ប្រធានបទ “មេរៀន៥យ៉ាង ដែលគួរចងចាំនៅក្នុងជីវិត”

ប្រធានបទ “មេរៀន៥យ៉ាង ដែលគួរចងចាំនៅក្នុងជីវិត”

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “មេរៀន៥យ៉ាង ដែលគួរចងចាំនៅក្នុងជីវិត”
អត្ថបទដោយ : ដាង វិបុល
#MJQE#AmericanInterconSchool

យើងម្នាក់ៗមានទស្សនៈទាក់ទងនឹងការរស់នៅខុសៗគ្នា ឆ្លងកាត់រឿងរ៉ាវ និងខ្សែជីវិតក៏ខុសគ្នាដែរ។ ទោះជាយ៉ាងនេះក្ដី ក៏អ្វីដែលយើងចង់បានដូចគ្នានោះគឺសុភមង្គល។ ថ្ងៃនេះខ្ញុំសូមលើកយកគំនិតរស់នៅមួយចំនួនដែលមនុស្សភាគច្រើនអាចនឹងដឹង ប៉ុន្តែតែងតែមើលរំលង ឬក៏ភ្លេចគិតដល់ ដោយសារតែភាពមមាញឹកនៅក្នុងជីវិតប្រចាំថ្ងៃ។ ប្រាកដណាស់វាមិនមែនសុទ្ធតែត្រូវទាំងអស់នោះទេ ប៉ុន្តែវាអាចជាទន់ដ៏ល្អដែលជួយយើងឱ្យគិតពិចារណា ថ្លឹងថ្លែងពីរបៀបរស់នៅរបស់យើង។ ខាងក្រោមនេះជាមេរៀន៥យ៉ាង ដែលគួរចងចាំនៅក្នុងជីវិត៖

១. លុយមិនអាចដោះស្រាយបញ្ហាពិតប្រាកដរបស់យើងបានឡើយ :
ប្រាកដណាស់ការមានលុយ គឺជារឿងល្អដោយសារយើងអាចទិញអ្វីៗដែលយើងចង់បាន ប៉ុន្តែវាមិនមែនជាដំណោះស្រាយសម្រាប់បញ្ហារបស់យើងឡើយ។ មានជនអស្ចារ្យជាច្រើនដែលកំពុងរស់នៅក្នុងជីវភាពសាមញ្ញ ប៉ុន្តែមានជីវិតដ៏ពេញលេញ និងរីករាយអស្ចារ្យ។ ហើយក៏មានមនុស្សជាច្រើនទៀតដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ប៉ុន្តែបែរជាកំពុងរងទុក្ខមិនអាចរ៉ាយរ៉ាប់បានទៅវិញ។ លុយអាចទិញផ្ទះ ឡានទំនើប ស្បែកជើងម៉ាកល្បី និងអ្វីៗជាច្រើនទៀត ប៉ុន្តែវាមិនអាចជួសជុលទំនាក់ទំនងដែលបាក់បែក ឬភាពឯកាដែលមាននៅក្នុងចិត្តយើងបានឡើយ។ សុភមង្គលមិនមែនសម្រាប់លក់នោះទេ។ បើយើងគិតថារបស់ដែលយើងអាចទិញបាននឹងធ្វើឱ្យយើងរីករាយនោះ យើងនឹងគ្មានថ្ងៃរីករាយពិតប្រាកដឡើយ។ ផ្ទុយទៅវិញ យើងនឹងធ្លាក់ទៅក្នុងវដ្ដនៃការចង់បានឥតឈប់ឈររហូតដល់ទីបញ្ចប់នៃជីវិត។

២. មួយៗកុំបង្ខំ :
ភាគច្រើនពេលយើងនៅក្មេង ឬក៏ចាប់ផ្ដើមឈានចូលពេញវ័យ យើងតែងចង់ធ្វើរឿងជាច្រើនក្នុងពេលតែមួយ ចង់ធ្វើយ៉ាងណាឱ្យឆាប់ទៅដល់គោដៅដែលយើងចង់បាន។ ការដាក់គោលដៅ រៀបចំផែនការ និងធ្វើសកម្មភាពដើម្បីសម្រេចវាគឺជារឿងដ៏ល្អ ប៉ុន្តែកុំបង្ខំ ហើយប្រឹងប្រែងមួយទំហឹងដើម្បីឆាប់បានទៅដល់គោលដៅនោះរហូតដល់ភ្លេចមើលអ្វីៗនៅជុំវិញខ្លួន។ មួយៗកុំបង្ខំ បើកទំព័រជីវិតរបស់អ្នកមួយសន្លឹកម្ដងៗ ហើយរីករាយនឹងអ្វីៗដែលអ្នកកំពុងឆ្លងកាត់ដូចជា ផ្ដោតលើរសជាតិអាហារដែលអ្នកកំពុងញ៉ាំ មើលទេសភាពនៅជុំវិញខ្លួន ស្ដាប់អ្នកដែលយើងកំពុងនិយាយជាមួយ ឆ្លៀតពេលសម្រាក ហើយបណ្ដែតអារម្មណ៍។ ដូចពាក្យចាស់ពោលថា អ្វីដែលសំខាន់មិនមែនគោលដៅទេ ប៉ុន្ដែគឺការធ្វើដំណើរទៅវិញទេ។ ចូររីករាយជាមួយនឹងដំណើររបស់យើង។

៣. សុខភាពគឺជាទ្រព្យដ៏មានតម្លៃ :
សុខភាពរបស់យើង គឺជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវតែការពារ ថែទាំ និងមានអំណរគុណដែលយើងមានសុខភាពល្អ។ គេនិយាយថា យើងច្រើនតែខ្ជះខ្ជាយសុខភាពល្អពេលយើងនៅក្មេង ទម្រាំយើងដឹងខ្លួន យើងបានបាត់បង់វាទៅហើយនៅពេលចាស់។ មនុស្សភាគច្រើនមិនខ្វល់ឡើយពេលគេមានសុខភាពល្អ ដោយ សារតែមិនឈឺថ្កាត់ វាធ្វើឱ្យយើងភ្លេចខ្លួន។ ដូចពាក្យចាស់ពោលថា គោបាត់ទើបធ្វើរបង ពេលឈឺធ្មេញ ទើបដឹងថាដុសធ្មេញវាសំខាន់។

៤. អ្វីៗគឺស្ថិតនៅលើយើង :
ភាគច្រើន យើងតែងប្រតិកម្មទៅនឹងអ្វីៗគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួនយើង។ នៅពេលអ្វីៗដើរទៅតាមការដែលយើងចង់បាន យើងក៏សប្បាយចិត្ត។ ប៉ុន្តែនៅពេលវាមិនដូចការគិត ឬចង់បានរបស់យើងនោះ យើងក៏ចាប់ផ្ដើមពិបាកចិត្ត បន្ទោសនេះ បន្ទោសនោះ។ នៅពេលមានបញ្ហាអ្វីមួយកើតឡើយ មនុស្សភាគច្រើនតែងតែមានប្រតិកម្មចំពោះវាជាជាងឆ្លើយតប។ ការឆ្លើយតប គឺជាជម្រើសដែលកើតចេញពីការគិតពិចារណារបស់អ្នក។ កុំ បណ្ដោយឱ្យអ្វីៗជះឥទ្ធិពលលើយើងបានឱ្យសោះ យើងគឺជាម្ចាស់នៃអារម្មណ៍ និងគំនិតរបស់យើង។ ត្រូវចាំថា យើងរីករាយដរាបណាយើងសម្រេចចិត្តថាយើងនឹងរីករាយ។ គ្មានអ្វីដែលអាចធ្វើឱ្យយើងពិបាកចិត្តឡើយ។ កុំបារម្ភនឹងរឿងដែលយើងមិនអាចគ្រប់គ្រងបាន អ្វីដែលសំខាន់បំផុតនោះគឺការឆ្លើយតបរបស់យើង។ គេអាចធ្វើឱ្យយើងខឹង ប៉ុន្តែយើងអាចជ្រើរើសមិនខឹងបាន។

៥. កុំខ្លាចនឹងក្រោកឡើងម្ដងទៀត :
បើទោះជាយើងមានអារម្មណ៍ថា យើងបានត្រៀមយ៉ាងល្អឥតខ្ចោះក្ដី ក៏ឱកាសបរាជ័យនៅតែមាន។ ដូចជាអ្នករត់ប្រណាំងដែលរត់បានរាប់រយម៉ែត្រ ប៉ុន្តែបែរជាដួលនៅពេលជិតដល់ទីបញ្ចប់។ តើនេះមានន័យថា គេត្រូវបោះបង់ការប្រកួតលើកក្រោយមែនទេ? ប្រាកដជាអត់នោះទេ ផ្ទុយទៅវិញ គេត្រូវតែប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀតដើម្បីចូលរួមប្រកួតលើកក្រោយ។ ត្រូវចាំថា អ្វីដែលគួរឱ្យខ្លាចមិនមែនការដួលនោះទេ ប៉ុន្តែគឺជាការមិនហានក្រោកឡើងម្ដងទៀត។ គូប្រកួតដែលគួរឱ្យខ្លាចមិនមែនជាអ្នកខ្លាំងជាងគេទេ ប៉ុន្តែគឺជនដែលមិនព្រមចុះចាញ់។

ដកស្រង់ពីគេហទំព័រ៖ https://www.lifehack.org/articles/communication/10-life-lessons-people-should-learn-before-they-turn-30-2.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង