ប្រធានបទ “ អត្ថប្រយោជន៍ដ៏ប្រសើរ១០យ៉ាងរបស់ប្រទាលកន្ទុយក្រពើ”

ប្រធានបទ “ អត្ថប្រយោជន៍ដ៏ប្រសើរ១០យ៉ាងរបស់ប្រទាលកន្ទុយក្រពើ”

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “ អត្ថប្រយោជន៍ដ៏ប្រសើរ១០យ៉ាងរបស់ប្រទាលកន្ទុយក្រពើ”
អត្ថបទដោយ : ហុកសេង ប៊ុនឈឿន
#MJQE #AmericanInterconSchool

ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ប្រទាលកន្ទុយក្រពើ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពី អត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាព និងសម្រស់ឡើយ។ តើប្រទាលកន្ទុយក្រពើអាចផ្ដល់ផលល្អៗយ៉ាងណាខ្លះ? ខាងក្រោមនេះលោកអ្នកនឹងយល់ដឹងបន្ថែមពីប្រយោជន៍ដ៏ប្រសើររបស់វា៖

១. លក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងអុកស៊ីតកម្ម
រាងកាយត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់ការឆ្លងមេរោគ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ លក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនៃប្រទាលកន្ទុយក្រពើធ្វើឱ្យវាក្លាយជាឱសថធម្មជាតិព្យាបាលជំងឺផ្ដាសាយ គ្រុនក្ដៅ និងក្អក។

២. បំបាត់ស្នាមសង្វារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើលើស្នាមសង្វារ និងទុកចោលសម្រាប់រយៈពេលពី១០ ទៅ១៥នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ ទោះជាយ៉ាងណារូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយប្រទាលកន្ទុយក្រពើឡើយ។

៣. សុខភាពថ្លើម
ប្រទាលកន្ទុយក្រពើមានផ្ទុកសម្បូរទៅដោយសារធាតុ Phytonutrients សារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងជាតិទឹកដែលចាំបាច់សម្រាប់សុខភាពថ្លើម ក៏ដូចជារាងកាយទាំងមូល។ ថ្លើមដែលមានសុខភាពល្អអាចបន្សាបជាតិពុលពីរាងកាយបានយ៉ាងប្រសើរជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងៗគួរឱ្យកត់សម្គាល់។

៤. ព្យាបាលបញ្ហាច្រាលទឹកអាស៊ីតក្រពះ
ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះ ដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ១០០ភាគរយ។

៥. កាត់បន្ថយកំណកកំបោរជាប់ធ្មេញ
តើអ្នកធ្លាប់ដឹងទេថាទឹកប្រទាលកន្ទុយក្រពើអាចប្រើប្រាស់ដើម្បីកម្ចាត់កំណកកំបោរជាប់ធ្មេញបាន? អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្កើតទឹកខ្ពុរមាត់ផ្សំចេញពីប្រទាលកន្ទុយក្រពើ។ លើសពីនេះទៅទៀតគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់យ៉ាងហោចណាស់៣ដងក្នុងមួយថ្ងៃ ក៏អាចព្យាបាលអាការៈឈាមអញ្ចាញផងដែរ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។

៦. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងឈាម
ទឹកប្រទាលកន្ទុយក្រពើស្រស់ជាប្រភពដ៏ប្រសើរនៃជាតិសសៃ B-sitosterol មានប្រសិទ្ធភាពកម្ចាត់ជាតិកូឡេស្តេរ៉ូលមិនល្អ រួមទាំងជាតិខ្លាញ់ទ្រីគ្លីសេរីទប់ស្កាត់បញ្ហាសសៃឈាម។

៧. ព្យាបាលការរលាកភ្លើងកម្រិតស្រាល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើលើកន្លែងរលាកជាការស្រេច។

៨. ព្យាបាលមុន
លាយសាច់ ឬជែលប្រទាលកន្ទុយក្រពើចំនួន១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ចំនួនពី២ ទៅ៣ដំណក់។ កូរឱ្យសព្វ សឹមលាបទឹកល្បាយលើមុន ឬតំបន់ស្បែកដែលទទួលរងផលប៉ះ ពាល់ ទុកចោលរហូតដល់ស្បែកស្រូបយកជាតិល្បាយ។ ហើយដើម្បីកម្ចាត់មុនក្បាលខ្មៅអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុនក្បាលខ្មៅ និងទុកចោលសម្រាប់រយៈពេលប្រហែល១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តរាល់ថ្ងៃជាប្រចាំដើម្បីទទួលបានស្បែកស្រស់ថ្លារលោងស្អាត។

៩. បំបាត់ស្នាមអុជខ្មៅ
ចំពោះផ្ទៃមុខ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី១០ ទៅ១៥នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើមកលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី២ ទៅ៣ សប្តាហ៍។ ចំពោះស្បែកត្រង់ដៃជើង ឬខ្លួន អ្នកអាចយកជែលប្រទាលកន្ទុយក្រពើលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។

១០. ព្យាបាលការរលាកស្បែកដោយសារកម្ដៅថ្ងៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើមួយចំនួនទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់សម្រាប់រយៈពេល៣០នាទី។ បន្ទាប់មកលាបវាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ កុំជូតចេញត្រូវទុករហូតដល់ស្ងួត។ អនុវត្តឱ្យបានពី៥ ទៅ៦ដងជាប្រចាំរហូតដល់ជាសះស្បើយ៕

ដកស្រង់ចេញពី៖ https://www.health.com.kh/archives/252369

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង