ប្រធានបទ “វិធីសាស្ត្រ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ”

ប្រធានបទ “វិធីសាស្ត្រ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្ត្រ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ”
អត្ថបទដោយ : ហេង សុវណ្ណារិទ្ធ
#MJQE #American Intercon School

ឪពុកម្តាយ ឬអ្នកអាណាព្យាបាលតែងផ្តល់ឱកាសឱ្យកូនរៀនសូត្រអ្វីដែលថ្មីៗ និងលើកទឹកចិត្តឱ្យកូនចូលរួមសកម្មភាពថ្មីៗ ដើម្បីស្វែករកអ្វីដែលពួកគេស្រឡាញ់ និងចូលចិត្តក្នុងបំណងជួយឱ្យពួកគេមានចំណេះដឹងសមត្ថភាព ភាពក្លាហាន និងជម្នះភាពភ័យខ្លាចនៅពេលនៅក្នុងដំណើរជីវិត។ ទន្ទឹមគ្នានេះ កុមារឆ្លាត កុមារក្លាហាន កុមារសិក្សាបានលទ្ធផលល្អអាស្រ័យដោយជំនួយប៉ិនប្រសប់ពីឪពុកម្តាយទៅកាន់កូន។ ខាងក្រោមនេះជាវិធីសាស្ត្រ៧ចំណុចជួយឱ្យកុមារចូលចិត្តរៀនសូត្រ៖

ចំណុច១ : ផ្តល់ឱកាសឱ្យកុមារអាយុក្រោមពី២ឆ្នាំលេងដោយសេរី
វ័យនេះកុមារចូលចិត្តលេងដោយខ្លួនឯង និងស្វែងយល់ពីបរិយាកាសជុំវិញខ្លួន។ កុមារកំពុងសាកល្បងស្វែងយល់ពីរបៀបលេងថ្មីៗ ដូច្នេះហើយឪពុកម្តាយគួរអនុញ្ញាតឱ្យពួកគេលេងអ្វីដែរថ្មីដោយខ្លួនឯង ប៉ុន្តែមិនត្រូវទុកពួកគេចោលឱ្យដាច់ពីក្រសែភ្នែករបស់អ្នកឡើយ។

ចំណុច២ : អនុញ្ញាតឱ្យកូនលេងជាមួយក្មេងដទៃ
នៅពេលដែលកូនរបស់អ្នកមានអាយុចន្លោះចាប់ពី២ ទៅ៣ឆ្នាំ គួរអនុញ្ញាតឱ្យពួកគេលេងជាមួយក្មេងដទៃទៀតដែលជួយឱ្យពួកគេចាប់ផ្តើមរៀនអ្វីដែលថ្មីពីជាមួយក្មេងដទៃ ។ ទន្ទឹមគ្នានេះ ម្តាយឪពុកគួរកុំបង្ខំពួកគេឱ្យលេងជាមួយក្មេងដទៃ ប្រសិនបើកូនរបស់អ្នកមិនទាន់បានត្រៀមខ្លួន សូមផ្តល់ពេលវេលាឱ្យពួកគេរៀនស្វែងយល់ដោយខ្លួនឯង។

ចំណុច៣ : លើកទឹកចិត្តកុមារឱ្យលេងតាមក្តីស្រមៃ
កូនចេះស្រមើស្រមៃចង់ធ្វើអ្វីមួយជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ហើយអាចជួយដល់ការរៀនសូត្ររបស់ពួកគេឱ្យកាន់តែប្រសើរ។ ប្រសិនបើការស្រមើស្រមៃរបស់ពួកគេមើលទៅដូចជាប្លែកៗ (ឆ្កួតលីលា) សូមកុំព្យាយាមបញ្ឈប់ពួកគេ តែអាចលើកទឹកចិត្តពួកគេឱ្យបន្តការស្រមើស្រមៃដោយភាពច្នៃប្រឌិត។

ចំណុច៤ : លេងល្បែងកម្សាន្ត
ឪពុកម្តាយអាចនាំកូនលេងល្បែងកម្សាន្តដែលសប្បាយៗ ងាយៗ ដោយបញ្ចូលការរៀនសូត្រទៅជាមួយដូចជាលេងរាប់លេខ ទាយឈ្មោះសត្វ និងល្បែងកម្សាន្តជាច្រើនទៀតដែលជួយឱ្យកូនលោកអ្នករៀនសូត្រយ៉ាងសប្បាយរីករាយ ។

ចំណុច៥ : ផ្តល់ឱកាសឱ្យកូនបញ្ចេញគំនិតផ្ទាល់ខ្លួន
អ្នកអាចសួរសំណួរទៅកាន់កូនៗរបស់អ្នកអ្វីដែលពួកគេកំពុងគិត និងអារម្មណ៍របស់ពួកគេ ហើយលើកទឹកចិត្តឱ្យពួកគេក្លាយហានឆ្លើយតប និងបញ្ចេញមតិផ្ទាល់ខ្លួន។ សូមស្តាប់កូនដោយយកចិត្តទុកដាក់ ដើម្បីជួយឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ។

ចំណុច៦ : បណ្តុះទម្លាប់អានសៀវភៅជួយឱ្យកុមាររីកចម្រើន
ម្តាយឪពុកព្យាយាមអានសៀវភៅឱ្យឮៗជាប្រចាំ នោះកូននឹងយកតម្រាប់តាមជាក់ជាពុំខាន។ តែប្រសិនបើអ្នកមានកូនធំដែលចេះអានអក្សរ សូមលើកទឹកចិត្តពួកគេឱ្យអានដោយខ្លួនឯងជារៀងរាល់ថ្ងៃ និងជ្រើសរើសសៀវភៅដែលពួកគេចូលចិត្ត។

ចំណុច៧ : បណ្តុះចំណាប់អារម្មណ៍ដល់កូន
ប្រសិនបើអ្នកចូលចិត្តធ្វើម្ហូប អ្នកអាចនិយាយអំពីការងារចម្អិនម្ហូបដល់កូន ឬអ្នកអាចនាំកូនរបស់អ្នកធ្វើម្ហូបជាមួយគ្នា ហើយប្រសិនបើកូនរបស់អ្នកចង់រៀនស្វែងយល់អំពីប្រទេសផ្សេងៗនៅក្នុងពិភពលោក អ្នកអាចចែករំលែកបទពិសោធន៍ដែលអ្នកធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជាមួយពួកគេ។ លើសពីនេះសាកល្បងសួរកូនថា ប្រទេសណាខ្លះដែលពួកគេចង់ទៅដោយប្រើប្រាស់ផែនទី ឬរូបភាពនៃប្រទេសនីមួយៗ ដើម្បីសួរអ្វីដែរពួកគេបានឃើញនៅក្នុងរូបភាពនោះ។ ប្រសិនកូនចង់ដឹងចង់ដឹងពីប្រទេសទាំងនេះ ឪពុកម្តាយត្រូវសហការបង្ហាញព័ត៌មានដល់កូន ព្រមទាំងឆ្លើយតបដោយរីករាយ។ (មុននឹងដើរត្រូវគិតពីវិន័យ មុននឹងនិយាយស្តីត្រូវគិតពីសេចក្តីថ្លៃថ្នូរ)

ដកស្រង់ចេញពី : www.ams.com.kh

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង