ប្រធានបទ “យុវជនកម្ពុជា និងបដិវត្តឧស្សាហកម្ម ៤.០ ក្នុងបរិបទកូវីដ-១៩”

ប្រធានបទ “យុវជនកម្ពុជា និងបដិវត្តឧស្សាហកម្ម ៤.០ ក្នុងបរិបទកូវីដ-១៩”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “យុវជនកម្ពុជា និងបដិវត្តឧស្សាហកម្ម ៤.០ ក្នុងបរិបទកូវីដ-១៩”
អត្ថបទដោយ : ប៉ែន ពន្លឺ
#MJQE#AmericanInterconSchool

ខណៈពេលដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ការមកដល់នៃឧស្សាហកម្ម ៤.០ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ អ្វីដែលកាន់តែរំជើបរំជួលទៅទៀតនោះ វិបត្តិពិភពលោក (កូវីដ-១៩) បានផ្ទុះឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើឱ្យបច្ចេកវិទ្យាឌីជីថលកាន់តែក្លាយជាតម្រូវការយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ នេះដូចជា តម្រូវការបង្កើត App កម្ម៉ង់ទំនិញ សេវាដឹកជញ្ជូន App តាមដានសុខភាពជាដើម ការបណ្តុះបណ្តាលប្រើកម្មវិធី Conference Call (Google Meet, Zoom..Etc.) សម្រាប់កិច្ចប្រជុំ រៀនអនឡាញ។ល។

មុនពេលកូវីដមកដល់ បណ្តាប្រទេសអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរកំណែទម្រង់ មកឌីជីថល ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរៀងៗខ្លួន ហើយបានបង្កើតជាសហគមន៍ឌីជីថលអាស៊ានរួមមួយ។ ចំណែកកម្ពុជាយើងបាននិងកំពុងជំរុញសន្ទុះនៃការត្រៀមខ្លួនចំពោះបញ្ហាប្រឈម និងការចាប់យកឱកាសពីឧស្សាហកម្ម ៤.០ នេះ។ ដូច្នេះ យុវជនត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា ជាពិសេសនៅខណៈពេលនេះ ជាពេលដែលកូវីដ-១៩ កំពុងវាយលុក។

យោងតាមរបាយការណ៍ពីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល CIA (Central Intelligence Agency) នៃទីភ្នាក់ងារព័ត៌មានពិភពលោក (World Fact book) បានឱ្យដឹងថា កម្ពុជាជាប្រទេសដែលមានយុវជនច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន គឺដល់ទៅ ៤១.១% នៃប្រជាជនសរុបដែលពេលនេះកំពុងមានបញ្ហាប្រឈមអំពីទេពកោសល្យ និងជំនាញដែលជាតម្រូវការក្នុងបដិវត្តឧស្សាហកម្ម ៤.០។

នេះជាបញ្ហាប្រឈមក្នុងចំណោមបញ្ហាជាច្រើនសម្រាប់អាស៊ានក្នុងការផ្លាស់ប្តូរឌីជីថល រូបនីយកម្ម និងបច្ចេកវិទ្យាទំនើប។ ឧបសគ្គរួមមួយដែលកំពុងរារាំងដល់ការកសាងសេដ្ឋកិច្ចឌីជីថល គឺកង្វះខាតកម្លាំងការងារជំនាញដែលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ានក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន បូកផ្សំនឹងការបាក់ទឹកចិត្តរបស់យុវជនមួយចំនួនដែលកំពុងប្រឈមនឹងបញ្ហាបាត់បង់ការងារក្នុងរយៈពេលដែលពិភពលោកមានអាសន្នផ្ទុះមេរោគកូរ៉ូណា។ ដូច្នេះ កំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ វាជាឱកាសល្អបំផុតដល់យុវជនត្រូវយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថលសម្រាប់ដើរឱ្យទាន់បដិវត្តឧស្សាហកម្ម ៤.០ និងតម្រូវឱ្យមនុស្សទាំងអស់ត្រូវចេះប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការទាក់ទងគ្នាទាំងការសិក្សា ទាំងក្នុងការងារផងដែរ។

ដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ យុវជនកម្ពុជាគួរនាំគ្នាក្តោបក្តាប់ឱកាសរៀនសូត្រឱ្យបានល្អិតល្អន់ និងស្វែងរកព័ត៌មានពាក់ព័ន្ធអំពីយុគសម័យឌីជីថល និងឧស្សាហកម្ម ៤.០ ឱ្យបានច្រើន ដើម្បីបញ្ចៀសពីបញ្ហាអក្ខរកម្មឌីជីថល ក៏ដូចជារួមចំណែកពង្រីកសក្តានុពលកសាង លើកកម្ពស់ឱ្យខ្លាំងក្លាទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ឬបង្កើតសមាគមប្រមូលផ្តុំក្នុងតំបន់ និងពង្រីកវិសាលភាពឱ្យកាន់តែធំ ពីព្រោះក្នុងពេលអនាគតដ៏ខ្លីពិភពលោកនឹងផ្លាស់ប្តូរទៅជាយុគសម័យទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា Artificial Intelligence (AI) ជំនួសឱ្យការប្រើប្រាស់មនុស្ស ហើយអ្នកនឹងពុំមានការងារធ្វើឡើយ ប្រសិនបើអ្នកមិនខំប្រឹងប្រែងអភិវឌ្ឍជំនាញ ហើយរត់តាមបដិវត្តឧស្សាហកម្ម។

ដកស្រង់ចេញពី៖ https://blog.zination.com/cambodia-youth-vs-ir-4-0-in-covid-19/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង