ប្រធានបទ “ហានិភ័យនៃការឡើងកម្ពស់ទឹកសមុទ្រសម្រាប់ពិភពលោក”

ប្រធានបទ “ហានិភ័យនៃការឡើងកម្ពស់ទឹកសមុទ្រសម្រាប់ពិភពលោក”

អត្ថបទព័ត៌មានស្តីពីរបបគំហើញ
ក្រោមប្រធានបទ “ហានិភ័យនៃការឡើងកម្ពស់ទឹកសមុទ្រសម្រាប់ពិភពលោក”
អត្ថបទដោយ : អ៊ាវ ណារី
#MJQE#AmericanInterconSchool

គិតរហូតមកទល់នឹងថ្ងៃនេះ ការព្យាករអាកាសធាតុដោយអ្នកជំនាញស្ទើរតែទាំងអស់សុទ្ធតែបង្ហាញថា ភពផែនដីរបស់យើងកំពុងវិវឌ្ឍទៅរកការឡើងកម្តៅរហូតដល់ទៅ៣អង្សា នៅត្រឹមចុងសតវត្សរ៍ទី២១នេះ។ ជាមួយនឹងកំណើនសីតុណ្ហភាពដ៏ខ្ពស់បែបនេះ បញ្ហាដែលប្រជាជនរាប់រយលាននាក់នៅតាមតំបន់ឆ្នេរត្រូវប្រឈម គឺការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ តើការឡើងកម្ពស់ទឹកសមុទ្រនេះ កើតឡើងដោយសារមូលហេតុអ្វីខ្លះ? តើតំបន់ណាខ្លះដែលងាយនឹងត្រូវរងគ្រោះខ្លាំងជាងគេ?

យោងតាមរបាយការណ៍អាកាសធាតុចេញផ្សាយដោយក្រុមអ្នកជំនាញ អ.ស.ប កាលពីខែសីហាកន្លងទៅ សីតុណ្ហភាពមធ្យមលើភពផែនដីរបស់យើងនៅក្នុងពេលបច្ចុប្បន្ននេះបានកើនឡើង១.១អង្សារួចទៅហើយ បើធៀបទៅនឹងដើមសម័យកាលនៃបដិវត្តន៍ឧស្សាហកម្ម។ ប្រសិនបើមនុស្សយើងនៅតែបន្តធ្វើអ្វីៗដូចក្នុងពេលបច្ចុប្បន្ននេះ សីតុណ្ហភាពនឹងត្រូវកើនឡើងរហូតដល់ទៅ៣.៦ ទៅ៤.៤អង្សាឯណោះ នៅឆ្នាំ២១០០ខាងមុខ។ កំណើនសីតុណ្ហភាពនេះ វានឹងធ្វើឱ្យកម្ពស់ទឹកសមុទ្រនៅលើភពផែនដីយើងនេះត្រូវកើនឡើងយ៉ាងខ្លាំងផងដែរ គឺអាចនឹងត្រូវកើនឡើងក្នុងចន្លោះពី១ម៉ែត្រ ទៅ២ម៉ែត្រ នៅឆ្នាំ២១០០ខាងមុខ។ ការឡើងកម្តៅនៃភពផែនដី និងការកើនឡើងនៃកម្រិតកម្ពស់ទឹកសមុទ្រមានទំនាក់ទំនងគ្នាតាមរយៈមូលហេតុធំៗពីរ៖

១. ការឡើងកម្តៅផែនដីធ្វើឱ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលទាំងពីរត្រូវរលាយ ហើយទឹកដែលចេញពីការរលាយផ្ទាំងទឹកកកនេះត្រូវហូរចូលទៅក្នុងសមុទ្រ។ ដូច្នេះ បរិមាណទឹកកើនឡើង ហើយកម្ពស់ទឹកសមុទ្រក៏ត្រូវកើនឡើងផងដែរ។

២. ការរីកមាឌនៃទឹកសមុទ្រ ពីព្រោះថាការកើនឡើងនៃសីតុណ្ហភាពនៅក្នុងបរិយាកាសក៏នឹងធ្វើឱ្យកើនឡើងផងដែរនូវសីតុណ្ហភាពនៃទឹកសមុទ្រ។ ហើយដោយសារតែទឹកត្រូវរីកមាឌនៅពេលឡើងកម្តៅ ដូច្នេះ បើទោះបីជាបរិមាណទឹកនៅដដែល តែបើសីតុណ្ហភាពទឹកកើនឡើង ក៏កម្រិតកម្ពស់ទឹកសមុទ្រត្រូវកើនឡើងទៅតាមនោះផងដែរ។ ដូច្នេះ បើគេបូកយន្តការទាំងពីរនេះបញ្ចូលគ្នា ពោលគឺបរិមាណទឹកក៏ត្រូវកើន ហើយក្នុងពេលជាមួយគ្នាទឹកក៏ត្រូវរីកមាឌ ដូច្នេះ វាធ្វើឱ្យរយៈកម្ពស់ទឹកសមុទ្ររឹតតែត្រូវកើនឡើងខ្លាំង។ នៅពេលដែលរយៈកម្ពស់ទឹកសមុទ្រកើនឡើង អ្នកដែលត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ គឺប្រជាជនដែលរស់នៅតាមតំបន់ជាប់នឹងឆ្នេរសមុទ្រ។

បើយោងតាមការព្យាកររបស់អង្គការក្រៅរដ្ឋាភិបាលឈ្មោះ Climate Central នៅត្រឹមឆ្នាំ២១០០ខាងមុខ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រនឹងធ្វើឱ្យតំបន់ទំនាបជាប់មាត់សមុទ្រដែលមានប្រជាជនរស់នៅគិតជាសរុបរហូតដល់ទៅជាង២០០លាននាក់ នៅទូទាំងពិភពលោកទាំងមូល ត្រូវប្រឈមនឹងការជន់លិចជាអចិន្ត្រៃយ៍ ដោយនៅក្នុងចំណោមនោះ តំបន់ដែលត្រូវប្រឈមនឹងហានិភ័យខ្ពស់ជាងគេបំផុត គឺតំបន់អាស៊ីតែម្តង។ អាស៊ីមិនត្រឹមតែសម្បូរទីក្រុងដែលស្ថិតនៅជាប់នឹងតំបន់ឆ្នេរសមុទ្រនោះទេ ក៏ប៉ុន្តែលើសពីនេះទៅទៀត គេសង្កេតឃើញថា ទីក្រុងដែលនៅជាប់នឹងតំបន់ឆ្នេរសមុទ្រនោះ ក៏សម្បូរដោយប្រជាជនរស់នៅច្រើនផងដែរ។ ជាអាទិ៍ ទីក្រុងសៀងហៃ ដែលស្ថិតនៅជាប់នឹងមាត់ឆ្នេរ ហើយជាតំបន់ទំនាបកម្ពស់ត្រឹមតែ៤ម៉ែត្រពីកម្រិតកម្ពស់ទឹកសមុទ្រដែលមានប្រជាជនរស់នៅរហូតដល់ទៅជាង២៦លាននាក់។ ចំណែកទីក្រុងបាងកក និងហ្សាការតាវិញ ដែលមួយស្ថិតនៅកម្ពស់១.៥ម៉ែត្រ និងមួយទៀត៨ម៉ែត្រ ក៏សុទ្ធតែជាទីក្រុងធំដែលមានប្រជាជនរហូតដល់ទៅជាង១០លាននាក់។ ឧទាហរណ៍ ការព្យាករនៅក្នុងសេណារីយ៉ូដូចគ្នាតែមួយនៅក្នុងរបាយការណ៍របស់ក្រុមអ្នកជំនាញអាកាសធាតុ អ.ស.ប បានបង្ហាញថា កម្ពស់ទឹកសមុទ្រនៅតំបន់នៅប៉ែកខាងជើងប្រទេសបារាំងត្រូវកើនឡើងត្រឹមប្រមាណជា៧០សង់ទីម៉ែត្រ នៅឆ្នាំ២១០០ រីឯនៅទីក្រុងបាងកកឯណោះវិញ ទឹកសមុទ្រត្រូវកើនឡើងរហូតដល់ទៅជិត១ម៉ែត្រ៩០ (១.៨៩ម៉ែត្រ) ឯណោះ។

តាមសេណារីយ៉ូនេះ ទីក្រុងបាងកកដែលបច្ចុប្បន្នស្ថិតនៅកម្ពស់ត្រឹមតែ១ម៉ែត្រកន្លះពីកម្ពស់ទឹកសមុទ្រ នឹងត្រូវលិចក្រោមទឹកសមុទ្រទាំងស្រុង និងជាអចិន្រ្តៃយ៍នៅត្រឹមឆ្នាំ២១០០ខាងមុខ។ ប៉ុន្តែ បើយោងតាមការព្យាកររបស់អង្គការ Climate Central មិនចាំបាច់ទៅដល់ឆ្នាំ២១០០នោះទេ ត្រឹមតែឆ្នាំ២០៥០ខាងមុខនេះ ផ្នែកខ្លះនៃក្រុងបាងកកនឹងត្រូវក្លាយជាតំបន់ជន់លិចជាអចិន្រ្តៃយ៍បណ្តើរៗរួចទៅហើយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.rfi.fr/km

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង