ប្រធានបទ “ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា”

ប្រធានបទ “ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា”

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា”
អត្ថបទដោយ : ហ៊ិន ស្រីពៅ
#MJQE#AmericanInterconSchool

ក្រោយការភ្ជាប់ពាក្យ ពិធីរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណី បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុសស្រីឱ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែងតែបានទទួលដំបូន្មានពីលោកអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃដើម្បីលើកកម្ពស់ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

១. ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍?
មនុស្សត្រូវតែរៀបការ ព្រោះមូលហេតុដូចខាងក្រោម៖
• កសាងគ្រួសារមួយដែលមានការទទួលស្គាល់ពីច្បាប់ ពីប្រពៃណី និងពីសង្គម
• បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្ដពូជពង្សវង្សត្រកូល
• បំពេញតម្រូវការខាងជីវសាស្រ្ដមានមិត្តរួមជីវិត
• ធ្វើឱ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
• រស់នៅដោយខ្លួនឯង មិនពឹងលើឪពុកម្ដាយ។

ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត ប៉ុន្ដែចំណុចដែលសំខាន់ណាស់នោះគឺវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។ គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖
• រក្សាទំនាក់ទំនងក្នុងគ្រួសារឱ្យបានល្អប្រកបដោយសុភមង្គល
• រៀបចំ និងអនុវត្តផែនការគ្រួសារ
• មានមុខជំនាញដើម្បីងាយរកការងារធ្វើ
• ថែរក្សា និងរៀបចំគេហដ្ឋានឱ្យស្អាត មានសណ្ដាប់ធ្នាប់ល្អ ប្រកបដោយអនាម័យ
• រក្សាទំនាក់ទនងល្អ យោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ
• លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ
• គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា។

២. ច្បាប់រៀបអាពាហ៍ពិពាហ៍នៅកម្ពុជា
អាយុ៖
អាយុរៀបការ គឺជាបញ្ហាដ៏សំខាន់ក្នុងការយកមកគិតពិចារណានៅមុនពេលរៀបការ។ នៅក្នុងមាត្រាទី៥នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថា “បុរសអាចរៀបការបាននៅអាយុ២០ឆ្នាំ ហើយស្រ្ដីត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
មូលហេតុនៃការកំណត់អាយុនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលមានបំណងកសាងគ្រួសារមួយឱ្យបានរឹងមាំ ប្រកបដោយសុភមង្គល និងធានាការចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនរបស់គេបានល្អប្រសើរ។
ទោះបីជាយ៉ាងនេះក៏ដោយ ដើម្បីឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល បុរសគួររៀបការក្នុងអាយុ២៥ឆ្នាំ និងស្រី២១ឆ្នាំ។

ការជ្រើសរើសគូស្រករ៖
ប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្ដរជាតិ ស្ដីពីផែនការសកម្មភាពប្រជាករ និងអភិវឌ្ឍ (ICPD, ១៩៩៤)។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកមកអនុវត្តលើច្បាប់អាពាហ៍ពិពាហ៍នៅក្នុងប្រទេស តាមមាត្រាដូចខាងក្រោម៖

ក. មាត្រាទី១៦ ការប្រកាសអំពីសិទ្ធិមនុស្ស :
បុរសស្រ្តីដែលដល់អាយុរៀបការមានសិទ្ធិរៀបការ និងបង្កើតគ្រួសារដោយមិនប្រកាន់សញ្ជាតិ ជនជាតិ ឬសាសនាឡើយ។ ពួកគេមានសិទ្ធិស្មើគ្នាក្នុងការរៀបការ និងដំណោះស្រាយក្នុងជីវិតអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ត្រូវតែធ្វើឡើងដោយមានការព្រមព្រៀង រវាងសាមីខ្លួនទាំងពីរដោយគ្មានការគំរាមកំហែង និងបង្ខិតបង្ខំពីនរណាម្នាក់ឡើង។ គ្រួសារជាជាលិកាសង្គមតាមបែបធម្មជាតិមានសារៈសំខាន់ និងមានសិទ្ធិទទួលការការពារពីសង្គម និងពីរាជរដ្ឋាភិបាល។

ខ. មាត្រាទី២៣ ស្ដីពីសន្ធិសញ្ញាអន្ដរជាតិ អំពីសិទ្ធិរបស់ប្រជាជន និងនយោបាយ :
គ្មានការរៀបអាពាហ៍ពិពាហ៍ណាមួយដែលត្រូវធ្វើឡើងដោយគ្មានការព្រមព្រៀង និងដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងទេ។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ទោះបីមានគ្រួសារមួយចំនួនជ្រើសរើសគូស្រករតាម រយៈម្ដាយឪពុកក៏ដោយ ក៏សាមីខ្លួនភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ក្នុងការជ្រើសរើសគូ អនាគត។

៣. ពិធីរៀបអាពាហ៍ពិពាហ៍
ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំធ្វើឡើងតាមលំដាប់លំដោយដូចខាងក្រោម៖
• ស្វែងយល់ថា តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
• ដំណាក់ចែចូវ
• ការកំណត់វេលាភ្ជាប់ពាក្យ
• ពិធីរៀបមង្គលការ។

ពិធីដែលបានរៀបរាប់ខាងលើនេះ គេអាចធ្វើជាលក្ខណៈធំ ឬតូចទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ តែគេក៏មិនភ្លេចដែរថាអ្វីដែលសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍គឺសុភមង្គលក្នុងគ្រួសារ។ ការរៀបចំពិធីរៀបមង្គលការត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖

ក. ការរៀបចំទុកមុន :
ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជនកម្ពុជាត្រូវគោរពតាមទំនៀមទន្លាប់ ប្រពៃណីជាតិ និងច្បាប់អាពាហ៍ពិពាហ៍។ មាតាបិតាទាំងសងខាង និងសាមីខ្លួនទាំងពីរត្រូវបានរៀបចំឯកសារមួយចំនួន ដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន និងរៀបចំពិធីមង្គលដូចខាងក្រោម៖
• សំបុត្រកំណើតមួយច្បាប់
• វិញ្ញាបនបត្របញ្ជាក់ទីលំនៅ និងនៅលីវ
• សេចក្ដីប្រកាសពីកន្លែងរៀបអាពាហ៍ពិពាហ៍
• លិខិតយល់ព្រមពីរដ្ឋអំណាចដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាស ជាសាធារណៈឱ្យបាន១៥ថ្ងៃ មុននឹងថ្ងៃរៀបការចូលមកដល់
• រៀបចំសម្លៀកបំពាក់រៀបការ និងវត្ថុចាំបាច់ដ៏ទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
• រៀបចំបញ្ជីឈ្មោះភ្ញៀវ សំបុត្រអញ្ជើញភ្ញៀវ
• រៀបចំរកជួលពិធីការដើម្បីរៀបចំកម្មវិធី (សម្អាងការ)
• រកអាចារ្យ និងនិមន្ដព្រះសង្ឃ
• រៀបចំទីកន្លែង និងអាហារសម្រាប់ទទួលភ្ញៀវ
• រៀបចំអញ្ជើញភ្ញៀវឱ្យបានយ៉ាងតិច៥ថ្ងៃមុនថ្ងៃរៀបការ
• សម្អាត និងរៀបចំផ្ទះសប្បែងឱ្យបានមុនពេលរៀបការ ១ថ្ងៃ ឬ២ថ្ងៃ។

ខ. ពេលរៀបចំអាពាហ៍ពិពាហ៍ :
តាមប្រពៃណីខ្មែរពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេល៣ថ្ងៃតាមកម្មវិធីដូចខាងក្រោម៖
ថ្ងៃទី១ : ជាទូទៅការចូលរោងជ័យគឺនៅថ្ងៃទី១ ដែលគេដង្ហែកូនកំលោះចូលទៅរោងជ័យដែលគេសង់នៅក្បែរផ្ទះកូនក្រមុំមុននឹងនាំឡើងទៅផ្ទះខាងស្រី។ នៅពេលដង្ហែនោះមានភ្លេងលេងកំដរផង។ បន្ទាប់មកគេធ្វើពិធីក្រុងពាលី និងរៀបចំពិធីសូត្រមន្ដដោយគេនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត។

ថ្ងៃទី២ : តាមធម្មតាគេតែងប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី២ ដែលកម្មវីធីទាំងនោះមានដូចជា៖
• ពិធីលើកកំណត់៖ គេដង្ហែគ្រឿងភស្ដុភារបណ្ណាការ (ជំនូន) ឡើងទៅលើផ្ទះខាងស្រី។
• ពិធីសែនជំនាងផ្ទះ៖ គេដាក់ចំណីក្នុងកន្ទោងលើកដាក់ក្នុងច្រមជាកន្លែងដាក់តង្វាយជូនដល់ជំនាងផ្ទះ។
• ពិធីសែនដូនតា៖ គេរៀបសែនដូនតាទាំងសងខាង។
• ពិធីស៊ីស្លា៖ គេលើកម្លូស្លាជូនមេបាចាស់ទុំពិសា។
• ពិធីកាត់សក់៖ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា និងវត្ថុសក្តិសិទ្ធិរួចឧទ្ទិសរំងាប់ចង្រៃ ហើយឧបកិច្ចកាត់សក់បីកន្រ្តៃដាក់ក្នុងកន្ទោងដែលដាក់បណ្ដែតក្នុងផ្ដិល។ បន្ទាប់មកអ្នកចម្រៀងកំប្លែងបានបួងសួងសុំកន្រ្តៃ ក្រាស កាំបិតកោរ កញ្ចក់… រួចច្រៀងរៀបរាប់ពីព្រៃព្រឹក្សា និងការដើរលក់កន្រ្តៃ។
• ពិធីសូត្រមន្ដ៖ គេនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត។
• ពិធីរៀបភោជនាហារជូនភ្ញៀវ៖ គេច្រើនរៀបចំពិធីជប់លៀងនៅពេលយប់។

ថ្ងៃទី៣ : ជាការពិតណាស់ ថ្ងៃសំពះផ្ទឹមគឺជាថ្ងៃដែលគូស្វាមីភរិយាសន្មតថាជាជោគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នាដែលគេរៀបចំពិធីនេះដូចតទៅ៖
• ពិធីលាងជើងឱ្យកូនប្រុស
• ពិធីសំពះផ្កាស្លា
• ពិធីបើកវាំងនន៖ គេច្រៀងអញ្ជើញកូនស្រីឱ្យចេញមកផ្ទឹម
• ពិធីបង្វិលពពិល
• ពិធីចងដៃ
• ពិធីបាចផ្កាស្លា
• ពិធីតោងស្បៃចូលក្នុងបន្ទប់។

ប៉ុន្ដែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឱ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺចាប់ពីព្រលឹមគេហែកូនកំលោះទៅផ្ទះកូនក្រមុំ ដោយនាំគ្រឿងភស្ដុភារទៅជាមួយផង។ បន្ទាប់មកគេរៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់ដូចបានរៀបរាប់ខាងលើ។ ដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់កម្មវិធី។ ដោយមានគូស្វាមីភរិយាថ្មីអមដោយយុវជនយុវនារីកិត្តិយស (អ្នកកំដរ) ឈរនៅច្រកចូលរោងពិធីចាំទទួល និងជូនផ្កាថ្លែងអំណរគុណចំពោះភ្ញៀវដែលអញ្ជើញចូលរួម។ មាតាបិតាទាំងសងខាងត្រូវឈរចាំទទួលស្វាគមន៍ភ្ញៀវដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីជិតកូនកំលោះកូនក្រមុំ។

ដកស្រង់ចេញពី៖ សៀវភៅគេហវិទ្យាថ្នាក់ទី៩ បោះពុម្ភ ២០០២ របស់ក្រសួងអប់រំ យុវជន និងកីឡា។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង