ប្រធានបទ “តើអ្វីជាមេរោគចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត (Ransomware) និងវិធានការការពារ? ”

ប្រធានបទ “តើអ្វីជាមេរោគចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត (Ransomware) និងវិធានការការពារ? ”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើអ្វីជាមេរោគចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត (Ransomware) និងវិធានការការពារ? ”
អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #American Intercon School

នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ មានមេរោគតាមប្រពន័្ធអ៊ីធឺណែតមួយប្រភេទដែលមានឈ្មោះថា Ransomware កំពុងវាយលុកខ្លាំងនៅសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។

បើតាមសេចក្ដីជូនដំណឹងកាលពីពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា មានការកើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណែតក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំងចំពោះស្ថាប័នរដ្ឋ និងឯកជន និងបុគ្គលម្នាក់ៗផងដែរ។ មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពីទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។

Ransomware ជាកម្មវិធីមួយប្រភេទដែលត្រូវបានរចនាឡើង ដើម្បីរារាំងការចូលប្រើប្រព័ន្ធកុំព្យូទ័ររហូតដល់អ្នកប្រើប្រាស់បានទូទាត់ប្រាក់សរុប។ អ្នកប្រើប្រាស់ត្រូវធ្វើការបង់ប្រាក់ក្នុងទម្រង់ជារូបិយបណ្ណឌីជីល (Digital Currency) ដែលភាគច្រើនគឺ BitCoin ដើម្បីទទួលបានឯកសារទាំងអស់នោះ ត្រលប់មកវិញ។ មេរោគប្រភេទនេះ អាចឆ្លងចូលប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព តាមរយៈកត្តាមួយចំនួនដូចជា៖
១. ការប្រើប្រាស់សូហ្វវែរ (Software) មិនមានអាជ្ញាបណ្ណ។

២. ការបើកឯកសារភ្ជាប់មកជាមួយអ៊ីម៉ែល។

៣. ការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសូហ្វវែរ (Software) និងកម្មវិធីប្រើប្រាស់ជាដើម។

ចោរព័ត៌មានវិទ្យានេះ ក៏ប្រើប្រាស់វិធីសាស្ត្រចាប់បង្ខំអ្នកប្រើប្រាស់ឱ្យបង់ប្រាក់ឱ្យបានឆាប់ បើពុំនោះទេពួកគេនឹងបញ្ចេញឯកសារទាំងអស់ដែលបានលួច ដែលអាចធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងទទួលរងនូវការពិន័យពីនិយ័តករផងដែរ។

ជាងនេះទៅទៀត ក្រសួងប្រៃសណីយ៍ បានណែនាំសាធារណជនអំពីវិធានការការពារដូចខាងក្រោម៖
១. ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយចៀសវាងទាញយកកម្មវិធីតាមអ៊ីនធឺណែតដែលគ្មានប្រភពច្បាស់លាស់។

២. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុងកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នកឱ្យបានទៀងទាត់។

៣. ដំឡើងកម្មវិធីកម្ចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ។

៤. មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ Attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់នៅក្នុងអ៊ីម៉ែល។

៥. ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អ៊ីនធឺណែត (Offline)។

ក្រសួងប្រៃសណីយ៍ ក៏បានផ្ដាំផ្ញើថា ប្រសិនបើលោកអ្នកក្លាយជាជនរងគ្រោះដោយសារបញ្ហាមេរោគចាប់ជំរិតនេះ សូមកុំបង់ប្រាក់ពីព្រោះថា លោកអ្នកមិនប្រាកដថានឹងទទួលបានឯកសារទាំងនោះមកវិញឡើយ៕

ដកស្រង់ចេញពី៖
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
https://npn.news
http://www.nbcnews.com
NBC News (https://www.nbcnews.com/)

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង