ប្រធានបទ “ល្បែងប្រជាប្រិយខ្មែរ បាយខុំ”

ប្រធានបទ “ល្បែងប្រជាប្រិយខ្មែរ បាយខុំ”

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “ល្បែងប្រជាប្រិយខ្មែរ បាយខុំ”
អត្ថបទដោយ : លុយ វិបុល
#MJQE #AmericanInterconSchool

ក្នុងកាលៈទេសៈនេះ នាងខ្ញុំសូមនាំចំណាប់អារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់មករំឭកអនុស្សាវរីយ៍កាលវ័យកុមារជាមួយគ្នា ដើម្បីបានធូរស្បើយពីអារម្មណ៍តានតឹង និងការលំបាកទាំងឡាយដោយសារជំងឺកូវីដ-១៩។ មិត្តអ្នកអានជាទីស្រលាញ់ ប្រហែលជាអាចមានអារម្មណ៍ដូចជាខ្ញុំដែរ។

ការឈានមកដល់មជ្ឈិមវ័យ ប្រាកដជាធ្លាប់ឆ្លងកាត់លេងល្បែងកម្សាន្តបែបប្រជាប្រិយខ្មែរ។ ដូច្នេះ ខ្ញុំចង់រំឭកអនុស្សាវរីយ៍កាលនៅវ័យកុមារ មានល្បែងប្រជាប្រិយខ្មែរយើងជាច្រើនដែលក្មេងខ្ញុំ ក្មេងគេជួបជុំគ្នាលេងមិនចេះជិនណាយក្នុងបរិយាកាសរីករាយ និងបង្កើតសម្លេងដ៏សប្បាយអឺងកង។ ក្រុមខ្លះលេងល្បែងនេះ ក្រុមខ្លះលេងល្បែងនោះ ឬចប់ពីល្បែងមួយចូលលេងល្បែងមួយទៀត ចប់ពីមួយទៅមួយអាស្រ័យទៅលើពេលវេលាដែលគេទំនេរ។ ក្រុមក្មេងប្រុសចូលចិត្តលេងល្បែងដែលបញ្ចេញញើសដូចទៅនឹងការហាត់ប្រាណដូចជាការលេងឈូស លេងហ៊ឹង លេងដេញចាប់ លេងទាញព្រ័ត្រជាដើម។

ល្បែងខ្លះទៀតលេងបានទាំងក្មេងប្រុសទាំងក្មេងស្រីដូចជាលោតអន្ទាក់ លោតម៉ឹក ខ្លែងឆាបកូនមាន់ លេងត្រែស លេងបិទបួន និងល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែបជាច្រើនទៀត។ នៅក្នុងចំណោមល្បែងប្រជាប្រិយទាំងអស់នេះ តើមិត្តអ្នកអានធ្លាប់លេង “ល្បែងបាយខុំ” ទេ? សម្រាប់ខ្ញុំវិញ បាយខុំជាល្បែងដែលខ្ញុំចូលចិត្តលេង ពីព្រោះវាបានធ្វើឱ្យខ្ញុំសប្បាយរីករាយ និងមានសន្តិភាពក្នុងចិត្ត។ តោះ! យើងទៅមើលរបៀបលេងនៃល្បែងបាយខុំនេះទាំងអស់គ្នា។

យោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត បាយខុំ ជាឈ្មោះល្បែងមានរន្ធ១០ ក្នុងឈើមានសណ្ឋានទ្រវែងស្រដៀងនឹងពងក្រពើ មានគ្រាប់៤២ ដាក់ក្នុងរន្ធហៅថា ក្បាលមឿង ឬក្បាលជីមឿងទាំងពីរសងខាង ក្នុង១រន្ធដាក់គ្រាប់៥ (ជា១០) រន្ធជាបរិវារ៨ទៀតក្នុងមួយរន្ធៗ ដាក់គ្រាប់បួនៗ (ជា៣២) ក្មេងដែលគ្មានឈើក្តារ បាយខុំនោះ នាំគ្នាកាយធ្វើរន្ធលេងផ្ទាល់នឹងដី ពួកគេលេងបាយខុំក្នុងថ្ងៃចូលឆ្នាំ។

រន្ធបាយខុំ៖
រន្ធបាយខុំមាន១០ អ្នកលេងម្នាក់មាន៥រន្ធ ឬហៅថា មួយស្រុក។ ជាទូទៅ រន្ធធម្មតាបួននៅខាងមុខអ្នកលេង ហើយរន្ធធំមួយហៅថាក្បាលមឿង នៅចន្លោះរន្ធធម្មតាទាំងពីរជួរ ហើយខិតទៅខាងស្ដាំ (សូមមើលរូប)។ នៅជនបទគេកាយរន្ធបាយខុំលើដី ឬគេក៏អាចធ្វើខួងរន្ធបាយខុំលើក្ដារបន្ទះក៏បាន។ គេអាចហៅក្ដារនោះថាក្ដារបាយខុំ។ ពណ៌លឿងជាស្រុកមួយ ពណ៌ស្លាទុំជាស្រុកមួយ ហើយរន្ធពីរនៅសងខាងហៅថាក្បាលមឿង រន្ធ៨ទៀតជារន្ធធម្មតា។

គ្រាប់បាយខុំ៖
អាស្រ័យនឹងជីវភាព គេអាចយកអ្វីមកធ្វើជាគ្រាប់បាយខុំក៏បាន ស្រេចតែនឹងងាយលេង។ គ្រាប់បាយខុំអាចជាគ្រាប់អំពិល ឬគ្រាប់គ្រួស សំបកខ្ចៅ ជាដើម។ ជាធម្មតាគេប្រើគ្រាប់ ៤២គ្រាប់ គឺរន្ធធម្មតាមាន ៤គ្រាប់ក្នុងមួយរន្ធ និងក្បាលមឿងមាន៥គ្រាប់ក្នុងមួយរន្ធ។ ប៉ុន្តែ គេអាចដាក់គ្រាប់ច្រើនជាងនេះក៏បាន ស្រេចតែអ្នកលេងទាំងពីរនាក់ គេព្រមព្រៀងគ្នាសន្មត់យក ឬមិនដូច្នោះទេ អាស្រ័យទៅតាមតំបន់ ឬទម្លាប់ដែលចេះចាំតមកពីដូនតា។

របៀបលេង៖
១. របៀបដើរទូទៅ
ដំបូង គេរាយគ្រាប់ក្នុងរន្ធនីមួយៗតាមទម្លាប់ បន្ទាប់មកគេរកអ្នកចាប់ផ្ដើមលេង។ តាមទម្លាប់ គេត្រូវប៉ាវ ហើយអ្នកឈ្នះចាប់ផ្ដើមដើរមុន។
របៀបដើរ គឺអ្នកដើរត្រូវចាប់យកគ្រាប់ពីរន្ធណាមួយក៏បានក្នុងស្រុករបស់ខ្លួន ហើយរាយគ្រាប់ម្ដងមួយគ្រាប់ៗក្នុងរន្ធបន្តបន្ទាប់ (ទៅខាងណាក៏បាន) រហូតដល់អស់គ្រាប់។ កាលបើអស់គ្រាប់ពីដៃ អាចមានករណីបីយ៉ាង។
ទី១៖ បើរន្ធបន្ទាប់ពីរន្ធដែលគេទម្លាក់ចូលចុងក្រោយមានគ្រាប់ គេត្រូវចាប់គ្រាប់ក្នុងរន្ធនោះទាំងអស់ ហើយដើរទៅមុខទៀត រហូតដល់ស៊ី ឬឃ្វាង។
ទី២៖ បើរន្ធបន្ទាប់ពីរន្ធដែលគេទម្លាក់ចូលចុងក្រោយមួយទទេគ្មានគ្រាប់ ហើយរន្ធបន្ទាប់មួយទៀតមានគ្រាប់ អ្នកដែលកំពុងដើរនោះ ដកយកគ្រាប់ក្នុងរន្ធទីពីរនោះទុកទាំងអស់ រួចហើយដល់វេនអ្នកម្ខាងទៀងដើរ។ នេះហៅថាស៊ី។
ទី៣៖ បើរន្ធបន្ទាប់ពីរន្ធដែលគេទម្លាក់ចូលចុងក្រោយទទេ២រន្ធបន្តបន្ទាប់គ្នា គេហៅថាឃ្វាង។ អ្នកដែលកំពុងដើរត្រូវឈប់ហើយ ដល់វេនអ្នកម្ខាងទៀងដើរវិញ។

២. ស៊ីបន្តបន្ទាប់ ឬខួងស៊ីៗ
ករណីដែលគេស៊ីពីរន្ធណាមួយ ហើយរន្ធទី១បន្ទាប់ពីរន្ធនោះទទេ តែរន្ធទី២មានគ្រាប់ គេដកគ្រាប់ក្នុងរន្ធទី២ បន្ទាប់ពីរន្ធស៊ីលើមុនទៀត។ ពេលស៊ីដូច្នេះ តាមទម្លាប់មុននឹងគេស៊ីរន្ធទីពីរនោះ គេយកដៃទៅវីក្នុងរន្ធទីមួយដើម្បីបញ្ជាក់ថាគ្មានគ្រាប់ ហើយនិយាយថា ខួង ទើបគេដកយកគ្រាប់ក្នុងរន្ធទីពីរ ហើយនិយាយថា ស៊ី។ ដូច្នេះហើយទើបគេហៅថា ខួងស៊ីៗយ៉ាងនេះ។ ជាទូទៅ គេខួងស៊ីប៉ុន្មានដងក៏បានដែរឱ្យតែរន្ធបន្តពីរន្ធដែលស៊ីទទេ ហើយរន្ធខាងមុខមួយទៀតមានគ្រាប់។

៣. ករណីអស់គ្រាប់ពីស្រុក
សូមចងចាំថា គេដើរបានតែកាលណាមានគ្រាប់ក្នុងស្រុកខ្លួនប៉ុណ្ណោះ។ បើកាលណាដល់វេនអ្នកម្ខាងណាដើរហើយ អ្នកនោះគ្មានគ្រាប់ក្នុងស្រុកសោះ អ្នកម្ខាងទៀតមានសិទ្ធិដើរ ហើយដើររហូតទាល់តែអ្នកដែលគ្មានគ្រាប់ក្នុងស្រុកមានគ្រាប់ដើរវិញ។

៤. បញ្ចប់
កាលណានៅសល់គ្រាប់តិច (៤គ្រាប់ចុះក្រោម) អ្នកទាំងសងខាងអាចព្រមព្រៀងចែកគ្រាប់គ្នាតាមស្ថានភាពជាក់ស្ដែង។ ជួនកាល អាចមានអ្នកម្ខាងខួងស៊ីៗ រហូតដល់អស់គ្រាប់រលីងតែម្ដង។

កំណត់ឈ្នះចាញ់៖
គេអាចកំណត់ឈ្នះចាញ់បានយ៉ាងហោចណាស់ពីររបៀប៖
១. ទីមួយគឺចប់មួយក្ដារ គេរាប់គ្រាប់ អ្នកបានគ្រាប់ច្រើនជាអ្នកឈ្នះ។
២. ទីពីរ គេលេងជុំថ្មីម្ដងហើយម្ដងទៀតរហូតដល់មានម្នាក់នៅសល់គ្រាប់តិចជាងចំនួនគ្រាប់ក្នុងក្បាលមឿង។ ដើម្បីលេងរបៀបទីពីរនេះ គឺគេចាប់ផ្ដើមជុំថ្មីដោយប្រើគ្រាប់ដែលស៊ីបានក្នុងជុំមុនដាក់ក្នុងស្រុកខ្លួន។ អ្នកមានគ្រាប់លើស រក្សាគ្រាប់លើសនោះទុក។ អ្នកខ្វះគ្រាប់ត្រូវដាក់ ក្បាលមឿងមុន ហើយទុករន្ធធម្មតាឱ្យសល់រន្ធដែលខ្វះគ្រាប់នោះ ហៅថា រន្ធស្អុយ។ គេចាត់ទុករន្ធស្អុយនេះថាមិនមាន ពោលគឺមិនរាយគ្រាប់ចូល ហើយមិនគិតថាជារន្ធទទេដើម្បីស៊ីទេ។ រន្ធស្អុយហើយគឺស្អុយរហូត។ កាលណាអ្នកណាមានរន្ធស្អុយរហូតដល់ក្បាលមឿង អ្នកនោះជាអ្នកចាញ់។

ពិន័យ៖
អ្នកចាញ់ត្រូវពិន័យផ្សេងៗតាមកំណត់។ របៀបពិន័យម្យ៉ាង គឺគេដាក់គ្រាប់ក្នុងរន្ធធម្មតា ហើយឱ្យអ្នកចាញ់នោះផ្លុំគ្រាប់ទាំងនោះចេញពីរន្ធឱ្យអស់ទើបលេងបន្តបាន។

ឯកសារយោង :
– វចនានុក្រមសម្ដេចសង្ឃជួន ណាត
– https://km.wikipedia.org/wiki/%E1%9E%9B%E1%9F%92%E1%9E%94%E1%9F%82%E1%9E%84%E1%9E%94%E1%9E%B6%E1%9E%99%E1%9E%81%E1%9E%BB%E1%9F%86

No Comments

Sorry, the comment form is closed at this time.

Back to Top