ប្រធានបទ “ស្វែងយល់អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (Deep Fake)”

ប្រធានបទ “ស្វែងយល់អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (Deep Fake)”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “ស្វែងយល់អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (Deep Fake)”
អត្ថបទដោយ : អ៊ាក គារី
#MJQE#AmericanInterconSchool

Deep Fake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Machine Learning និងបញ្ញាសប្បនិម្មិត (Artificial Intelligence)។ បច្ចេកទេស Deep Fake ត្រូវបានស្រាវជ្រាវចាប់តាំងពីអំឡុងឆ្នាំ១៩៩៧ ដែលដំបូងមានឈ្មោះថា “Video Rewrite Program” រហូតដល់អំឡុងឆ្នាំ២០១៧ បច្ចេកវិទ្យា Deep Fake បានល្បីពេញពិភពលោក និងត្រូវបានបង្កើតជាកម្មវិធីផ្សេងៗ ដោយក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងទូរសព្ទដៃ (ឧទាហរណ៍៖ កម្មវិធី Fake App Face App Face Swap Deep Face Lab Deep Nude។ល។)។ លើសពីនេះនៅឆ្នាំ២០១៨ អ្នកស្រាវជ្រាវមួយរូបនៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា បានចុះផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនស្តីពីការពង្រីកសមត្ថភាពរបស់បច្ចេកវិទ្យា Deep Fake ដែលអាចធ្វើការបន្លំមុខក្នុងសកម្មភាពវីដេអូ និងបញ្ជាលើដងខ្លួនមនុស្សទាំងមូលតែម្តង។

ទោះបីជាយ៉ាងណាបច្ចេកវិទ្យា Deep Fake បានផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដូចខាងក្រោម៖

គុណសម្បត្តិ :
– ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតភាពយន្តក្នុងការកែតម្រូវសកម្មភាព ឬសម្លេងរបស់តួសម្តែង ដោយពុំចាំបាច់ថតឡើងវិញ។
– ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដើម្បីបញ្ចូលរូបភាពអ្នកជំងឺក្នុងសកម្មភាពវីដេអូវះកាត់។
– ប្រើប្រាស់ក្នុងការបង្កើតវីដេអូសប្បនិម្មិតរបស់គ្រូឧទ្ទេសក្នុងកម្មវិធីបណ្តុះបណ្តាល (Video Training)។
– ប្រើប្រាស់ក្នុងកម្មវិធីលក់ទំនិញអនឡាញ ដើម្បីអនុញ្ញាតឱ្យអតិថិជនធ្វើការសាកល្បងទំនិញ តួរយ៉ាងសម្លៀកបំពាក់។
– ប្រើប្រាស់ក្នុងគោលបំណងផ្តល់ការកម្សាន្តសប្បាយផ្សេងៗ។

គុណវិបត្តិ :
– ប្រើប្រាស់ដោយជនខិលខូចក្នុងការបន្លំរូបភាព ឬវីដេអូ បង្ខូចកិត្តិយសជនរងគ្រោះ។
– ប្រើប្រាស់ក្នុងការបន្លំរូបភាព វីដេអូ និងសម្លេង យកជាមធ្យោបាយឆបោកប្រាក់ បន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ។
– ប្រើប្រាស់ជាមធ្យោបាយក្នុងសកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗ។

ក្រឡេកមកមើលព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នបច្ចេកវិទ្យា Deep Fake នេះកំពុងពេញនិយមប្រើប្រាស់ក្នុងស្រទាប់យុវជន ជាពិសេសក្នុងកម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook ឬ TikTok ជាដើម។ ដោយសារការនិយមកាន់តែច្រើនឡើង ក៏មានជនខិលខូចមួយចំនួនបានបន្តការស្រាវជ្រាវបន្ថែមរហូតឈានដល់ការ ប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការប្រព្រឹត្តអំពើអសីលធម៌ ឬអំពើល្មើសផ្សេងៗ ដូចជា៖
– បង្កើតរូបភាព ឬវីដេអូអាសអាភាសដោយបន្លំបញ្ចូលរូបមុខជនរងគ្រោះ ធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ ឬគំរាមជនរងគ្រោះឱ្យធ្វើអ្វីមួយតាមការចង់បាន។
– បង្កើតរូបភាព ឬវីដេអូដែលមានសកម្មភាពអសីលធម៌ ដើម្បីបង្ខូចកិត្តិយសជនរងគ្រោះ។
– ប្រើបាស់រូបភាព វីដេអូ ឬសម្លេងជនរងគ្រោះដើម្បីឆបោកបន្លំផ្ទេរប្រាក់ ឬលួចព័ត៌មានផ្សេងៗ។
– សូមប្រើប្រាស់បច្ចេកវិទ្យា តួយ៉ាងកម្មវិធីនៃបច្ចេកវិទ្យា Deep Fake ប្រកបដោយសីលធម៌ និងស្របតាមក្រឹតក្រមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដកស្រង់ចេញពីគេហទំព័រ៖ https://npn.news/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង