ប្រធានបទ បញ្ហាសុខភាព៨ប្រភេទ ច្រើនកើតលើអ្នកវក់ធ្វើការខ្លាំងខុសរបៀប និងដំណោះស្រាយ

ប្រធានបទ បញ្ហាសុខភាព៨ប្រភេទ ច្រើនកើតលើអ្នកវក់ធ្វើការខ្លាំងខុសរបៀប និងដំណោះស្រាយ

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ បញ្ហាសុខភាព៨ប្រភេទ ច្រើនកើតលើអ្នកវក់ធ្វើការខ្លាំងខុសរបៀប និងដំណោះស្រាយ
អត្ថបទដោយ : នាក់ លីណា
#MJQE #AmericanInterconSchool

ពេលចេញធ្វើការ ដើម្បីទទួលបានលទ្ធផលល្អ ជៀសមិនផុតពីត្រូវចំណាយអស់ទាំងកម្លាំងកាយចិត្ត ខណៈរាល់ការងារទាំងអស់សុទ្ធតែមានសម្ពាធ និងទាមទារនូវការលះបង់ខ្ពស់ដើម្បីសម្រេចការធំ។ ពិតណាស់ការខិតខំប្រឹងប្រែងធ្វើការជារឿងល្អ តែបើខំធ្វើការខ្លាំងដោយគ្មានវិធីសាស្ត្រចាត់ចែង ការងារត្រឹមត្រូវ នឹងធ្វើឱ្យអ្នករវល់ខ្លាំងរហូតដល់គ្មានពេលគិតពីសុខភាព។ ហើយជាលទ្ធផល ទម្លាប់បែបនេះ នឹងធ្វើឱ្យអ្នកធ្លាក់ខ្លួនឈឺសន្សឹមៗ ពិសេសអ្នកដែលតែងតែធ្វើការលើសម៉ោង ភ្លេច បាយទឹក និងមិនហាត់ប្រាណ ។

អ្នកវក់ធ្វើការភ្លេចថែសុខភាព អាចប្រឈមនឹងការកើតជំងឺមួយចំនួនដូចជា៖
១. ជំងឺផ្លូវចិត្ត ឬបាក់ទឹកចិត្ត៖ ពេលអ្នកផ្ដោតខ្លាំងលើការងារអ្វីមួយ វានឹងបង្កើតជាសម្ពាធកាន់តែធំ។ ភាគច្រើនអ្នកនឹងភ្លេចថែខ្លួនឯង និងទុកគ្រួសារចោល។ ប្រសិនបើនោះជាការងារជាក្រុម អ្នកងាយ នឹងជួបបញ្ហា ព្រោះអ្នកមិនអាចធ្វើគ្រប់យ៉ាង ឬគ្រប់គ្រងស្ថានការណ៍ទាំងអស់តែម្នាក់ឯងបានឡើយ។ អ្នកងាយនឹងឈានទៅមានបញ្ហាស្ត្រេសធ្ងន់ធ្ងរ មួម៉ៅច្រើន ឆាប់ខឹងឆេវឆាវ អន្ទះអន្ទែង ច្រឡោត ទប់អារម្មណ៍មិនបាន ហើយឈានដល់ការគិតខ្លី។

២. ជំងឺបេះដូង៖ ការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យមួយបានបញ្ជាក់ថា ៦០% នៃអ្នកដែលធ្វើ ការលើសពី៣ម៉ោងនៃម៉ោងធ្វើការធម្មតា ប្រឈមនឹងការមានជំងឺបេះដូងច្រើនជាងមនុស្សធ្វើការ ធម្មតា។ ជំងឺបេះដូងមានដូចជា គាំងបេះដូង ស្ទះសរសៃឈាមបេះដូង ឈឺទ្រូង និងការធ្លាក់ចុះនៃ សម្ពាធឈាមបេះដូង។

៣. ជំងឺដេកមិនលក់៖ ធ្វើការច្រើនម៉ោងពេក ហើយត្រូវអង្គុយនៅមុខពន្លឺអេក្រង់យូរៗ មិនត្រឹម ប៉ះពាល់ភ្នែកប៉ុណ្ណោះទេ វាអាចធ្វើឱ្យប៉ះពាល់ដល់ Hippocampus ដែលជាផ្នែកមួយនៃការចងចាំ របស់ខួរក្បាល។ ការគេងមិនគ្រប់ ឬកង្វះដំណេកញឹកញាប់ នឹងធ្វើឱ្យសុខភាពអ្នកធ្លាក់ចុះ ទាំងខួរ ក្បាល និងរាងកាយ នឹងឈានទៅមានជំងឺដេកមិនលក់រុំារ៉ៃ ។

៤. ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម៖ ច្រើនកើតចំពោះអ្នកដែលមិនហាត់ប្រាណ និងគិត ស្មុគស្មាញច្រើន បញ្ចេញញើសតិច ឬខ្វះចលនា។ ជំងឺនេះ ត្រូវបានគេទទួលស្គាល់ថាជាឃាតករ សំងាត់ ដែលអាចសំលាប់មនុស្សបានដោយមិនមានចេញរោគសញ្ញាឱ្យដឹងជាមុន។

 

៥. ជំងឺទឹកនោមផ្អែម៖ ច្រើនកើតឡើងចំពោះមនុស្សដែលមានវ័យចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ធាត់ ឬលើសទម្ងន់ ហើយញុំាច្រើនតែមិនបានបញ្ចេញពលកម្ម និងមានរបបអាហារមិនល្អចំពោះសុខភាព ដូចជា ផឹកគ្រឿងស្រវឹងច្រើន ជក់បារី ញុំាប្រៃ ឬផ្អែមពេក និងញុំាអាហារជាតិខ្លាំងច្រើន ។

៦. ការគិតចុះខ្សោយ៖ ធ្វើការច្រើនម៉ោង ខួរក្បាលរបស់អ្នកក៏ត្រូវការគិតតាមពេលវេលាដែលអ្នកធ្វើ ការដែរ។ ខួរក្បាលរបស់អ្នកក៏ដូចជាម៉ាស៊ីនដែលត្រូវការពេលសម្រាកខ្លះ។ ប្រសិនបើអ្នកប្រើវាលើស កំណត់ វាអាចនឹងមានការប៉ះពាល់ទៅដល់ការគិត និងការចងចាំរបស់អ្នក។

៧. ការឈឺសាច់ដុំ៖ អង្គុយធ្វើការយូរម៉ោង សាច់ដុំរបស់អ្នកនឹងស្ពឹក ដែលអាចធ្វើឱ្យអ្នកជាប់សរសៃ ស្មា ចង្កេះ ដៃ និងជើងជាដើម។ បញ្ហានៃការឈឺសាច់ដុំ អាចធំ អាចតូច តាមពេលវេលាដែល អ្នកចំណាយទៅលើការធ្វើការងារ។

៨. សុខភាពចុះខ្សោយ៖ ជាទូទៅពេលរវល់ខ្លាំង នឹងមិនមានពេលរកអាហារល្អៗ មកញុំាដើម្បីទទួល បានជីវជាតិគ្រប់គ្រាន់ ហើយថែមទាំងច្រើនញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា Fast-food រួមទាំងផឹកកាហ្វេ ដែលមានជាតិកាហ្វេអ៊ីនធ្វើឱ្យអត់ងងុយ ដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក្នុង រយៈពេលយូរ។

ដំណោះស្រាយ៖ ដើម្បីជៀសវាងជំងឺដែលអាចកើតឡើង បណ្តាលមកពីការវក់ធ្វើការងារខ្លាំង អ្នកគួរ៖
១. កំណត់ពេលវេលាធ្វើការឱ្យបានត្រឹមត្រូវ៖ ទោះរវល់ខ្លាំងក៏ត្រូវដកឃ្លាដើម្បីសម្រាកខ្លះ ឧទាហរណ៍ បើការងារអ្នកត្រូវអង្គុយច្រើន គួរងើបឈរកន្លះម៉ោងម្តង ដើរទៅដើរមកឱ្យបាន៥នាទី ឬធ្វើចលនា ផ្សេងៗ ដើម្បីសម្រួលសសៃឈាម និងសាច់ដុំ។

២. កំណត់ការងារអាទិភាព ( Effective Task Management)៖ មើលថារឿងណាសំខាន់ត្រូវធ្វើមុន ព្រោះធ្វើការងារច្របល់ច្រើនមុខក្នុងពេលតែមួយមានសម្ពាធខ្លាំង ហើយអ្នកមិនអាចទទួលលទ្ធផល ល្អបានឡើយ។

៣. កុំភ្លេចហាត់ប្រាណ៖ ឆ្លៀតពេលមកហាត់ប្រាណឱ្យបាន ទោះរវល់ខ្លាំងក៏ដោយ ដើម្បីសម្រួលដល់ សាច់ដុំ និងរាងកាយទាំងមូល ពិសេសការហាត់ប្រាណអាចជួយកាត់ស្រ្តេស បន្ធូរសម្ពាធផ្លូវចិត្តបាន ថែមទៀត។

៤. គេងឲ្យបានយ៉ាងហោចណាស់៥ ទៅ៨ម៉ោងក្នុងមួយថ្ងៃ៖ ព្រោះពេលអ្នកគេងបានលក់ស្កប់ស្កល់ រាងកាយអ្នកនឹងផលិតអ័រម៉ូនជួសជុល (Repairing Hormone) ដែលជួយទៅពង្រឹងប្រព័ន្ធការពារ រាងកាយអ្នកឱ្យរឹងមាំ។

៥. ញ៉ាំអាហារ៣ពេល ព្រឹក ថ្ងៃ ល្ងាចឱ្យទៀងម៉ោង៖ គួរញុំាអាហារដែលមានជីវជាតិមានដូចជា បន្លែ ស៊ុប គ្រាប់ធញ្ញជាតិ និងផ្លែឈើ ដើម្បីផ្តល់ជីវជាតិល្អៗ ទ្រទ្រង់រាងកាយ និងផឹកទឹកឱ្យបានច្រើន។

ខំប្រឹងធ្វើការជារឿងដែលសំខាន់ក្នុងជីវិត តែប្រសិនបើអ្នកមានលុយចាយគ្រប់គ្រាន់ តែមានសុខភាព មិនល្អ ហើយត្រូវចំណាយលុយទៅព្យាបាលជំងឺនោះ វាពិតជាមិនសក្ដិសមទេ។ ដូចនេះ អ្នកគួរចាត់ ទុកការថែរក្សាសុខភាពឱ្យល្អជាអាទិភាព មានសុខភាពរឹងមាំល្អ ទើបធ្វើការងារទៅមុខបាន ដូចគេថា «កាន់តែរវល់ កាន់តែត្រូវថែសុខភាព»៕

ដកស្រង់ចេញពី៖ https://news.sabay.com.kh/article/1225457

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង