ប្រធានបទ “អត្ថន័យនៃពិធីបុកល័ក្ដ និងធ្វើធ្មេញ”

ប្រធានបទ “អត្ថន័យនៃពិធីបុកល័ក្ដ និងធ្វើធ្មេញ”

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “អត្ថន័យនៃពិធីបុកល័ក្ដ និងធ្វើធ្មេញ”
អត្ថបទដោយ : ផែង ស្រីណាង
#MJQE#AmericanInterconSchool

អត្ថន័យក្នុងពីធីបុកល័ក្ដ និងធ្វើធ្មេញនេះ គឺចាស់ទុំប្រារព្ធឡើងទៅតាមឧត្តង្គម៉ែជ័យ។ ឧត្តង្គម៉ែជ័យនេះ គឺលោកគិតថាមង្គលការគូស្វាមីភរិយាទៅថ្ងៃអនាគតនឹងឱ្យបានសេចក្ដីសុខ គឺលោកឱ្យអត់ធ្មត់បីប្រការ ទី១ គឺអត់ធ្មត់ផ្លូវអារម្មណ៍ ទី២ គឺអត់ធ្មត់ផ្លូវចិត្ត និងទី៣ គឺអត់ធ្មត់ផ្លូវកាយ។

អត់ធ្មត់់ផ្លូវអាម្មណ៍នេះ គឺកូនទាំងពីរបុត្រាបុត្រីធ្លាប់រស់នៅម្នាក់ឯង គឺធ្លាប់បណ្ដែតអារម្មណ៍ អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបាន ដូច្នេះលោកឱ្យកាត់បន្ថយមកគិតអ្នកនៅជិតខ្លួន អ្នកនៅក្បែរខ្លួន។

រីឯអត់ធ្មត់ផ្លូវចិត្ត គឺចិត្តបុត្រាបុត្រីទាំងពីរ នៅម្នាក់ឯងធ្លាប់ចិត្តខ្លាំង ចិត្តដាច់ខាត ដូច្នេះលោកឱ្យកាត់បន្ថយកុំឱ្យខ្លាំងពេក កុំឱ្យចិត្តដាច់ខាតពេក បុរាណលោកថាដាច់ គឺឃ្លាត ខាត គឺមិនចំណេញ។

រីឯអត់ធ្មត់ផ្លូវកាយ គឺបុត្រាបុត្រីរស់នៅម្នាក់ឯងធ្លាប់ប្រឡែងលេងដៃធ្ងន់ ជើងធ្ងន់ ដូច្នេះលោកឱ្យកាត់បន្ថយមកដៃស្រាលជើងស្រាល ហើយភាពស្រទន់ទើបស្វាមីភរិយាបានសេចក្ដីសុខ។

អញ្ចឹងទេចាស់ទុំដូនតាលោកឱ្យអត់ធ្មត់របៀបនេះទៅថ្ងៃអនាគត ដូច្នេះហើយលោកបានបង្កប់នូវវត្ថុទាំងប្រាំពីរមុខ។ វត្ថុទាំងប្រាំពីមុខនេះលោកយកមកប្រៀបធៀបថា មនុស្សយើងទោះបីជាកើតមកមានអាយុរាប់រយឆ្នាំយ៉ាងណាក៏ដោយ ក៏មិនអាចរំលងនូវថ្ងៃទាំងប្រាំពីរបាននោះទេ ដូច្នេះលោកមានវត្ថុទាំងប្រាំ ពីរ។ ទី១ គឺល័ក្ដជុំកន្លង់ ទី២ គឺជ័រចុង ទី៣ គឺសាច់ជូរ ទី៤ គឺអំពិល ទី៥ គឺបាយដំណើប ទី៦ គឺទឹកដូង ទី៧ គឺទឹកតែ។

វត្ថុទាំងប្រាំពីរមុខនេះហើយដែលលោកឱ្យពិចារណា បើមានបញ្ហាក្នុងគ្រួសារលោកឱ្យយកអ្វីមកដោះស្រាយ? ឧទាហរណ៍៖ ដូចជាល័ក្ដដែលមានជាតិល្វីងចត់ មិនអាចពិសាបានទេ គឺលោកឱ្យយកទឹកតែ មកទប់ទល់ ព្រោះទឹកតែមានភាពក្ដៅស្រទន់ ដែលហូបទៅហើយបែកញើសរំសាយចិត្ត (នេះគឺទឹកតែ និងល័ក្ដជុំកន្លង់)។ ទី២ ជ័រចុង ដែលមានរសជាតិល្វីងហើយចត់ ក៏មិនអាចពិសាបានដែរ លោកឱ្យយកទឹកដូងមកទប់ទល់។ ហេតុអ្វីបានជាលោកមិនយកទឹកសុទ្ធ ឬទឹកសាបមកប្រើ? ព្រោះទឹកដូងនេះបញ្ជាក់នូវភាពបរិសុទ្ធភាពស្ងៀមស្ងាត់។ ដូច្នេះទេបើមានបញ្ហាខុសឆ្គងដោយកាយវាចារចិត្ត គឺយកទឹកដូងមកទប់ទល់ភាពផ្អែមល្ហែម ភាពត្រជាក់ស្ងប់ (នេះគឺទឹកដូង និងល័ក្ដជុំកន្លង់)។ រីឯសាច់ជូរ មានរសជាតិជូរប្រហេតប្រហាត មិនអាចពិសាបានទេ លោកឱ្យយកបាយដំណើបមកទប់ទល់។ ហេតុអ្វីលោកមិនប្រើបាយអង្ករខ្សាយ? ព្រោះបាយដំណើបនេះបញ្ជាក់ពីភាពស្អិតរមួត គឺខុសឆ្គងបន្តិចបន្តួចយ៉ាងណាកុំឱ្យបែកខ្ចាតខ្ចាយឱ្យដោះស្រាយស្អិតរមួតដោយសេចក្ដីសុខសេចក្ដីចម្រើន (នេះ គឺសាច់ជូរ និងបាយ ដំណើប)។ ចំណែកឯអំពិលមានរសជាតិជូរ តែទោះបីជាជូរយ៉ាងណាក៏ដោយ គឺមានរសជាតិពិសេសរបស់វា អញ្ជឹងទេអាចថ្ងៃក្រោយនឹកឃើញអាចចង់ពាក្យថាម្ជូរ លោកប្រៀបធៀបថាបើមានអ្នកចង់ហើយអាចមានអ្នកដោះស្រាយដោយរីករាយ (នេះ គឺអំពិល)។
ចំណែកឯម្លូដែលលោកមហាមូរហើយ លោកអាចារ្យឱ្យកូនកម្លោះកូនក្រមុំខាំ ហើយលោកកោស។ លោកកោសនេះ គឺលោកអប់ម្ទេសដើម្បីកោសនូវភាពល្វីងជូរចត់ក្នុងក្រអូមមាត់ឱ្យមានភាពស្អាតល្អទៅថ្ងៃមុខ និងគ្រួសារបានសេចក្ដីសុខ។ លោកកោសហើយលោកបានប្រើនូវគាថា (កូនក្រមុំអានថា អភិ កូនកម្លោះអានថា អគ្គ) អភិ អគ្គ ហិរិកំ អនត្បព្វំ ជាតិបរិយន្តំ អាវាហ វិវាហ មង្គលា សុរតោហោន្តុ ការកោស និងកាត់កម្ចាត់នូវឧបទ្រពចង្រៃចេញ នាំចូលមកនូវសេចក្ដីជានា គូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍បានសេចក្ដីសុខទៅថ្ងៃអនាគត។


ចំណែកឯនៅខាងក្រោមកូនក្រមុំកូនកម្លោះអង្គុយ លោកហៅថាអង្កររាប។ អង្កររាប លោកបង្កប់នូវវត្ថុ ៧មុខ ទី១ មានមាស ទី២ ប្រាក់ ទី៣ ត្រល់ ទី៤ ស្រា ទី៥ ម្ជុលចេស ទី៦ អំបោះ ទី៧ អំពិល សម្រាប់ ឱ្យកូនកម្លោះកូនក្រមុំផ្សង។ បើផ្សងបានមាស និងប្រាក់បញ្ជាក់នូវភាពត្រជាក់ត្រជុំ និងរីកចម្រើន។ បើផ្សងបានត្រល់ គឺមានការហត់នឿយនៅក្នុងម្លប់។ បើផ្សងបានស្រា គឺសំបូរញាតិ។ បើផ្សងបានម្ជុលចេស គឺហត់នឿយ។ បើផ្សងបានអំបោះ គឺជំពាក់ជំពិនក្នុងជីវិត។ បើផ្សងបានអំពិល គឺជីវិតរកាំរកុះ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ http://pen4444sophath.blogspot.com/2019/02/blog-post.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង