ប្រធានបទ “ពានរង្វាន់បាល់ទាត់ពិភពលោកជួយផ្តល់សន្ទុះសេដ្ឋកិច្ច និងស្តារប្រជាប្រិយភាពប្រធានាធិបតី”

ប្រធានបទ “ពានរង្វាន់បាល់ទាត់ពិភពលោកជួយផ្តល់សន្ទុះសេដ្ឋកិច្ច និងស្តារប្រជាប្រិយភាពប្រធានាធិបតី”

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡា
ក្រោមប្រធានបទ “ពានរង្វាន់បាល់ទាត់ពិភពលោកជួយផ្តល់សន្ទុះសេដ្ឋកិច្ច និងស្តារប្រជាប្រិយភាពប្រធានាធិបតី”
អត្ថបទដោយ: លីម រតនៈ
#MJQE#AmericanInterconSchool

ការប្រកួតបាល់ទាត់ពិភពលោករយៈពេល១ខែ ចាប់ពីថ្ងៃទី១៤ មិថុនា ដល់ថ្ងៃទី១៥ កក្កដា ក្នុងប្រទេសរុស្ស៊ី បានបិទបញ្ចប់ដោយពានរង្វាន់បានធ្លាក់ក្នុងដៃក្រុមជម្រើសជាតិបារាំង។ នេះជាលើកទី២ ដែលបារាំងទទួលបានពានរង្វាន់បាល់ទាត់ពិភពលោក បន្ទាប់ពីទទួលបានលើកទី១ ក្នុងឆ្នាំ១៩៩៨។ ក៏ដូចជាកាលពី២០ឆ្នាំមុនដែរ ជោគជ័យលើកទី២ ក្នុងវិស័យកីឡាមួយនេះបានទទួលការសាទរពីពលរដ្ឋបារាំងគ្រប់ស្រទាប់វណ្ណៈតាំងពីជនសាមញ្ញរហូតដល់អ្នកនយោបាយគ្រប់និន្នាការទាំងអស់។ ក្រៅពីនោះ ពានរង្វាន់មួយនេះក៏អាចចូលរួមជួយផ្តល់សន្ទុះសេដ្ឋកិច្ច និងជួយស្តារកម្រិតប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ម៉ាក្រុង ដែលកំពុងមានកាន់តែតិចទៅៗដែរ។

កាលពី២០ឆ្នាំមុន ពោលក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨ បារាំងបានក្លាយជាជើងឯកបាល់ទាត់ពិភពលោកដោយទាត់ឈ្នះក្រុមជម្រើសជាតិ ប្រេស៊ីល៣ទល់នឹង០។ ២០ឆ្នាំក្រោយមក គឺក្រុមជម្រើសជាតិក្រូអាស៊ីដែលក្រុមជម្រើសជាតិបារាំងបានទាត់ឈ្នះដោយទទួលបានពិន្ទុ៤ ទល់នឹង២។ ក៏ដូចជា២០ឆ្នាំមុនដែរ ជ័យជម្នះរបស់ក្រុមជម្រើសជាតិបារាំងពេលនេះ បានទទួលការសាទរយ៉ាងគគ្រឹកគគ្រេងដូចគ្នា។ គួររម្លឹកជូនបន្តិចថា លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ន គឺជាប្រធានក្រុមជម្រើសជាតិបារាំងជើងឯកឆ្នាំ១៩៩៨។ កុំថាឡើយទទួលបានពានរង្វាន់ពិភពលោកផ្នែកកីឡាបាល់ទាត់ដែលជាកីឡាដ៏មានប្រជាប្រិយភាពខ្លាំងជាងគេក្នុងលោក ទោះបីជាក្នុងផ្នែកកីឡាអ្វីក៏ដោយ ក៏វាជាមោទកភាពរកអ្វីប្រៀបផ្ទឹមពុំបានទេសម្រាប់មុខមាត់ប្រទេស ថ្នាក់ដឹកនាំ និងប្រជាជន។

ទន្ទឹមគ្នានេះ ពានរង្វាន់ពិភពលោកក្នុងកីឡាបាល់ទាត់ក៏បានរួមចំណែកផ្តល់សន្ទុះសេដ្ឋកិច្ចបន្តិចបន្តួចដែរ។ តែអ្នកដែលអាចទាញផលចំណេញបានច្រើនជាងគេពីកីឡាបាល់ទាត់ និយាយជារួម និងពីពានរង្វាន់បាល់ទាត់ពិភពលោក និយាយដោយឡែក គឺគ្មាននរណាក្រៅពីប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលដែលកំពុងមានកម្រិតប្រជាប្រិយភាពធ្លាក់ចុះខ្លាំងទេ។ ជាក់ស្តែង ពានរង្វាន់បាល់ទាត់ពិភពលោកដែលបារាំងទទួលបានឆ្នាំ១៩៩៨ បានធ្វើឱ្យកម្រិតប្រជាប្រិយភាពរបស់លោកប្រធានាធិបតី Jacques Chirac ជំនាន់នោះស្ទុះឡើង១៥ពិន្ទុ។ លោក Chirac មិនមែនជាអ្នកចូលចិត្តមើល និងគាំទ្របាល់ទាត់ប៉ុន្មានទេ តែលោក Chirac បានចូលរួមទស្សនាគ្រប់ការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងទាំងអស់។ ករណីដូចលោក Chirac ត្រូវបានលោកប្រធានាធិបតីបច្ចុប្បន្នម៉ាក្រុងយកគំរូតាម និងបានធ្វើលើសលោក Chirac កាលពី២០ឆ្នាំមុនទៅទៀត។ ក៏ដូចជាលោក Chirac លោកម៉ាក្រុងបានទៅជួបក្រុម Les Bleus ឬក្រុមអាវខៀវ ព្រមទាំងបានធ្វើដំណើរទៅដល់កន្លែងហ្វឹកហាត់របស់ពួកគេតាំងពីមុនបើកការប្រកួតកីឡាបាល់ទាត់ពិភពលោកក្នុងប្រទេសរុស្ស៊ី។ បន្ទាប់មក និងដើម្បីជួយលើកទឹកចិត្ត Les Bleus លោកម៉ាក្រុងបានធ្វើដំណើរទៅរុស្ស៊ីចំនួន២ដង ដើម្បីចូលរួមទស្សនាដោយផ្ទាល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របារាំង បែលហ្ស៊ិក និងវគ្គផ្តាច់ព្រ័ត្របារាំង ក្រូអាស៊ី។ អាចថាជាសំណាងក៏បាន ជាឱកាសក៏បានដែរ ព្រោះពានរង្វាន់បាល់ទាត់ពិភពលោកដែលបារាំងទទួលបានពេលនេះបានធ្លាក់មកចំពេលដែលកម្រិតប្រជាប្រិយភាពរបស់លោកម៉ាក្រុងដាំក្បាលចុះខ្លាំង និងចំពេលដែលសង្គមបារាំងមានភាពប្រេះឆាដោយសារតែពលរដ្ឋហាក់លែងមានជំនឿលើនយោបាយរបស់រដ្ឋាភិបាល។

ដូច្នេះចង់ ឬមិនចង់ តិច ឬច្រើន ពានរង្វាន់បាល់ទាត់ពិភពលោកពេលនេះជាបំពង់ខ្យល់អុកស៊ីសែនថ្មីសម្រាប់ជួយស្តារប្រជាប្រិយភាពលោកម៉ាក្រុង។ ម្យ៉ាងទៀត ជ័យជម្នះផ្នែកកីឡាមួយនេះក៏អាចជួយរុញចរន្តសេដ្ឋកិច្ចឱ្យស្ទុះឡើងមួយកម្រិតដែរ។ ក្រុមអ្នកសេដ្ឋវិទូបានប្រមើលមើលពីកំណើនសេដ្ឋកិច្ចក្នុងអត្រាតិចតួច គឺ០.១ពិន្ទុ និងកំណើនចាយវាយរបស់ពលរដ្ឋក្នុងអត្រា០.២ពិន្ទុ។ វាពិតជារឿងល្អណាស់ដែលពានរង្វាន់ពិភពលោកក្នុងផ្នែកកីឡាបានចូលរួមលើកតម្កើងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែបញ្ហានៅត្រង់ថា ឥទ្ធិពល ឬចំហាយវិជ្ជមានបានមកពីវិស័យកីឡាហាក់មានរយៈពេលខ្លី ពោលបានតែមួយឆាវដំបូងប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយមក ឥទ្ធិពលរបស់ពានរង្វាន់ពិភពលោកមួយនេះនឹងថមថយបន្តិចម្តងៗ ហើយអ្វីៗក៏នឹងត្រឡប់មករកភាពដើមរបស់វាវិញដែរ។ មែនទែនទៅ និងបើនិយាយតែពីកីឡាបាល់ទាត់មួយ គឺមាន២ប្រទេសដែលបានទទួលផលចំណេញច្រើនជាងគេ គឺប្រទេសដែលទទួលពានរង្វាន់ពិភពលោក និងប្រទេសម្ចាស់ផ្ទះដែលបានរៀបចំការប្រកួតដោយរលូនពីដើមដល់ចប់។ សម្រាប់ការប្រកួតឆ្នាំ២០១៨ គឺរុស្ស៊ីជាប្រទេសអ្នករៀបចំ ហើយបារាំងបានក្លាយជាប្រទេសជើងឯកបាល់ទាត់ពិភពលោក។

ដូច្នេះ គឺលោកប្រធានាធិបតីបារាំងម៉ាក្រុង និងសមភាគីរុស្ស៊ីលោកពូទីនកំពុងក្លាយជាតួឯកដូចគ្នា។ លោកម៉ាក្រុង បានប្រើការទូតកីឡាដើម្បីស្តារប្រជាប្រិយភាពរបស់លោកឡើងវិញ ចំណែកលោកពូទីន បានប្រើការទូតកីឡាដើម្បីបង្ហាញប្រាប់បស្ចិមលោកពីមុខមាត់ពិតរបស់រុស្ស៊ី។ ជារួមគេសង្កេតឃើញថា វិស័យកីឡាត្រូវបានគេប្រើជាមធ្យោបាយដើម្បីកេងចំណេញខាងនយោបាយ ឬមួយក៏ដើម្បីសម្រុះសម្រួលភាពតានតឹងមួយចំនួនជាដើម។ តែគេមិនត្រូវភ្លេចនិយាយទេថា នេះគ្រាន់ជាជម្រើសបណ្តោះអាសន្ន និងក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

ដកស្រង់ចេញពីគេហទំព័រ៖ https://www.rfi.fr/km

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង