ប្រធានបទ “ទិវាកុមារអន្តរជាតិ”

ប្រធានបទ “ទិវាកុមារអន្តរជាតិ”

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍
ក្រោមប្រធានបទ “ទិវាកុមារអន្តរជាតិ”
អត្ថបទដោយ : គាក ម៉ាណែត
#MJQE #American Intercon School

ទិវាកុមារអន្តរជាតិ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងថ្ងៃទី០១ ខែមិថុនា គ្រប់បណ្តាប្រទេសទាំងអស់ក្នុងគោលបំណងឱ្យមនុស្សជាតិចងចាំនូវវិនាសកម្មនៃការកាប់សម្លាប់កុមារនៅភូមិលឺឌីសែ ប្រទេសឆេក និងភូមិអូរាឌូ ប្រទេសបារាំង ដោយពួកហ្វាសស៊ីសអ៊ីត្លែ អំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងរួមគ្នារម្ងាប់អំពើហិង្សា ដើម្បីថែរក្សាសន្តិភាពក្នុងពិភពលោក។

ការប្រកាសអនុម័តជ្រើសរើសថ្ងៃទី០១ ខែមិថុនា ជាទិវាសិទ្ធិកុមារដំបូងគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៩ ដោយអង្គការក្រៅរដ្ឋាភិបាល «Women International Democratic Federation» ហៅកាត់ថា WIDF ហើយត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៥៩។ ចំណែកឯប្រទេសកម្ពុជាយើងបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩២។

កុមារមានសិទ្ធិដូចគ្នាដោយគ្មានការរើសអើងក្នុងនោះមាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិការពារ សិទ្ធិចូលរួម និងសិទ្ធិរស់រាន។ កុមារគ្រប់រូប ត្រូវមាននូវគ្រប់លទ្ធភាព និងមធ្យោបាយជួយសម្រួល ដើម្បីធានាឱ្យមានសុខភាពល្អទៅសាលារៀនទទួលការអប់រំ បណ្តុះបណ្តាល និងក្លាយជាមនុស្សពេញវ័យដែលប្រកបដោយសេរីភាព និងការទទួលខុសត្រូវ។

រៀងរាល់ឆ្នាំសិក្សា សាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់សាខាទាំងអស់តែងតែប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ដើម្បីចូលរួមអបអរសាទរសិទ្ធិកុមារទាំងអស់ក្នុងពិភពលោក ក៏ដូចជាបង្កើតបរិយាកាសរីករាយដល់កុមារផងដែរ។ ក្នុងឱកាសនោះលោកគ្រូ អ្នកគ្រូ បានហ្វឹកហាត់កុមារតូចៗដ៏គួរឱ្យស្រឡាញ់របស់ខ្លួនតាមកម្រិតថ្នាក់ដើម្បីបង្ហាញសមត្ថភាព ទេពកោសល្យ ភាពឈ្លាសវៃ សិល្បៈពីធម្មជាតិ ភាពក្រមិចក្រមើមតាមរយៈការសម្តែងជាកាយវិការ ការបង្ហាញម៉ូត ចម្រៀង របាំ ល្បែងកម្សាន្តប្រកបដោយភាពរីករាយ។ មិនត្រឹមតែបង្កើតភាពរីករាយប៉ុណ្ណោះទេ គឺអាចជួយឱ្យកុមារមានការចងចាំនូវអ្វីដែលល្អៗ អនុស្សាវរីយ៍កុមារភាព ចូលរួមក្នុងសហគមន៍ ចេះសាមគ្គីគ្នា ចូលរួមកិច្ចការជាក្រុម ចេះសង្កេតអ្នកនៅជុំវិញខ្លួន។ ទាំងនេះក៏ជាកត្តាមួយក្នុងការចូលរួមអភិវឌ្ឍកុមារមានការលូតលាស់ល្អ ទាំងសុខភាពរូបរាងកាយ និងបញ្ញាស្មារតី។

សូមឱ្យកុមារគ្រប់រូបមានសុខភាពល្អ ពោរពេញដោយស្នាមញញឹមដ៏បរិសុទ្ធ ទទួលបានការមើលថែប្រកបដោយភាពកក់ក្តៅពីលោកឪពុក អ្នកម្តាយ ទទួលបានក្តីស្រឡាញ់ និងការគាំពារពីមនុស្សគ្រប់គ្នា ដើម្បីអភិវឌ្ឍខ្លួនទៅជាធនធានមនុស្សដែលមានសក្តានុពលនៅថ្ងៃអនាគត៕

ដកស្រង់ចេញពី៖
https://www.tnaot.com/km/m/detail/article/9293914
https://www.unicef.org/cambodia/km/ អនុសញ្ញាស្តីពីសិទ្ធិកុមារ

No Comments

Sorry, the comment form is closed at this time.

Back to Top