ប្រធានបទ “ហេតុផលមួយចំនួនបង្ហាញថា ការសរសេរអាចជួយសុខភាពផ្លូវចិត្តល្អប្រសើរ”

ប្រធានបទ “ហេតុផលមួយចំនួនបង្ហាញថា ការសរសេរអាចជួយសុខភាពផ្លូវចិត្តល្អប្រសើរ”

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “ហេតុផលមួយចំនួនបង្ហាញថា ការសរសេរអាចជួយសុខភាពផ្លូវចិត្តល្អប្រសើរ”
អត្ថបទដោយ : អ៊ី ប៊ុនលី
#MJQE#AmericanInterconSchool

អ្នកជំនាញបានរកឃើញថា ការសរសេរគឺជាផ្នែកមួយនៃការអប់រំផ្លូវចិត្តដ៏ល្អ។ នៅពេលអ្នកមានអារម្មណ៍មិនល្អ ការសរសេរពីកង្វល់របស់អ្នក អាចជួយអ្នករៀបចំគំនិត និងនាំមកនូវភាពស្ងប់ស្ងាត់ដល់ផ្លូវចិត្ត។ ខាងក្រោមនេះគឺជាហេតុផលបួនចំណុចជំរុញសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំដោយគ្រាន់តែអ្នកចាប់ផ្ដើមសរសេរ៖

១. អ្នកអាចសម្អាតចិត្ត និងបង្កើនភាពរីករាយ៖ ការសរសេរជួយអ្នកឱ្យបង្ហាញខ្លួនឯងដោយមិនខ្លាចការវិនិច្ឆ័យ វាផ្តល់ឱ្យអ្នកនូវបរិយាកាសល្អដែលអ្នកអាចបញ្ចេញគំនិត និងអារម្មណ៍របស់អ្នកបាន ទោះបីជាមានមនុស្សច្រើន ឬមានអ្នករំខានយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ភ័យខ្លាចការវិនិច្ឆ័យពីអ្នកដទៃឡើយ ផ្ទុយទៅវិញធ្វើឱ្យអ្នកកាន់តែមានភាពរីករាយចំពោះខ្លួនឯងបន្ថែមទៀត។

២. ការសរសេរអនុញ្ញាតឱ្យអ្នកយល់កាន់តែស៊ីជម្រៅអំពីខ្លួនឯង៖ ប្រសិនបើអ្នកមានទម្លាប់រក្សាកំណត់ហេតុប្រចាំថ្ងៃ អ្នកអាចស្វែងយល់ពីចិត្ត និងគំនិតដែលខ្លួនមាន។ បន្ថែមពីនោះ វាអាចជួយក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ដូចជាអ្នកមានអនុស្សាវរីយ៍ល្អ និងធ្លាប់មានអារម្មណ៍ល្អ ដូច្នេះអ្នកអាចកត់វាទុក ដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់អ្នកទទួលភាពវិជ្ជមានកាន់តែរឹងមាំ។

៣. ធ្វើឱ្យអ្នកយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯងបានច្រើន៖ វាជួយអ្នកឱ្យបង្ហាញមនោសញ្ចេតនា និងអារម្មណ៍របស់អ្នកនៅលើក្រដាស ដោយមិនចាំបាច់និយាយប្រាប់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតនោះទេ។ វាធ្វើឱ្យអ្នកចេះបង្វែរអារម្មណ៍ផ្ដោតទៅលើខ្លួនឯងកាន់តែខ្លាំង នោះភាពច្នៃប្រឌិតជាច្រើននឹងដុះឡើងដោយឯងៗ វាមិនត្រឹមតែធ្វើឱ្យសុខភាពផ្លូវចិត្តល្អនោះទេ ប៉ុន្តែវាក៏ជំរុញការរស់នៅរបស់អ្នកឱ្យបានប្រសើរទៅតាមនោះដែរ។

៤. ផ្តល់ឱ្យអ្នកចេះរៀបចំគោលដៅ៖ ការរក្សាការអនុវត្តការសរសេរជាប់លាប់ ផ្តល់នូវរចនាសម្ពន្ធប្រចាំថ្ងៃ និងអារម្មណ៍ពេញលេញ។ នៅថ្ងៃដែលអ្នកមានអារម្មណ៍ថា ខ្វះការលើកទឹកចិត្តក្នុងពេលចាប់ផ្ដើម អ្នកគួរចំណាយពេលសរសេរស្នាដៃដែលអ្នកធ្លាប់ទទួលបាន ដើម្បីជាការជំរុញទឹកចិត្តខ្លួនឯងឱ្យមកល្អប្រសើរវិញ។ តាមរបៀបនេះ វាធ្វើឱ្យអ្នកចេះសរសេរគោលដៅរបស់ខ្លួន និងសប្បាយចិត្តជាមួយ ការវិឌ្ឍនៃសមត្ថភាពខ្លួនឯងឱ្យកាន់តែរីកចម្រើនខ្លាំងឡើង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://ams.com.kh/education/some-reasons-why-writing-can-improve-mental-health/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង