ប្រធានបទ “ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែសម្រាប់ខ្លួនឯង?”

ប្រធានបទ “ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែសម្រាប់ខ្លួនឯង?”

អត្ថបទព័ត៌មានស្តីពីការអប់រំ និងរបៀបរស់នៅ
ក្រោមប្រធានបទ “ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែសម្រាប់ខ្លួនឯង?”
អត្ថបទដោយ : គាក ម៉ាណែត
#MJQE #AmericanInterconSchool

អតីត បច្ចុប្បន្ន និងអនាគត ជាពេលវលាដែលគ្រប់គ្នាត្រូវឆ្លងកាត់ ទោះបីមានសញ្ចេតនាប៉ង ឬបំណងបដិសេធក៏មិនអាចគេចវេសបាន។ ហេតុដូចនេះ យើងត្រូវចេះកែខៃការរស់នៅដោយដៃទាំងពីររបស់ខ្លួនឯងផ្ទាល់ ដើម្បីញ៉ាំងឱ្យឆាកជីវិតប្រកបដោយភាពពេញលេញ និងមានន័យខ្លឹមសារ មិនមែនដើម្បីនរណា គឺដើម្បីខ្លួនយើងនេះឯង។

កុំអង្គុយតូចចិត្ត! ងើបមុខមកគិត ហើយសួរខ្លួនឯងថា ហេតុអ្វីបានជាមិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែហាត់ប្រាណ ដំណើរកម្សាន្តដូចគេសូម្បីម្តង? គ្រប់គ្នាតែងតែមានអារម្មណ៍ថា ខ្លួនឯងមានកម្ម មួយជាតិនេះមិនដែលដកខ្លួនរួច មិនអាចសប្បាយដូចគេ? អារម្មណ៍តានតឹងនៅក្នុងសម្ពាធពេលវេលា ដែលត្រូវបង្ខំចិត្តធ្វើការម្នាក់ឯង មានបន្ទុកជាច្រើនត្រូវទទួលខុសត្រូវ ខណៈអ្នកផ្សេងគេមានឱកាស និងមានលុយកាក់ដើរកម្សាន្តបានធ្វើឱ្យមនុស្សខ្លះបន្ទោសកម្ម ព្រេងវាសនា មិនព្រមសម្លឹងមើលមកខ្លួនឯងវិញថា ខ្លួននេះហើយជាម្ចាស់នៃពេលវេលា។ បើយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ នេះជាជីវិតមួយដែលយើងមិនពេញចិត្តទេ និងមិនយូរមិនឆាប់ ជីវិតបែបនេះ នឹងនាំទៅរកអពមង្គលនៃវិបត្តិផ្លូវចិត្ត។

ចំណែកការសិក្សាដោយសម្ភាសលើជនជាតិអូស្រ្តាលីដែលធ្វើការឱ្យគេប្រមាណជាង៧.០០០នាក់ បានរកឃើញថា សម្ពាធពេលវេលាគឺជាការបំភាន់ ដោយគំនិតខ្លួនឯងដែលតាមពិតមិនទម្លាប់មានផែនការ និងគ្មានគោលដៅច្បាស់លាស់ ក្នុងនោះមានដូចជា៖

១. ពួកគេមិនខ្វល់រឿងពេលវេលា៖ អ្នកខ្លះមិនដែលគិតថា ជាទូទៅខ្លួនត្រូវការពេលវេលាប៉ុន្មានសម្រាប់ការរស់នៅជាមូលដ្ឋានដូចជា ម៉ោងធ្វើការ រកប្រាក់ចំណូល និងការថែទាំផ្ទាល់ខ្លួនដែលត្រូវការហាត់ប្រាណ និងដើរកម្សាន្ត។ ពួកគេផ្ទុកគំនិតមួយថា ខ្លួនមិនមានពេលវេលាទំនេរទេ មិនមានដាច់ខាត។ ភាពខុសគ្នាធំមួយនេះ ជាកត្តាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់គ្រួសារ ក្មេងៗមិនដែលបានលំហែរ ហើយថែមទាំងត្រូវបានរងស្ត្រេសពីឪពុកម្តាយ ភាពរអ៊ូរទាំ និងតូចចិត្ត។ អ្នកស្រាវជ្រាវបានសរសេរថា អ្នកដែលមានអារម្មណ៍ថា ខ្លួនឯងត្រូវធ្វើការច្រើនជាងអ្នកផ្សេងទើបរស់ តែគេមិនដែលគិតចង់ផ្លាស់ប្តូរវិធីរស់នៅរបៀបនោះចេញទេ។ ពួកគេមានហេតុផលជានិច្ចក្នុងការតវ៉ាថា ជីវិតខ្លួនមិនស្រួលជាងអ្នកដទៃ តែមិនព្រមទទួលស្គាល់ឡើយថា ភាពងាយស្រួល ឬទុក្ខព្រួយ គឺជាទង្វើររបស់មនុស្សយើងជាម្ចាស់នៃសុភមង្គលក្នុងជីវិតយើង។

២. មនុស្សប្រភេទ «គិតអ្វីក៏ពិបាក»៖ អ្នកខ្លះចិញ្ចឹមជីវិតមកដោយគ្រាន់តែចង់មានបាន តែមិនបានឱ្យ តម្លៃសំខាន់លើការយកចិត្តទុកដាក់រឿងពិសេសៗដូចជា អារម្មណ៍កូនៗ ឬមនុស្សក្នុងគ្រួសារជាប្តី ប្រពន្ធ ឱ្យតម្លៃតែគំនិតចង់មានបានមិនចេះចប់របស់ខ្លួន លោភលន់លើសមាឌ ហើយលះបង់ពួកគេចោលរហូតដល់ភ្លេចថា ថ្ងៃណាមួយពួកគេក៏លែងត្រូវការយើងវិញដូចគ្នា។ ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា នេះទាក់ទងសំខាន់នឹងឥរិយាបថ ចិត្តគំនិតរបស់យើងដែលតែងតែស្តីបន្ទោសនាឡិកា ហើយគិតអ្វីក៏ពិបាក គិតអ្វីក៏គិតថា ទៅមិនរួចធ្វើមិនបាន? អ្នកខ្លះគ្មានពេលទេអានសៀវភៅ ហាត់ប្រាណ បង្រៀនកូន ដោយសារគ្មានពេលទំនេរ។

៣. ទម្លាប់មិនព្រមប្តូរ៖ ជីវិតមនុស្ស គឺត្រូវចេះរំលែកចេញ កំណត់ពេល ចេះកាត់ចិត្ត មិនលោភលន់មិនអស់មិនហើយ។ មនុស្សដែលងប់ងល់ច្រើនចង់ធ្វើអ្វីដដែលៗ ហើយមានជីវិតមិនដែលរីករាយខ្លាំងទៅៗ និងមិនដែលមានកាលវិភាគ មិនដែលចេះគិតអ្វីទុកជាមុនទេ ចាំដល់ពេលចាំប្រញាប់ប្រញាល់ ឬរអ៊ូរទាំ។

ដកស្រង់ចេញពី៖ https://www.kampucheathmey.com/kpt-plus/61515/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង