលំអ និងការអនុវត្តរបៀបទំនាក់ទំនងក្នុងមជ្ឈដ្ឋាន ផ្សេងៗគ្នារបស់យើងឱ្យកាន់តែល្អប្រសើរ។ ម៉្យាងវិញទៀត សិស្ស និស្សិតត្រូវបានណែនាំឱ្យធ្វើការងារ សហគមន៍ដើម្បីទទួលបានចំណេះដឹង និងជំនាញទាក់ទងនឹងការសិក្សា ឬការងារដែលជាទិដៅរបស់ យើងនៅពេលខាងមុខ។ ក្នុងពេលជាមួយគ្នានេះដែរ វាក៏បានបង្កើនឱកាសឱ្យពួកយើងក្នុងការទទួល បានការងារល្អៗធ្វើផងដែរ។

ដូចច្នេះដើម្បីឱ្យពួកយើងក្លាយខ្លួនជាពលរដ្ឋពេញលេញ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍ និង សង្គមជាតិរបស់យើងឱ្យមានភាពរីកចម្រើន ចូរពួកយើងចូលរួមការងារសហគមន៍ទាំងអស់គ្នា។

អត្ថបទដកស្រង់ចេញពី៖ https://www.habitatbroward.org

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង