យុវវ័យឥឡូវងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

យុវវ័យឥឡូវងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “យុវវ័យឥឡូវងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?”
អត្ថបទដោយ : ប៉ែន មាលតី
#MJQE#AmericanInterconSchool

ជំងឺបាក់ទឹកចិត្តនៅលើយុវវ័យ គឺជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមួយដែលបណ្ដាលឱ្យយើងមានអារម្មណ៍សោកសៅ ឬលែងមានចំណាប់អារម្មណ៍ធ្វើអ្វីៗទាំងអស់។ ជំងឺនេះអាចជះឥទ្ធិពលមិនល្អទៅដល់ការគិត អារម្មណ៍ និងឥរិយាបថ ថែមទាំងអាចបណ្ដាលឱ្យមានបញ្ហាប៉ះពាល់ទៅដល់រាងកាយដូចគ្នា។ ចុះហេតុអ្វីបានជាយុវវ័យសព្វថ្ងៃ ងាយរងគ្រោះដោយសារបញ្ហាផ្លូវចិត្ត?

ចំពោះក្មេងៗជំទង់ អាចប្រឈមនឹងផលវិបាកច្រើនដែលផ្លូវចិត្តមិនអាចគ្រប់គ្រង និងចេះរកវិធីដោះស្រាយបាន។ ចំពោះមូលហេតុដែលបណ្ដាលឱ្យកើតជំងឺបាក់ទឹកចិត្ត នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានបញ្ហាជាច្រើនដែលអាចពាក់ព័ន្ធនឹងជំងឺនេះរួមមាន៖

អ័រម៉ូន : ការប្រែប្រួលតុល្យភាពរបស់អ័រម៉ូនក្នុងរាងកាយអាចជាកត្តាមួយដែលបណ្ដាលឱ្យកើតជំងឺបាក់ទឹកចិត្ត។ ការជួបហេតុការប៉ះទង្គិចផ្លូវចិត្តពីក្មេង ព្រឹត្តិការណ៍តក់ស្លុតផ្សេងៗដែលកើតឡើងទៅលើ ក្មេងៗនៅពេលវ័យតូចពេកដូចជា បាត់បង់មនុស្សជាទីស្រលាញ់ ម៉ាក់ប៉ាលែងលះគ្នា ឬរងនូវការរំលោភបំពាន ប្រើអំពើហិង្សាលើ អាចជាកត្តាមួយដក់ជាប់នៅក្នុងខួរក្បាល ដែលងាយធ្វើឱ្យកើតបញ្ហាផ្លូវចិត្ត។

តំណពូជ : បញ្ហាផ្លូវចិត្តមួយនេះ ភាគច្រើនក៏កើតទៅលើមនុស្សដែលធ្លាប់មានសមាជិកគ្រួសារកើតជំងឺបាក់ទឹកចិត្តដែរ (ដូចជាមានតាយាយ ឬម៉ាក់ប៉ាមានជំងឺបាក់ទឹកចិត្ត)។

មានផ្នត់គំនិតគិតអវិជ្ជមាន : ក្មេងៗវ័យជំទង់ប្រឈមនឹងការគិតអវិជ្ជមាន ជាពិសេសនៅពេលដែលត្រូវបរាជ័យក្នុងអ្វីមួយ ឬពេលត្រូវម៉ាក់ប៉ាស្ដីបន្ទោស ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាអស់សង្ឃឹម។ នេះក៏ជាកត្តាមួយដែលអាចឱ្យក្មេងៗប្រឈមនឹងជំងឺបាក់ទឹកចិត្តដែរ។ ក្រៅពីនេះ ការដែលបរាជ័យក្នុងការសិក្សា បរិយាកាសនៅក្នុងផ្ទះអាប់អួ គ្មានភាពកក់ក្ដៅ ក៏អាចជាបញ្ហាប៉ះពាល់ដល់ផ្លូវចិត្តក្មេងៗដែលងាយឱ្យកើតជំងឺបាក់ទឹកចិត្តដូចគ្នាដែរ។ ហើយឥឡូវនេះ យុវវ័យភាគច្រើនងាកទៅរកការសេពគ្រឿងស្រវឹង ជក់បារី ឬប្រើប្រាស់គ្រឿងញៀន ដើម្បីជាដំណោះស្រាយឱ្យអារម្មណ៍បានធូរស្រាល ទាំងដឹងថាការធ្វើបែបនេះ កាន់តែប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់ខ្លួនវិញ។

ចុះបើក្មេងៗកើតជំងឺផ្លូវចិត្ត យើងអាចដឹងបានដោយរបៀបណា?
ការប្រែប្រួលផ្លូវអារម្មណ៍របស់ក្មេងដែលយើងគួរចាប់អារម្មណ៍៖
• មានអារម្មណ៍ពិបាកចិត្ត (ពេលខ្លះក៏យំ មិនដឹងមូលហេតុ)
• ឆេវឆាវ ឆាប់ខឹងច្រើន (សូម្បីតែរឿងតូចក៏ធ្វើឱ្យខឹងបាន)
• បាត់បង់ចំណង់ធ្វើអ្វីៗគ្រប់យ៉ាង
• មិនសូវជឿជាក់លើខ្លួនឯង
• ពិបាកផ្ចង់អារម្មណ៍ ពិបាកគិត ឬសម្រេចចិត្ត
• មានអារម្មណ៍ថាគ្មានប្រយោជន៍ អស់សង្ឃឹម។ល។

អាកប្បកិរិយាដែលយើងគួរកត់សម្គាល់៖
• ពិបាកគេង ឬមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ
• ផ្លាស់ប្ដូរចំណង់អាហារ (លែងចង់ញ៉ាំអាហារ ឬញ៉ាំច្រើន)
• ប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន
• គិត និយាយ ឬធ្វើចលនាយឺតៗ
• ផ្ដាច់ខ្លួនចេញពីសង្គម
• លែងខ្វល់ខ្វាយពីសុខភាព ឬរូបរាងខាងក្រៅ
• ធ្វើបាបខ្លួនឯង (ដូចជាអាដៃជើង …)
• មានគំនិតចង់សម្លាប់ខ្លួន ឬធ្លាប់ព្យាយាមសម្លាប់ខ្លួន។ល។

ទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះ យើងមិនអាចរកមធ្យោបាយច្បាស់លាស់ណាមួយដើម្បីទប់ស្កាត់វាមិនឱ្យកើតឡើងទេ ប៉ុន្តែយើងអាចរកវិធីចៀសវាងពីបញ្ហានេះដោយ៖
១. រៀនគ្រប់គ្រងស្ត្រេស (កុំឲ្យទុកក្នុងខ្លួនច្រើនពេក បើអាចរកពេលកម្ចាត់ចោលខ្លះ)
២. រកជំនួយពីមនុស្សជុំវិញខ្លួន
៣. ព្យាបាលឱ្យបានឆាប់ នៅពេលចេញសញ្ញាដំបូងថា ខ្លួនមានបញ្ហាផ្លូវចិត្ត
៤. គេងឱ្យបានគ្រប់គ្រាន់ (គេងសំខាន់ណាស់ ចំពោះបញ្ហាផ្លូវអារម្មណ៍)
៥. មានរបបអាហារល្អ (ក្នុងមួយពេលៗ ត្រូវមានសាច់ បន្លែ ផ្លែឈើ សម្បូរដោយវីតាមីន ជាតិរ៉ែ ដែលរាងកាយត្រូវការ បើអាចលេបថ្នាំវីតាមីនបន្ថែម)
៦. ញ៉ាំឱ្យឆ្អែតៗ និងហាត់ប្រាណឱ្យបានទៀងទាត់ (ការហាត់ប្រាណក៏ជាវិធីមួយជួយសម្រួលអារម្មណ៍បានដែរ)
៧. កាត់បន្ថយជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង
៨. មិនត្រូវយកគ្រឿងញៀន មកធ្វើជាដំណោះស្រាយដាច់ខាត។ល។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://hellokrupet.com/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង