ប្រធានបទ “វិធីសាស្ត្រទាំង១០ក្នុងការសន្សំប្រាក់ ដើម្បីសម្រេចគម្រោងដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកដោយជោគជ័យ”

ប្រធានបទ “វិធីសាស្ត្រទាំង១០ក្នុងការសន្សំប្រាក់ ដើម្បីសម្រេចគម្រោងដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកដោយជោគជ័យ”

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “វិធីសាស្ត្រទាំង១០ក្នុងការសន្សំប្រាក់ ដើម្បីសម្រេចគម្រោងដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកដោយជោគជ័យ”
អត្ថបទដោយ : ឡោ ណាវុធ
#MJQE #American Intercon School

តើអ្នកនឹងត្រូវចំណាយអស់ប៉ុន្មានសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នក? តើត្រូវធ្វើការសន្សំប្រាក់យ៉ាងណាខ្លះ ដើម្បីឱ្យសម្រេចគម្រោងដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នក?

ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង១០ក្នុងការសន្សំប្រាក់ ដើម្បីសម្រេចគម្រោងដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកដោយជោគជ័យ៖
១. បង្កើតផែនការសន្សំ
ខាងក្រោមនេះជា៥ជំហានសម្រាប់ផែនការសន្សំដ៏ល្អ៖
– ការវាយតម្លៃ : ប្រៀបធៀបផែនការដំណើរកម្សាន្តរបស់អ្នកទៅនឹងភាពពិត នៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ តើវាជាអ្វីដែលអាចធ្វើទៅបាន ឬវាគ្រាន់តែជាក្តីសុបិនចោលរបស់អ្នក? អ្នកត្រូវធ្វើការសម្រេចចិត្តដ៏ស្មោះត្រង់មួយសម្រាប់ខ្លួនឯង។ អ្នកត្រូវចាប់ផ្តើមរៀបចំបញ្ជីចំណូល និងការចំណាយរបស់អ្នក។

– កំណត់គោលដៅ : ផែនការសន្សំរបស់អ្នកគួរតែមានគោលដៅថា អ្នកនឹងត្រូវការរយៈពេលខ្លី ឬរយៈពេលវែងសម្រាប់ការសន្សំរបស់អ្នក។ រាយគោលដៅរបស់អ្នកឱ្យជាក់លាក់។

– ការបង្កើតផែនការ : ផែនការសន្សំនេះរៀបរាប់លម្អិតពីរបៀប ដែលអ្នកអាចសម្រេចគោលដៅរបស់អ្នក។ វាអាចធ្វើបានដោយដកការចំណាយដែលមិនចាំបាច់ កំណត់ការចំណាយតឹងរ៉ឹង ឬបន្ថែមប្រាក់ចំណូលបន្ថែម ដើម្បីសម្រេចគោលដៅរបស់អ្នក។

– ការអនុវត្ត : ដាក់ផែនការរបស់អ្នក និងអនុវត្ត។

– ការត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ : មួយរយៈកន្លងទៅ ផែនការរបស់អ្នកនឹងវិវត្ត ហើយទម្លាប់ចំណាយរបស់អ្នកនឹងផ្លាស់ប្តូរ។ សូមក្រឡេកមើលវឌ្ឍនភាពរបស់អ្នករៀងរាល់ខែ ហើយពិនិត្យឡើងវិញសម្រាប់ការកែតម្រូវដែលអាចកើតមាន។

២. ប្តេជ្ញាចំពោះក្តីសុបិនរបស់អ្នក
គន្លឺះដំបូងរបស់យើងក្នុងការសន្សំប្រាក់ (សម្រាប់ការធ្វើដំណើរកម្សាន្ត) គឺត្រូវចាំពីមូលហេតុដែលអ្នកធ្វើបែបនេះ ហើយដើម្បីរំឭកខ្លួនឯងរាល់ថ្ងៃ ដាក់រូបភាពនៅលើជញ្ជាំង ឬផែនទីដែលមានគូសចំណាំ ដើម្បីសម្គាល់ក្តីសុបិនរបស់អ្នកជុំវិញផ្លូវធ្វើដំណើរកម្សាន្តរបស់អ្នក។ ការសន្សំប្រាក់អាចជាការតាំងចិត្ត ឬការខំប្រឹងមួយ ប៉ុន្តែអ្នកណាម្នាក់ក៏អាចធ្វើវាបានប្រសិនបើពួកគេពិតជាមានការខំប្រឹងខ្ពស់ និងតាំងចិត្តមែន។ ខាងក្រោមនេះជាការប្តេជ្ញាមួយចំនួនដែលជួយសម្រេចក្តីសុបិនរបស់អ្នក។
– កាត់បន្ថយការចំណាយរបស់អ្នក។
– សម្រួលជីវិតរបស់អ្នក។
– លក់របស់របរមួយចំនួន។
– រកប្រាក់ចំណូលបន្ថែមខ្លះ។
– បង្កើតទម្លាប់នៃភាពសន្សំសំចៃ (សន្សំដោយគ្មានការអៀនខ្មាស! ឱ្យតែសន្សំបានគឺសន្សំ!)

៣. វាយតម្លៃការចំណាយរបស់អ្នក
ធ្វើសៀវភៅបញ្ជី និងរាយរាល់ការចំណាយប្រចាំថ្ងៃ/ប្រចាំខែរបស់អ្នក។ រៀបចំជាពីរជួរឈរ “តម្រូវការ” និង “ចង់បាន” ។ លុបចោលរាល់អ្វីដែលអ្នក “ចង់បាន” ពីរបស់ដែលអ្នកទិញជាប្រចាំ។

៤. ញ៉ាំក្រៅតិច
ការញ៉ាំអាហារនៅខាងក្រៅ គឺផ្តល់ភាពងាយស្រួល និងមានផាសុខភាព ជាពិសេសនៅភោជនីយដ្ឋាន។ ប៉ុន្តែ នេះជាឧបសគ្គមួយសម្រាប់ផែនការសន្សំប្រាក់របស់អ្នក។ ដូចនេះ ត្រូវកាត់បន្ថយការចំណាយដោយការរៀនធ្វើម្ហូបដោយខ្លួនឯង ឬញ៉ាំអារហារនៅផ្ទះ។

៥. យប់ហើយ នៅផ្ទះទៅ
ការទៅលេងនៅបា និងក្លិបនានាជាការបង្ខំឱ្យសមតុល្យគណនីរបស់អ្នកធ្លាក់ចុះយ៉ាងលឿន! យ៉ាងហោចណាស់ អ្នកក៏ត្រូវចំណាយ២ ទៅ៣ដុល្លារទៅលើភេសជ្ជៈ នេះមិនគិតពីការចំណាយទៅលើអាហារ។ ដូចនេះ បើអ្នកនៅផ្ទះ អ្នកអាចសន្សំប្រាក់បានមួយចំនួន។

៦. កាត់បន្ថយការប្រើប្រាស់ផ្សេងៗ
កាត់បន្ថយពីការបើកបររថយន្តមកបើកបរម៉ូតូ និងបើអាចកាត់បន្ថយការបើកបរម៉ូតូមកកង់។ កាត់បន្ថយការប្រើប្រាស់អគ្គិសនីដោយបើកទ្វារ ឬបង្អួច ដើម្បីឱ្យមានពន្លឺចេញចូលគ្រាប់គ្រាន់ ដើម្បីចៀសវាងការបើកអំពូលភ្លើងច្រើន។ កាត់បន្ថយពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់មកប្រើកង្ហារ និងកាត់បន្ថយពីការប្រើប្រាស់កង្ហារ ដោយការបើកទ្វារ ឬបង្អួចដើម្បីឱ្យមានខ្យល់ចេញចូល។

៧. កាត់បន្ថយ ឬឈប់ជក់បារី
បើមួយអាទិត្យអ្នកជក់បារីអស់មួយកញ្ចប់ ហើយបើបារីមួយកញ្ចប់តម្លៃ១ដុល្លារ ដូចនេះក្នុងមួយខែអ្នកអាចនឹងចំណាយ៤ដុល្លារ។ បញ្ឈប់ការជក់បារី អ្នកមិនត្រឹមតែអាចអាចសន្សំបាន៤៨ដុល្លារក្នុងមួយឆ្នាំតែប៉ុន្នោះទេ វាអាចជួយសង្គ្រោះអាយុជីវិតអ្នក!

៨. ទិញសម្លៀកបំពាក់ដែលបញ្ចុះតម្លៃ ឬសម្លៀកបំពាក់ជជុះ
ជាធម្មតា អ្នកអាចសន្សំសំចៃបានមួយចំនួនធំទៅលើសម្លៀកបំពាក់។ សម្លៀកបំពាក់ថ្មីមានតម្លៃថ្លៃ! ប៉ុន្តែបើមានការបញ្ចុះតម្លៃគួរតែទិញ។ ចំណែកឯសម្លៀកបំពាក់ជជុះមានតម្លៃធូរថ្លៃ ប៉ុន្តែក៏មានគុណដែលគួរតែគិតក្នុងការចំណាយ (ចាស់គេ ថ្មីយើង)។

៩. កាត់បន្ថយការជួបជុំ និងដកខ្លួនអ្នកពីមនុស្សដែលមិនមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ
ទៅជាមួយមិត្តភក្តិរបស់អ្នក និងចេញទៅក្រៅរាល់យប់ដើម្បីញ៉ាំអាហារ ទិញគ្រឿងអេឡិចត្រូនិកថ្លៃៗ ស្បែកជើង ខោអាវថ្មី… នឹងបំផ្លាញទឹកចិត្តក្នុងការប្តេជ្ញាចិត្តក្នុងការសន្សំប្រាក់របស់អ្នក។ ដូច្នេះ កុំធ្វើអញ្ចឹង! សូមកុំឱ្យការប្តេជ្ញាចិត្តរបស់អ្នកក្នុងការសន្សំប្រាក់សម្រាប់ដំណើរកម្សាន្តក្រៅប្រទេសរបស់អ្នកក្លាយជាការចំណាយខ្ជះខ្ជាយ និងការជួបជុំជប់លៀងជាមួយក្រុមមិត្តភក្តិរបស់អ្នកវិញ។

១០. កក់សំបុត្រយន្តហោះទុកមុនដើម្បីបានតម្លៃធូរថ្លៃ
ជាធម្មតា សំបុត្រយន្តហោះឡើងថ្លៃក្នុងកំឡុពេល៣សប្តាហ៍ចុងក្រោយមុនពេលចេញដំណើរ។ ការកក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាវិធីមួយដែលងាយស្រួលបំផុត ដើម្បីធានាថាអ្នកនឹងទទួលបានតម្លៃទាបបំផុត។

វិធីសាស្រ្តក្នុងការសន្សំប្រាក់សម្រាប់ដំណើរកម្សាន្តក្រៅប្រទេសមានច្រើន អាស្រយ័ទៅតាមបុគ្គល។ លោកអ្នក អាចជ្រើសយកវិធីសាស្រ្តណាមួយក្នុងចំណោមវិធីសាស្រ្តទាំង១០ ដែលបានរៀបរាប់ខាងលើដែលលោកអ្នកគិតថា មានប្រសិទ្ធភាពសម្រាប់អ្នក។

ដកស្រង់ចេញពី :
– https://www.airtreks.com/ready/how-to-save-money-for-a-rtw-trip/
– https://www.forbes.com/sites/johnnyjet/2017/10/06/10-tips-for-booking-cheaper-flights/?sh=3cf2940a25a8

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង