ប្រធានបទ “វិធីសាស្រ្ត៥យ៉ាងដើម្បីបង្រៀនការគិតបែបត្រិះរិះក្នុងការអប់រំក្នុងកម្រិតបឋមសិក្សា”

ប្រធានបទ “វិធីសាស្រ្ត៥យ៉ាងដើម្បីបង្រៀនការគិតបែបត្រិះរិះក្នុងការអប់រំក្នុងកម្រិតបឋមសិក្សា”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្រ្ត៥យ៉ាងដើម្បីបង្រៀនការគិតបែបត្រិះរិះក្នុងការអប់រំក្នុងកម្រិតបឋមសិក្សា”
អត្ថបទដោយ : ញឹម ពិសិដ្ឋ
#MJQE#AmericanInterconSchool

ជំនាញគិតបែបត្រិះរិះ គឺជាធាតុផ្សំដ៏សំខាន់មួយនៃការអប់រំកម្រិតបឋមសិក្សា ប៉ុន្តែការបង្រៀនពួកគេជារឿយៗអាចជាបញ្ហាប្រឈមសម្រាប់លោកគ្រូ អ្នកគ្រូបង្រៀនកម្រិតបឋមសិក្សា។ អ្វីដែលសំខាន់គឺថាតើយើងបញ្ចូលវាទៅក្នុងមេរៀនប្រចាំថ្ងៃដោយរបៀបណា?

ការគិតបែបត្រិះរិះ គឺលើសពីការចងចាំ ការលើកទឹកចិត្តសិស្សឱ្យធ្វើការភ្ជាប់គំនិតដោះស្រាយបញ្ហា ការគិតប្រកបដោយភាពច្នៃប្រឌិត និងការអនុវត្តចំណេះដឹងតាមវិធីថ្មី។ ខាងក្រោមនេះគឺជាវិធីសាស្រ្ត៥យ៉ាងដែលយើងគួរអនុវត្តក្នុងការបង្រៀនការគិតបែបត្រិះរិះទៅដល់សិស្សនៅកម្រិតបឋមសិក្សា៖

1. ការសួរសំណួរ (Inquiring)
ការសួរសំណួរ ជាពិសេសសំណួរបើកគឺជាការផ្តល់ឱកាសឱ្យសិស្សអនុវត្តនូវអ្វីដែលពួកគេបានរៀន និងពង្រឹងចំណេះដឹងដែលពួកគេមានស្រាប់។ វាក៏អនុញ្ញាតឱ្យពួកគេដោះស្រាយបញ្ហាដោយខ្លួនឯង និងផ្តល់ឱកាសឱ្យពួកគេបង្ហាញពីសម្ថភាព។

2. លើកទឹកចិត្តឱ្យសិស្សចេះសម្រេចចិត្ត (Encourage decision-making tasks)
ចំនុចនេះមានការពាក់ព័ន្ធយ៉ាងស្អិតរមួតទៅនឹងការបង្រៀនការគិតបែបត្រិះរិះ។ ទាក់ទងនឹងការអនុវត្តចំណេះដឹង និងការវាយតម្លៃដំណោះស្រាយ លោកគ្រូ អ្នកគ្រូនៅកម្រិតបឋមសិក្សាគួរតែលើកទឹកចិត្តសិស្សឱ្យចេះធ្វើការសម្រេចចិត្តតាមដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះអាចជួយឱ្យសិស្សអនុវត្តនូវចំនេះដឹងដែលពួកគេបានរៀន ហើយយកវាទៅប្រើប្រាស់ក្នុងស្ថានភាពផ្សេងៗ។ លើសពីនេះទៅទៀត ពួកគេនឹងចេះថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃដំណោះស្រាយផ្សេងៗមុននឹងសម្រេចចិត្តថាតើគំនិតមួយណាដែលសមស្រប និងមានប្រសិទ្ធភាព ខ្ពស់។

3. ការធ្វើការជាក្រុម (Group Work)
ការធ្វើផែនការ និងការពិភាក្សាជាក្រុម គឺជាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់លោកគ្រូ អ្នកគ្រូដើម្បីជម្រុញដល់ជំនាញក្នុងការគិត។ ការរៀនបែបសហការ ជួយពង្រីកការគិត និងទស្សនៈទូទៅរបស់កូនសិស្សតាមរយៈការបង្ហាញឱ្យពួកគេឃើញថា វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាមិនមែនមានតែមួយនោះទេ។

4. ការផ្សារភ្ជាប់គំនិត (Linking ideas)
ការរៀនភ្ជាប់គំនិតផ្សេងៗបញ្ចូលគ្នា គឺជាគន្លឹះក្នុងការបង្រៀនការគិតបែបត្រិះរិះ។ ឧទាហរណ៍៖ គ្រូបង្រៀនថ្នាក់បឋមសិក្សាអាចសួរសិស្សថាតើពួកគេស្គាល់នរណាម្នាក់ដែលត្រូវជិះរថយន្តក្រុងទៅធ្វើការ។ ហើយហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់នោះដែលត្រូវមានកាលវិភាគរថភ្លើង។ សំណួរបែបនេះជួយកុមារឱ្យពិចារណាពីស្ថានភាពផ្សេងៗគ្នា និងស្វែងរកដំណោះដែលអាចធ្វើទៅបាន (ឧទាហរណ៍៖ ជិះរថភ្លើងជំនួស) ក្នុងការជួយពួកគេឱ្យអនុវត្តចំណេះដឹងជាមុនចំពោះបរិបទថ្មី។

5. បំផុសគំនិតច្នៃប្រឌិត (Inspiring Creativity)
ការស្រមើស្រមៃ គឺជាគន្លឹះក្នុងការបង្រៀនតាមបែបត្រិះរិះនៅកម្រិតបឋមសិក្សា។ គ្រូបង្រៀនគួររិះរកវិធីសាស្រ្ត ថ្មីៗដើម្បីឱ្យកូនសិស្សប្រើប្រាស់ចំនេះដឹងដើម្បីបង្កើតអ្វីដែលថ្មី។ សិល្បៈគឺជាជម្រើសមួយដ៏ល្អបំផុតដើម្បីជួយ ជំរុញបន្ថែមដល់កូនសិស្ស។ សិស្សានុសិស្សក៏អាចបង្កើតការច្នៃប្រឌិតរបស់ពួកគេបានផងដែរតាមរយៈការ សរសេររឿងខ្លីៗ កំណាព្យ ល្បែងកម្សាន្តបែបអប់រំ និងចម្រៀង។

ដកស្រង់ចេញពីគេហទំព័រ៖
– https://www.waldenu.edu/online-bachelors-programs/bs-in-elementary-education/resource/seven-ways-to-teach-critical-thinking-in-elementary-education
– https://www.wikihow.com/Teach-Critical-Thinking

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង