ប្រធានបទ “ស្វែងយល់ពី 5G Technology”

ប្រធានបទ “ស្វែងយល់ពី 5G Technology”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “ស្វែងយល់ពី 5G Technology”
អត្ថបទដោយ : ឃៀង វាសនា
#MJQE #American Intercon School

សព្វថ្ងៃនេះ ឧបករណ៍អេឡិចត្រូនិកជាច្រើនសុទ្ធតែត្រូវការប្រព័ន្ធអ៊ីនធឺណែត រួមមានទូរសព្ទ កុំព្យូទ័រ ទូរទស្សន៍ និងកាមេរ៉ា ជាដើម។ ល។ ដូចនេះ យើងគួរស្វែងយល់ប្រវត្តិខ្លះៗ និងការវិវឌ្ឍរបស់វា និងក្រុមហ៊ុនធ្វើការវិនិយោគលើ 5G។

១. ការវិវឌ្ឍពីជំនាន់មួយទៅជំនាន់មួយទៀត
– ជំនាន់ទី១ (1G) ក្នុងកុំឡុងឆ្នាំ១៩៨០ ចាប់ផ្តើមមានទូរសព្ទប្រើក្នុងពិភពលោក ប៉ុន្តែទូរសព្ទមានសមត្ថភាពបញ្ជូន និងទទួលបានតែសំឡេង។

– ជំនាន់ទី២ (2G) នៅដើមឆ្នាំ១៩៩០ មានទូរសព្ទចល័ត ហើយមានមុខងារថ្មីដូចជាសារខ្លី (SMS) និងសារជាសំឡេង។

– ជំនាន់ទី៣ (3G) នៅដើមឆ្នាំ២០០០ មានអត្រាផ្ទេរទិន្នន័យខ្ពស់ជាងមុនដោយសារអាចប្រើ ឬបើកគេហទំព័រ (Website) តាមអ៊ីនធឺណែតមានការចែករំលែករូបភាព និងតាមដានទីតាំង GPS។

– ជំនាន់ទី៤ (4G) នៅឆ្នាំ២០១០ ប្រព័ន្ធអ៊ីនធឺណែតបានផ្តល់មុខងារបន្ថែមដល់គេហទំព័រយ៉ាងជ្រាលជ្រៅដល់ស្មាតហ្វូន (ការផ្ទេរ និងទទួលទិន្នន័យបានលឿន)។

– ជំនាន់ទី៥ (5G) មាននៅឆ្នាំ២០១៩ ហើយនៅបន្តរហូតសព្វថ្ងៃនេះ។

២. តើអ្វីទៅជា 5G?
5G មកពីពាក្យថា “Fifth Generation Mobile Networks”។ 5G គឺជាប្រព័ន្ធអ៊ីនធឺណែតចុងក្រោយបង្អស់ជំនាន់ទី៥ ដែលវាមានល្បឿនលឿនជាង 4G ដល់ទៅ១០០ដង ពោលគឺល្បឿនដំណើរការរបស់វាលោតដល់ 20Gbs ដែលប្រព័ន្ធ 4G មានល្បឿនដំណើរការត្រឹមតែ 1Gbs ប៉ុណ្ណោះ។ 5G ដែលអាចទស្សនាវីដេអូមានទំហំ 8K និងទាញយកភាពយន្ដ 3D បានដោយគ្រាន់តែចំណាយពេលត្រឹម៦វិនាទី។ ទោះយ៉ាងណា ប្រព័ន្ធ 5G នេះអាចដំណើរការទៅលើស្មាតហ្វូនផ្សេងៗបាន លុះត្រាតែក្រុមហ៊ុនស្មាតហ្វូនទាំងអស់បានអភិវឌ្ឍនៅឈីប (chips) របស់ខ្លួនដែលអាចសមមាត្រនឹងគ្នាបានជាមួយប្រព័ន្ធមួយនេះ។
៣. ក្រុមហ៊ុនវិនិយោគលើ 5G
ក្រុមហ៊ុនដែលវិនិយោគលើ 5G មានឈ្មោះដូចជា Samsung, Huawei, Intel, Deloitte, Nokia, Ericsson, និង Qualcomm។

សរុបសេចក្តីមក 5G គឺជាបច្ចេកវិទ្យាឥតខ្សែជំនាន់ទី៥ ដែលអ្នកប្រើប្រាស់បានដឹងថា វាជាបច្ចេកវិទ្យាលឿន បំផុតមួយ ដែលពិភពលោកពុំធ្លាប់បានឃើញពីមុនមក៕

ដកស្រង់ចេញពី :
– https://www.edureka.co/blog/top-10-trending-technologies/
– https://www.qualcomm.com/5g/what-is-5g.
– https://www.verizon.com/about/our-company/5g/what-5g
– https://www.verizon.com/about/our-company/5g/when-was-5g-introduced

No Comments

Sorry, the comment form is closed at this time.

Back to Top