ប្រធានបទ “សារៈសំខាន់នៃការអានសៀវភៅ”

ប្រធានបទ “សារៈសំខាន់នៃការអានសៀវភៅ”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “សារៈសំខាន់នៃការអានសៀវភៅ”
អត្ថបទដោយ : កែវ វិសាល
#MJQE#AmericanInterconSchool

សៀវភៅមានច្រើនសម្រាប់អាន ប៉ុន្តែពេលវេលាសម្រាប់អានវាគឺមានតិចតួចណាស់។ សៀវភៅប្រហែល១៣៥លានក្បាល ត្រូវបានបោះពុម្ពក្នុងប្រវត្តិសាស្ត្រ ហើយមានសៀវភៅពី១លាន ទៅ១.៥ លានក្បាល ដែលត្រូវបានបោះពុម្ពជារៀងរាល់ឆ្នាំ។ សៀវភៅ គឺជាផ្នែកសំខាន់មួយនៃជីវិតរបស់យើង វាត្រូវបានគេនិយាយយ៉ាងល្អថា សៀវភៅអាចជាដៃគូដ៏ល្អបំផុត និងពិតប្រាកដរបស់យើង សៀវភៅធ្វើឱ្យជីវិតរស់នៅរបស់យើងមានភាពកាន់តែប្រសើរ និងងាយស្រួល។

សៀវភៅផ្តល់សារៈសំខាន់ជាច្រើនដល់យើង ដែលយើងមិនអាចនឹកស្មានដល់ សៀវភៅអាចធ្វើឱ្យអ្នកអាន ហាក់ដូចជាបានធ្វើដំណើរទៅដល់ទីកន្លែងផ្ទាល់ ដោយមិនចាំបាច់ការធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីកន្លែងជាក់ស្តែង។ សៀវភៅអាចផ្តល់នូវមធ្យោបាយឆ្ពោះទៅកាន់ក្តីស្រមើស្រមៃរបស់យើងបាន សៀវភៅអាចផ្តល់ឱ្យយើងនូវចំណេះដឹង ការត្រេកអរ សុភមង្គល ប្រាជ្ញា និងអ្វីៗជាច្រើនទៀតនៅក្នុងនោះ សៀវភៅផ្តល់អត្ថប្រយោជន៍ច្រើនជាងការដែលគ្រាន់តែធ្វើឱ្យយើងសប្បាយរីករាយ វាក៏អាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរជីវិតរស់នៅរបស់យើងផងដែរ។ សៀវភៅអាចជួយយើងក្នុងគ្រាដែលមានទុក្ខលំបាក ហើយសៀវភៅក៏ធ្វើឱ្យយើងដឹងថា យើងមិនរស់នៅឯកកោនៅក្នុងពិភពលោកនេះទេ ហើយនៅក្នុងពេលដែលយើងកំពុងជួបបញ្ហា សៀវភៅគឺជាអ្នកផ្តល់ជាដំណោះស្រាយល្អៗ និងផ្តល់ឱ្យយើងនូវវិធីសាស្ត្រ និងទស្សនៈថ្មីៗដើម្បីមើលឃើញពីបញ្ហា និងស្ថានការ។

សៀវភៅធ្វើឱ្យចិត្តរបស់យើងមានភាពស្ងប់ស្ងាត់ និងនឹងនរ ហើយអ្វីដែលសំខាន់បំផុតមួយទៀតនោះ សៀវភៅគឺវាអាចជួយបង្កើនវាក្យសព្ទរបស់យើង ដូចជាប្រសិនបើកូនៗរបស់យើង ទើបតែចាប់ផ្តើមរៀនអានអក្សរនោះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីណែនាំកូនៗរបស់យើងឱ្យកាន់តែស្គាល់សារៈប្រយោជន៍នៃការអានសៀវភៅ។ ដោយសារតែសៀវភៅដើរតួនាទីយ៉ាងសំខាន់ និងមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍរបស់កុមារ ប្រសិនបើយើងបង្កើតទម្លាប់ឱ្យកុមារអានសៀវភៅជាប្រចាំ គឺអាចជួយឱ្យពួកគេមានការអភិវឌ្ឍ មានភាពរីកចម្រើន និងប្រសើរឡើងស្ទើរតែគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ បើប្រៀបធៀបជាមួយនឹងកុមារដែលមិនចូលចិត្តអានសៀវភៅ។

ទូរទស្សន៍ អ៊ិនធឺណែត និងកម្មវិធីក្នុងទូរទស្សន៍អាចមើលទៅគួរឱ្យទាក់ទាញ ប៉ុន្តែគ្មានអ្វីអាចមកជំនួសសៀវភៅបានទេ ការអានគឺជាក្តីសុបិន្តដែលយើងអាចកាន់នៅក្នុងដៃបាន សៀវភៅគឺជាមិត្តដ៍ល្អ និងស្មោះត្រង់បំផុតដែលយើងអាចមាន វាអាចផ្តល់ឱ្យយើងនូវប្រាជ្ញា ដំណោះស្រាយថ្មីៗ ទស្សនៈវិស័យការស្រមើលស្រមៃ ព្រមទាំងធ្វើឱ្យទំនុកចិត្ត និងសុខភាពផ្លូវចិត្តរបស់យើងមានភាពប្រសើរឡើង។ ហើយអ្វីដែលសំខាន់បំផុតវាអាចធ្វើឱ្យយើងជៀសផុតពីការលំបាក និងបញ្ហា ហើយសារៈប្រយោជន៍នៃការអានសៀវភៅដែលយើងមិនអាចមើលរំលងបាន គឺបច្ចេកវិទ្យានឹងផ្លាស់ប្តូរពិភពលោក ប៉ុន្តែសារៈសំខាន់នៃសៀវភៅ និងការអានមិនអាចផ្លាស់ប្តូរបានឡើយ។ សៀវភៅមានសារៈសំខាន់ចំពោះយើងពីព្រោះសៀវភៅគឺជារឿងតែមួយគត់ដែលស្ថិតស្ថេរនៅក្នុងពិភពលោកនេះ ដែលមិនចេះប្រែប្រួល។

សៀវភៅ គឺជួយជម្រុញ បំផុស លើកទឹកចិត្ត និងតែងតែធ្វើឱ្យយើងមើលឃើញ ដើរលើផ្លូវមួយដែលត្រឹមត្រូវ និងធ្វើឱ្យយើងយល់កាន់តែច្បាស់ថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេនៅក្នុងពិភពលោកនេះវាអាចឱ្យយើងធ្វើសកម្មភាពត្រឹមត្រូវ និងជួយយើងឱ្យដឹងពីសក្តានុពលពិតរបស់យើង។ សៀវភៅគឺជាពន្លឺសម្រាប់បំភ្លឺផ្លូវជីវិតរបស់យើង សៀវភៅបង្ហាញអំពីចំណង់ចំណូលចិត្តរបស់យើង និងធ្វើឱ្យយើងយល់ដឹងថាគ្រប់ដែនកំណត់ទាំងអស់គឺយើងជាអ្នកកំណត់ដោយខ្លួនឯង និងការកម្រិតនៃដែនកំណត់។ជាធម្មតាគឺស្ថិតនៅក្នុងចិត្តរបស់យើង ហើយសៀវភៅមានសក្តានុពលក្នុងការធ្វើឱ្យប្រសើរឡើងនូវការជឿជាក់ដើម្បីឱ្យត្រូវនឹងជោគវាសនារបស់យើង។

នេះជាការពិតមែនហើយ ពិភពលោកទាំងមូលអាចស្ថិតនៅក្នុងសៀវភៅដ៏អស្ចារ្យមួយក្បាល មានសៀវភៅជាច្រើនបានដាក់លក់នៅលើទីផ្សារ ហើយមានសៀវភៅជាច្រើនត្រូវបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ។ យើងត្រូវដឹងថា តើយើងចង់បានអ្វីពិតប្រាកដពីសៀវភៅ ហើយអ្វីដែលជាដំណោះស្រាយនូវបញ្ហាដែលយើងកំពុងស្វែងរក។ សព្វថ្ងៃនេះមានគេហទំព័រ មានប្រយោជន៍ជាច្រើនដែលផ្តល់នូវខ្លឹមសារសំខាន់ៗអំពីសៀវភៅ ដែលធ្វើឱ្យការជ្រើសរើសសៀវភៅមានភាពងាយស្រួល និងសម្បូរបែបសម្រាប់យើង។

ហេតុដូច្នេះហើយ យើងគួរតែស្វែងយល់ពីសៀវភៅប្រភេទណាដែលយើងកំពុងស្វែងរក ឧទាហរណ៍ យើងចូលចិត្តអានសៀវភៅអំពីការដោះស្រាយបញ្ហាផ្ទាល់ខ្លួន ព្រោះវាផ្តល់ប្រាជ្ញា ចំណេះដឹង គោលការណ៍សម្ងាត់ និងមេរៀនដែលអាចធ្វើឱ្យយើងសម្រេចបាននូវគោលដៅ ព្រមទាំងក្តីសុបិន្តទាំងអស់ ហើយសៀវភៅគឺជាជំនួយដ៍ល្អ ដែលអាចជួយប្រែក្លាយក្តីសុបិន្តរបស់យើងទៅជាការពិត វាអាចជួយគ្រប់ទិដ្ឋភាពនៃជីវិត សុខភាព ទ្រព្យសម្បត្តិ សម្ព័ន្ធភាព និងទំនាក់ទំនង។

សារៈសំខាន់នៃសៀវភៅ៖
១. សៀវភៅបង្កើនចំណេះដឹងទាក់ទងទៅនឹងវាក្យសព្ទ ប្រសិនបើយើងបានអានសៀវភៅកាន់តែច្រើនកាលណា យើងក៍នឹងកាន់តែរីកចម្រើនបានរហ័សទៅតាមនឹងដែរ។
២. សៀវភៅធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍអារម្មណ៍ វាធ្វើឱ្យយើងកាន់តែយល់ចិត្ត ជួយរក្សាតុល្យភាព អារម្មណ៍ និងអាចជះឥទ្ធិពលអវិជ្ជមានទៅលើការលូតលាស់ផ្លូវអារម្មណ៍របស់យើង។
៣. ការអានសៀវភៅជាប្រចាំជួយជំរុញការស្រមើស្រមៃ ពន្លឿនការអភិវឌ្ឍផ្លូវអារម្មណ៍ និងជំរុញនៃការ យល់ដឹងកាន់តែច្បាស់អំពីធម្មជាតិ។
៤. ផ្តល់ការលើកទឹកចិត្ត សន្តិភាពភាពផ្លូវចិត្ត ភាពរីករាយ និងភាពក្លាហាន ព្រមទាំងមើលស្ថានភាពគ្រប់យ៉ាងក្នុងផ្លូវវិជ្ជមាន។
៥. ធ្វើឱ្យយើងស្វែងយល់ពីសារៈសំខាន់នៃពេលវេលា ហើយសៀវភៅធ្វើឱ្យយើងយល់ថាយើងគួរតែសប្បាយចិត្តចំពោះអ្វីដែលយើងមាននៅពេលដែលយើងកំពុងធ្វើគ្រប់យ៉ាងទាំងអស់ដើម្បីអ្វីដែលយើងចង់បាន។
៦. ផ្តល់ចំណេះដឹងធ្វើឱ្យយើងមានប្រាជ្ញាឈ្លាសវៃ។
៧. ធ្វើឱ្យប្រសើរឡើងនូវវិសាលភាពនៃការផ្តោតអារម្មណ៍ និងកម្រិតនៃការផ្តោតអារម្មណ៍។
៨. សៀវភៅផ្តល់នូវដំណោះស្រាយស្ទើរតែគ្រប់បញ្ហា វាជួយគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង ទាំងជីវិតគ្រួសារ មិត្តភាព ទំនាក់ទំនង អាជីពការងារ សុខភាពផ្លូវចិត្ត និងអ្វីៗផ្សេងទៀតជាច្រើន។
៩. សៀវភៅផ្តល់នូវមធ្យោបាយឆ្ពោះទៅកាន់ក្តីស្រមើស្រមៃរបស់យើង មនុស្សម្នាក់ៗដែលមានក្តីស្រមៃថានឹងធ្វើអ្វីមួយ គឺអាចនឹងមានកម្លាំងថាមពលដើម្បីសម្រេចនូវក្តីស្រមៃនោះបាន។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://seeken.org/why-are-books-important/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង