ប្រធានបទ “ផែនការ១០ចំណុចដើម្បីសម្រកទម្ងន់”

ប្រធានបទ “ផែនការ១០ចំណុចដើម្បីសម្រកទម្ងន់”

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “ផែនការ១០ចំណុចដើម្បីសម្រកទម្ងន់”
អត្ថបទដោយ : ឡេង សុខអេង
#MJQE #AmericanInterconSchool

បើអ្នកប្រតិបត្តិតាមគោលការណ៍១០ចំណុចខាងក្រោមនេះបាន នោះអ្នកនឹងអាចស្រកទម្ងន់ជាបន្តបន្ទាប់ ដោយសព៌ាង្គកាយរបស់អ្នកនៅតែទទួលបានសារធាតុចិញ្ចឹម និងជីវជាតិគ្រប់គ្រាន់តាមតម្រូវការជានិច្ច។

១. សូមបរិភោគបីពេលក្នុងមួយថ្ងៃ
ក្នុងមួយថ្ងៃ អ្នកត្រូវបរិភោគបីពេល គឺពេលព្រឹកព្រលឹម ពេលថ្ងៃត្រង់ និងពេលល្ងាច។ ហើយការទៀងទាត់ពេលម៉ោងបរិភោគជាប្រការសំខាន់ មានប្រយោជន៏ដល់ដំណើរប្រព្រឹត្តទៅបានល្អនៃផ្លូវរំលាយអាហារផង និងរក្សាបាននូវស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមឱ្យមានបរិមាណថេរផង។ ស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម បញ្ចៀសបាននូវអាការៈឃ្លានបាយ ឬរមូលពោះដែលបណ្ដាលមកពីការថយចុះជាតិស្ករនៅក្នុងឈាម។ ការបរិភោគមិនឈប់មាត់ ជាទម្លាប់អាក្រក់ដែលមិនត្រូវធ្វើឡើយ ព្រោះការបរិភោគប្របិចប្របោចនេះ អាចបង្កឱ្យកម្រិតជាតិស្ករ ឬជាតិគ្លុយស៊ីដអាក្រក់ និងជាតិខ្លាញ់ឡើងលើសតម្រូវការ ដែលអាចបង្កជាអាការៈកង្វះជាតិស្ករក្នុងឈាមជានិច្ច ហើយធ្វើឱ្យមានអាការៈចង់តែបរិភោគដែលធ្វើឱ្យឡើងទម្ងន់យ៉ាងឆាប់ និងជួនកាលអាចបង្កជាជំងឺផ្សេងៗទៀត។

២. ពេលឃ្លានក្រៅពេលបាយ សូមបរិភោគចំណីអាហារដែលមិនប៉ះពាល់សុខភាព
បើអ្នកមានអាការៈឃ្លានខុសពេលបាយដូចជាអាការៈឃ្លានបាយប្រមាណជាម៉ោងជិត១១ជាដើម សូមអ្នកបរិភោគចំណីអាហារដែលមានជាតិស្ករល្អ ដូចជាអ្នកអាចបរិភោគចេកមួយផ្លែ ប៉ោមមួយផ្លែ ផ្លែទំពាំងបាយជូរស្រស់ ឬក្រៀមមួយក្ដាប់ជាដើម។ ចំណីអាហារដែលមិនប៉ះពាល់ដល់សុខភាពទាំងនោះ គឺផ្លែឈើស្រស់ ផ្លែឈើក្រៀម បន្លែឆៅ គ្រាប់រុក្ខជាតិ និងគ្រាប់ធញ្ញជាតិជាដើម។

៣. សូមពិសាភេសជ្ជៈល្អ
អ្នកមិនគួរពិសាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនឡើយ ព្រោះថាវាភ្ញោចដល់ការបញ្ចេញជាតិអ័រម៉ូនអាំងស៊ុយលីន និងបង្កការថយចុះជាតិស្ករក្នុងឈាម យ៉ាងហោចណាស់ក៏តិចតួចដែរ។ រីឯភេសជ្ជៈកំប៉ុង ឬដបមួយចំនួន ឬភេសជ្ជៈមានជាតិហ្គាស ដែលផ្ទុកទៅដោយជាតិស្ករតែមួយមុខយ៉ាងច្រើនសន្ធឹក ជួនមានលាយជាតិគីមីដែលជាគ្រឿងផ្សំថែមទៀតផង ក៏ត្រូវចៀសវាងដែរ។ ហើយភេសជ្ជៈល្អបំផុតដែលអ្នកគួរជ្រើសរើសគឺទឹកឆ្អិន ទឹកស្អាត (រម្ងាប់មេរោគរួច) ទឹកខនិជ ទឹកផ្លែឈើស្រស់ ឬទឹកបន្លែស្រស់ដែលបានមកពីការគាប ឬច្របាច់។ល។

៤. សូមពិសាជាតិស្រាតែក្នុងកម្រិតតិចតួចបំផុត
ជាតិស្រា ឬជាតិអាល់កុលមាននៅក្នុងស្រាបៀរ ឬប៊ីយែរ ស្រាទំពាំងបាយជូរ ស្រាស និងស្រាផ្សេងៗទៀត។ នៅក្នុងស្រាបៀរមានជាតិអាល់កុល៥% ជួនដល់៨% រីឯក្នុងស្រាទំពាំងបាយជូរមាន១២% ហើយស្រាថ្លៃៗខ្លះមានជាតិអាល់កុលដល់ទៅ៤៣%ឯណោះ។ ការពិសាជាតិស្រាក្នុងកម្រិតតិចតួច មិនបង្កជាការបាត់បង់លំនឹងនៃអាហារូបត្ថម្ភឡើយ ប៉ុន្តែបរិមាណអាល់កុលដែលពិសាចូលក្នុងខ្លួនលើសបន្តិចបន្តួចក៏អាចបង្ក ឬជម្រុញឱ្យមានការឡើងទម្ងន់បានដែរ។ យ៉ាងណាម៉ិញ ការពិសាជាតិអាល់កុលច្រើនអាចបង្កជាការឡើងទម្ងន់ ជាពិសេសការរីកប៉ោងនៃខ្សែក្រវាត់ពោះដែលជារូបភាពដុះក្បាលពោះនោះ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្រកទម្ងន់ អ្នកគួរពិសាជាតិអាល់កុលតិតតួចបំផុត ឬក៏កុំពិសាសោះតែម្ដងរឹតតែប្រសើរ។

៥. ពេលបាយ សូមពិសាភេសជ្ជៈតិចជាងអាហារគោក (បាយ សម្ល)
រាល់ពេលបរិភោគ យើងអាចពិសាភេសជ្ជៈបាន តែត្រូវគិតបរិមាណផង ដោយមិនត្រូវពិសាច្រើនពេកទេ ព្រោះការពិសាភេសជ្ជៈច្រើនពេលបរិភោគ អាចបង្កជាការរាវជ្រុលនៃជាតិអាស៊ីដរបស់ក្រពះ និងជាតិអង់ហ្ស៊ីមដែលរំលាយអាហារ ហើយបង្កជាការរំលាយអាហារមិនបានល្អ។ ការរំលាយអាហារមិនបានល្អជារឿយៗ អាចបង្កជាការច្រាលអាហារដែលបង្កការរីកប៉ោងនៃខ្សែក្រវាត់ពោះ ដែលជារូបភាពដុះក្បាលពោះ ហើយនឹងបង្កការឡើងទម្ងន់ផងដែរ។

៦. សូមកាត់បន្ថយការបរិភោគជាតិខ្លាញ់
ជាតិខ្លាញ់ជាសារធាតុចិញ្ចឹមមួយប្រភេទ ដែលខ្លួនយើងមិនអាចខ្វះបាន តែត្រូវការតែក្នុងកម្រិតមួយសមស្រប និងប្រភេទខ្លាញ់ល្អ។ ប៉ុន្តែដើម្បីការសម្រកទម្ងន់ អ្នកគួរបន្ថយការបរិភោគជាតិខ្លាញ់ និងស្វែងយល់អំពីប្រភេទខ្លាញ់ដែលត្រូវបរិភោគ និងមិនត្រូវបរិភោគ។ បើអ្នកចង់ផ្ដល់ជាតិប្រូតេអ៊ីនដល់ខ្លួនប្រាណរបស់អ្នក អ្នកគប្បីពិសាសាច់ត្រីជាជាងសាច់សត្វដទៃទៀត។ អ្នកគួរពិសាសាច់ស្លាប (សាច់សុទ្ធគ្មានជាប់ស្បែក) ប្រសើរជាងពិសាសាច់គោ សាច់ជ្រូក…។ ចំពោះចំណីអាហារជាតិទឹកដោះ គួរយកប្រភេទណាដែលមានជាតិខ្លាញ់តិច ដូចជាហ្វ្រូម៉ាគ្មានជាតិខ្លាញ់ ទឹកដោះមានជាតិ ក្រែមតិច យ៉ាអ៊ួធម្មជាតិ (គ្មានក្លិនគ្មានស្ករ) ជាដើម។

៧. សូមកុំពិសាចំណីអាហារណាដែលប្រតិកម្មប្រឆាំងនឹងខ្លួនអ្នក
ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសេសក្រពះពោះវៀនមិនអាចទទួលយកចំណីអាហារសព្វមុខដូចគ្នាបានទេ។ ជាអាទិ អ្នកខ្លះមិនអាចបរិភោគចំណីអាហារមួយចំនួនបាន ព្រោះពេលបរិភោគចូលទៅ អាចបង្កជាការឡើងទម្ងន់ ឬបង្កឱ្យឈឺពោះ រាករូស កន្ទួលរមាស់លើស្បែកជាដើម។ អ្នកត្រូវចៀសឱ្យផុតពីចំណីអាហារទាំងនោះ នោះទម្ងន់ខ្លួនរបស់អ្នកនឹងត្រូវបន្ថយចុះ ឬរក្សាលំនឹងបានប្រកបដោយប្រសិទ្ធភាព។

៨. សូមពិសាចំណីអាហារជាតិស្ករធម្មជាតិ (ស្ករមិនកែច្នៃ)
ចំណីអាហារជាតិស្ករធម្មជាតិ ឬជាតិស្ករមិនកែច្នៃ មានផ្ទុកសារធាតុសរសៃ ជាតិវីតាមីន ជាតិខនិជ និងជាតិរ៉ែច្រើនជាងចំណីអាហារជាតិស្ករកែច្នៃ។ ចំណីអាហារជាតិស្ករមិនកែច្នៃ (ជាពពួកជាតិស្ករជ្រាបយឺត) បំបែកខ្លួនជ្រាបចូលទៅក្នុងឈាមយឺត។ ការជ្រាបយឺតនេះ អាចរក្សាស្ថេរភាពកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ។ ចំណីអាហារជាតិស្ករមិនកែច្នៃមាននៅក្នុងអង្ករ បាយ គ្រាប់ធញ្ញជាតិ ដំឡូង ដំឡូងបារាំងទាំងមូល ផ្លែឈើ។ល។

៩. សូមកុំពិសាចំណីអាហារជាតិស្ករជ្រាបរហ័ស
អ្នកមិនត្រូវប្រើស្ករដាក់ក្នុងចំណីអាហារ និងនៅក្នុងភេសជ្ជៈរបស់អ្នកឡើយ ហើយអ្នកក៏ត្រូវចៀសវាងការបរិភោគចំណីអាហារវេចខ្ចប់ កំប៉ុង ប្រអប់ ឬដប នំ ឬចំណីអាហារដែលធ្វើ ឬដែលដាំស្លដោយដាក់ស្ករផងដែរ។ ព្រោះថាស្ករ (ស្ករស ស្ករត្នោត ឬស្ករដែលច្នៃ) មិនផ្ដល់ជាតិវីតាមីនទេ ថែមទាំងបង្កការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមទៀតផង។ ការប្រែប្រួលឡើងចុះយ៉ាងរហ័សនៃជាតិស្ករក្នុងឈាមនេះ បង្កជាការឡើងទម្ងន់ និងជំងឺផ្សេងៗ ដូចជាជំងឺធាត់ ទឹកនោមផ្អែមជាដើម។ បើអ្នកចូលចិត្តស្ករ សូមដាក់បន្តិចបន្តួចបានហើយ តែចំពោះអ្នកដែលចង់សម្រកទម្ងន់គួរតែចៀសវាងដាច់ខាត។

១០. សូមបង្កើនការបរិភោគផ្លែឈើ និងបន្លែស្រស់
ផ្លែឈើ និងបន្លែស្រស់សម្បូរទៅដោយសារធាតុសរសៃ និងសារធាតុចិញ្ចឹមដែលជាកត្តាមួយធ្វើឱ្យការបរិភោគមានលំនឹង។ សូមអ្នកព្យាយាមបរិភោគចំណីអាហារប្រភេទនេះឱ្យបានច្រើនដងក្នុងមួយថ្ងៃ (បាន៤ ឬ៥ដងជាការប្រសើរ) ហើយក្នុងមួយដងៗ ឬមួយពេលៗអាចជាផ្លែចេកមួយ ផ្លែប៉ោមមួយ ទំពាំងបាយជូមួយក្ដាប់ ញាំមួយចាន ឬបន្លែមួយចាន។ អ្នកគួរគម្បីពិសាបន្លែស្រស់ ដូចជាអន្លក់ ញាំជាដើម ឬបន្លែឆ្អិនដោយចំហុយ តែចៀសវាងការចំអិនដោយប្រើខ្លាញ់។ ហើយទឹកជន្លក់ ឬទឹកញាំគួរតែបែបស្រាលៗ មិនប្រៃខ្លាំង មិនហឹរខ្លាំង មិនផ្អែមខ្លាំង…ឡើយ។

ដកស្រង់ចេញពី៖ សៀវភៅ១០នាទី ដើម្បីសម្រស់រាងកាយ និងសុខភាពល្អ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង