ប្រធានបទ “យល់ដឹងអំពីសក្តានុពលរបស់ប្រាជ្ញាសិប្បនិមិត្ត”

ប្រធានបទ “យល់ដឹងអំពីសក្តានុពលរបស់ប្រាជ្ញាសិប្បនិមិត្ត”

អត្ថបទព័ត៌មានស្តីអំពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “យល់ដឹងអំពីសក្តានុពលរបស់ប្រាជ្ញាសិប្បនិមិត្ត”
អត្ថបទដោយ : គិត សុភ័ក្រ្ត
#MJQE#American Intercon School

ការកែច្នៃឱ្យបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តមានសមត្ថភាព ស្មើនឹងកម្រិតប្រាជ្ញារបស់មនុស្ស ដែលបំណងប្រាថ្នារបស់វិស្វករអស់រយៈពេលយូរមកហើយ។ បើទោះជាបច្ចេកវិទ្យានេះមានប្រយោជន៍ច្រើនចំពោះមនុស្សជាតិ ក៏ការបង្កើតប្រាជ្ញាសិប្បនិមិត្តតែងតែមានកត្តាគួរឱ្យខ្លាចមួយដែរ គឺការបារម្ភថាបច្ចេកវិទ្យានោះនឹងគ្រប់គ្រងមនុស្សវិញ។

នៅក្នុងអនាគតមិនឆ្ងាយប៉ុន្មានទៀតទេ នឹងមានពេលមួយដែលមនុស្សយើងបង្កើតម៉ាស៊ីនមានភាពវៃឆ្លាតជាងប្រាជ្ញារបស់មនុស្សទៅទៀត ហើយបន្ទាប់មកម៉ាស៊ីនដ៏អស្ចារ្យទាំងនោះនឹងអភិវឌ្ឍខ្លួនឯងដោយមិនបាច់មានការចូលរួមពីមនុស្សទៀតទេ។ បើទោះជាអនាគតនៃបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តស្ថិតក្នុងសភាពមួយដែលគ្មាននរណាដឹងច្បាស់ ក៏ក្នុងពេលបច្ចុប្បន្ននេះ វាផ្តល់ប្រយោជន៍ច្រើនក្នុងការបម្រើមនុស្សជាតិ៖

១. ការផលិត
ការអភិវឌ្ឍបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត អាចនាំទៅរកការបង្កើតផលិតផលក្នុងតម្លៃថោកយ៉ាងសម្បូរបែប ហើយជាលទ្ធផលក៏កាត់បន្ថយចំណាយក្នុងការរស់នៅប្រចាំថ្ងៃ និងជួយលើកស្ទួយមនុស្សជាច្រើនលាននាក់ចេញពីភាពក្រីក្រ។ បច្ចេកវិទ្យាដែលមានតម្លៃថោកអាចនាំទៅរកការបង្កើតផលិតផល និងឧស្សាហកម្មថ្មីៗ ចូលរួមវិភាគទានក្នុងការបង្កើនចំនួនការងារសម្រាប់មនុស្ស។

២. ឱសថសាស្រ្ត
ប្រយោជន៍នៃបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តស្ទើរតែមិនមានព្រំដែនកំណត់។ យើងអាចស្រមៃដល់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តដែលវិភាគមេរោគមហារីក និងជំងឺជាច្រើនទៀតបានយ៉ាងសុក្រឹត ហើយក៏ជំរុញឱ្យមនុស្សប្រើប្រាស់វិធានការការពារជាមុន។ បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តក៏អាចជួយមនុស្សបង្កើតរបៀបព្យាបាលជំងឺមួយចំនួន ដែលនៅរាតត្បាតសុខភាពមនុស្សដែរ។ ជាលទ្ធផល ជីវិតមនុស្សនឹងរស់នៅបានកាន់តែយូរថែមទៀត ហើយគុណភាពជីវិតក៏កាន់តែប្រសើរឡើងដែរ។

៣. សន្តិសុខអ៊ីនធើណែត
បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តអាចជួយពង្រឹងសន្តិសុខអ៊ីនធើណែតនៃប្រព័ន្ធជាច្រើន ដែលធ្វើឱ្យពិភពអ៊ីធើណែត និងវេទិកាជាច្រើនដែលមនុស្សពីគ្រប់កន្លែងជួបជុំគ្នានៅលើអ៊ីនធើណែតកាន់តែមានសុវត្ថិភាពខ្លាំងឡើង។

៤. គមនាគមន៍
រថយន្តដែលបើកបរដោយខ្លួនឯង មិនត្រឹមតែជួយសម្រាលបន្ទុកការងាររបស់អ្នកបើកបរទៅធ្វើការងារផ្សេងដែលកាន់តែមានប្រយោជន៍នោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងច្រើនដែរ ពីព្រោះថាបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្តទទួលបន្ទុកកិច្ចការទាំងអស់នេះបានប្រសើរជាងមនុស្ស។

៥. ការស្រង់ និងចម្រាញ់ព័ត៌មាន
បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត ក៏មានប្រសិទ្ធភាពណាស់ដែរនៅក្នុងការវិភាគទិន្នន័យហិរញ្ញវត្ថុ និងព័ត៌មានអ្វីមួយដែលទាក់ទងនឹងបញ្ហាអ្វីមួយ។ និយាយឱ្យខ្លីមក កម្មវិធីវិភាគដែលប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្តមានភាពសុក្រឹត និងធ្វើការបានយ៉ាងរហ័សជាងខួរក្បាលរបស់មនុស្សទៅទៀត។

ទោះជាយ៉ាងណា កម្មវិធីប្រាជ្ញាសិប្បនិមិត្តមានប្រតិបត្តិការក្នុងបរិស្ថានចង្អៀតនៅឡើយនាពេលបច្ចុប្បន្ននេះ។ នៅពេលណាមួយកម្មវិធីប្រាជ្ញាសិប្បនិមិត្តផ្សេងៗគ្នានឹងអាចទាក់ទងជាមួយគ្នា ហើយរៀនពីគ្នាបាន ដែលនឹងបង្កើនសមត្ថភាពហួសពីការស្រមៃរបស់មនុស្សបច្ចុប្បន្ននេះ៕

ដកស្រង់ចេញពី :
– https://www.google.com/
– http://www.mall.thephnompenhtimes.com/article/15251

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង