ប្រធានបទ “តើខ្ញុំជាអ្វី?”

ប្រធានបទ “តើខ្ញុំជាអ្វី?”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើខ្ញុំជាអ្វី?”
អត្ថបទដោយ : ដាង វិបុល
#MJQE #American Intercon School

ខ្ញុំអាចជួយអ្នកឱ្យជោគជ័យ ហើយក៏អាចបំផ្លាញអ្នកដែរ។ តើខ្ញុំជាអ្វី?

ខ្ញុំ គឺជាមិត្តដ៏ជិតស្និទ្ធរបស់អ្នក។ ខ្ញុំ គឺជាអ្នកជួយគាំទ្រដ៏ខ្លាំងក្លារបស់អ្នក ហើយក៏អាចជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អ្នកដែរ។ ខ្ញុំ អាចជួយអ្នកឱ្យជោគជ័យ ហើយក៏អាចទាញអ្នកឱ្យធ្លាក់ទៅក្នុងភាពវេទនាបានដែរ។ ខ្ញុំ រង់ចាំបញ្ជាអ្នកគ្រប់ពេល។ ពាក់កណ្ដាលនៃកិច្ចការដែលអ្នកធ្វើ អ្នកអាចប្រគល់ឱ្យខ្ញុំ ខ្ញុំអាចធ្វើវាបានយ៉ាងឆាប់រហ័ស និងត្រូវឥតខ្ចោះ។ ខ្ញុំ ងាយនឹងគ្រប់គ្រង ប៉ុន្តែអ្នកត្រូវតែម៉ឺងម៉ាត់ជាមួយខ្ញុំ។ បង្ហាញខ្ញុំពីរបៀបដែលអ្នកចង់ធ្វើអ្វីមួយ បន្ទាប់ពីធ្វើបានប៉ុន្មានដង ខ្ញុំនឹងអាចធ្វើវាឱ្យអ្នកដោយស្វ័យប្រវត្ត។ ខ្ញុំ គឺជាអ្នកបម្រើរបស់ជនដ៏ឆ្នើមទាំងឡាយ ហើយក៏ជាអ្នកបម្រើរបស់មនុស្សបរាជ័យដែរ។ ជនដ៏អស្ចារ្យ គឺមានខ្ញុំជាអ្នកជួយ។ ជនដែលមិនបានការ ក៏ខ្ញុំជាអ្នកជួយដែរ។

ខ្ញុំ មិនមែនជាគ្រឿងម៉ាស៊ីនទេ ប៉ុន្តែខ្ញុំធ្វើការច្បាស់លាស់ដូចជាម៉ាស៊ីនព្រមជាមួយនឹងភាពឈ្លាសវៃរបស់មនុស្ស។ អ្នកអាចប្រើខ្ញុំ ដើម្បីជាប្រយោជន៍ក៏បាន ឬប្រើខ្ញុំដើម្បីភាពហិនហោចក៏បាន ខ្ញុំមិនប្រកាន់ឡើយ។ បង្កើតខ្ញុំ ហ្វឹកហ្វឺនខ្ញុំ និងតឹងរ៉ឹងជាមួយខ្ញុំ ខ្ញុំនឹងសម្រេចអ្វីៗគ្រប់យ៉ាងឱ្យអ្នក។ បើធ្វេសប្រហែសជាមួយខ្ញុំ ខ្ញុំនឹងបំផ្លាញអ្នកមិនខាន។

តើអ្នកដឹងហើយឬនៅថា ខ្ញុំជានរណា? ត្រឹមត្រូវហើយ ខ្ញុំគឺទម្លាប់។
ពេលនេះអ្នកទាំងអស់គ្នាដឹងហើយថា ទម្លាប់គឺខ្លាំងក្លាយ៉ាងណា។ ជាទូទៅ ទម្លាប់មិនល្អគឺងាយនឹងបង្កើតណាស់ គឺវាសឹងតែកើតមកដោយឯកឯងប្រសិនបើអ្នកមិនប្រយ័ត្នទេនោះ។ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះគឺធ្វើយ៉ាងណាទើបអាចបង្កើតទម្លាប់ល្អៗបាន។ ខ្ញុំជឿថា មានវិធីជាច្រើនដើម្បីកសាងទម្លាប់ល្អៗដែលអ្នកអាចរកបានពីប្រភពផ្សេងៗ។ ប៉ុន្តែខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀបងាយៗ៣យ៉ាង ដើម្បីបង្កើតទម្លាប់ល្អរបស់អ្នក និងបំបាត់ចោលនូវទម្លាប់មិនល្អ។

១. ចាប់ផ្ដើមពីទម្លាប់ងាយៗដែលមិនអាចបដិសេធបាន
អ្វីដែលសំខាន់បំផុតក្នុងការកសាងទម្លាប់ថ្មីមួយនោះ គឺភាពជាប់លាប់។ មិនថាអ្នកធ្វើបានល្អ ឬមិនសូវបានល្អយ៉ាងណាពីថ្ងៃមុននោះទេ អ្វីដែលចាំបាច់បំផុតនោះគឺការបន្តធ្វើវា។ ដូច្នេះហើយ ការបង្កើតទម្លាប់ថ្មីមួយ គឺគួរតែចាប់ផ្ដើមពីសកម្មភាពងាយៗដែលអ្នកមិនអាចបដិសេធបាន ងាយរហូតស្ដាប់ទៅគួរឱ្យចង់សើច។ ឧទាហរណ៍៖
• អ្នកចង់បង្កើតទម្លាប់ហាត់ប្រាណឬ? អ្នកអាចដាក់គោលដៅហាត់ប្រាណឱ្យបាន១នាទីក្នុងមួយថ្ងៃ។
• អ្នកចង់ចាប់ផ្ដើមទម្លាប់សរសេរឬ? ដាក់គោលដៅរបស់អ្នកសរសេរឱ្យបានបីប្រយោគក្នុងមួយថ្ងៃ។
• អ្នកចង់បង្កើតទម្លាប់ញ៉ាំរបបអាហារដែលត្រឹមត្រូវឬ? អ្នកអាចដាក់គោលដៅញ៉ាំអាហារសុខភាពឱ្យបានមួយពេលក្នុងមួយសប្ដាហ៍។

ចាប់ផ្ដើមពីអ្វីដែលងាយៗ ធ្វើវាឱ្យបាន។ អ្នកមិនចាំបាច់ត្រូវទៅចូលក្លិបហាត់ប្រាណ សរសេរសៀវភៅ ឬក៏ផ្លាស់ប្ដូរទម្លាប់ញ៉ាំអាហារទាំងស្រុងភ្លាមៗពីដំបូងទៅនោះទេ។ ជាធម្មតា យើងចេះតែចង់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយព្យាយាមចង់ធ្វើឱ្យបានខ្លាំងដូចគេ។ ប៉ុន្តែ សូមកុំបណ្ដោយឱ្យគំនិតបែបនេះទាញអ្នកចេញពីគោលដៅរបស់អ្នកបានឱ្យសោះ។ អ្នកត្រូវតាំងចិត្តធ្វើរឿងងាយៗដែលអ្នកកំពុងធ្វើនេះឱ្យបានយ៉ាងតិច៣០ថ្ងៃ។ នៅពេលអ្នកធ្វើបានជាប់លាប់ហើយ នោះ អ្នកអាចចាប់ផ្ដើមដំឡើងកម្រិតពិបាករបស់វាបាន។ ប៉ុន្តែត្រូវចាំថា បើអ្នកចាប់ផ្ដើមមកជាមួយសកម្មភាពខ្លាំងក្លា ហើយធ្វើបានតែ២ ទៅ៣ដង និងមិនអាចបន្តវាឱ្យជាប់លាប់ទេនោះ គឺវាឥតប្រយោជន៍ទេ។ ការចាប់ផ្ដើមគឺងាយស្រួល ប៉ុន្តែការបន្តធ្វើវាទេដែលពិបាកនោះ។ ដូច្នេះ គួរចាប់ផ្ដើមពីអ្វីស្រួលៗដែលអ្នកមិនអាចបដិសេធបាន។

២. ត្រូវរកឱ្យឃើញចំណុចខ្សោយ
ខ្ញុំសូមលើកយកបទពិសោធន៍របស់នារីម្នាក់ឈ្មោះ ចេន ដែលបានចែករំលែកនៅលើគេហទំព័រមួយ។ ចេន ចង់ហាត់ប្រាណឱ្យបានរាល់ថ្ងៃ ប៉ុន្តែគាត់បានពណ៌នាខ្លួនឯងថាជា “មនុស្សមិនចូលចិត្តហាត់ប្រាណ” សោះ។ បន្ទាប់ពីព្យាយាមស្វែងមូលហេតុទាក់ទងនឹងបញ្ហានេះ នាងសង្កេតឃើញថា បញ្ហាមិននាងមិនចូលចិត្តហាត់ប្រាណទេ ប៉ុន្តែការពិតគឺនាងមិនចូលចិត្តកត្តាសាំញ៉ាំជាច្រើនទំរាំបានហាត់ប្រាណដូចជា ត្រូវរៀបចំខ្លួន និងធ្វើដំណើរប្រហែលជា២០នាទីទៅក្លិបហាត់ប្រាណ។ ម្យ៉ាងនាងក៏មិនចូលចិត្តកន្លែងហាត់ប្រាណសាធារណៈ និងការហាត់នៅចំពោះមុខមនុស្សជាច្រើនដែរ។ ទាំងនេះហើយ ជាកត្តារារាំងនាងមិនឱ្យបង្កើតទម្លាប់ហាត់ប្រាណបាន។ នៅពេលគាត់ដឹងបែបនេះគាត់អាចរៀបចំរបៀបហាត់ប្រាណ ដែលត្រូវនឹងចំណូលចិត្តរបស់គាត់ដូចជា ទិញកម្រាលយូហ្កា និងមើលវីដេអូហាត់ប្រាណនៅផ្ទះ២ដង ក្នុងមួយសប្ដាហ៍។ គាត់ធ្វើបាន១ខែហើយ គាត់និយាយថា “យើងមិនអាចកែប្រែអ្វី ដែលយើងមិនចូលចិត្តមួយរយភាគរយទេ ប៉ុន្តែការដឹងពីបញ្ហារាំងស្ទះអាចជួយយើងឱ្យជម្នះលើវាហើយឈានទៅសម្រេចគោលដៅរបស់យើងបាន។
អ្នកដែលមានទម្លាប់ល្អៗ តែងតែដឹងយ៉ាងច្បាស់ពីអ្វីដែលព្យាយាមរារាំងពួកគេ។ អ្នកអាចនឹងគិតថា អ្នកជា “មនុស្សមិនចូលចិត្តហាត់ប្រាណ” ឬ “មនុស្សដែលអត់សណ្ដាប់ធ្នាប់” ឬ “មនុស្សដែលចូលចិត្តញ៉ាំផ្អែម”។ ជាទូទៅ អ្នកមិនមែនកំណត់ថាត្រូវតែបែបនេះនោះទេ ជាជាងនឹងដាក់កំណត់ខ្លួនឯងថា ជាមនុស្សយ៉ាងនេះ ឬយ៉ាងនោះ អ្នកគួរតែបំបែកវាទៅបំណែកតូចៗ ហើយរកឱ្យឃើញថាអ្វីដែលជាកត្តារារាំងអ្នកមិនឱ្យបន្តធ្វើសកម្មភាពដែលអ្នកចង់ធ្វើបាន។

៣. ត្រៀមពេលបរាជ័យ
ការកសាងទម្លាប់ល្អមិនមែនជារឿងងាយទេ ដូច្នេះកុំរំពឹងថាអ្វីៗនឹងដើរទៅដោយរលូនតាមដែលយើងចង់បាន។ ត្រូវចងចាំថា ទំរាំចេះដើរយើងដួលរាប់មិនអស់។ អ្នកត្រូវរៀន កុំវាយតម្លៃខ្លួនឯង ឬមានអារម្មណ៍ខូចចិត្តពេលអ្នកបង្កកំហុស ផ្ទុយទៅវិញ ត្រូវព្យាយាមរៀបចំផែនការធ្វើយ៉ាងណាក្រោកឡើងវិញឱ្យបានឆាប់។ យុទ្ធសាស្ត្រមួយចំនួននេះប្រហែលជាអាចជួយអ្នកបាន៖
• ដាក់កាលវិភាគជាជាងថ្ងៃកំណត់។
• កុំខ្វល់ពីទំហំនៃកិច្ចការ ហើយផ្ដោតលើភាពជាប់លាប់ជាមុនសិន។
• យកឃ្លានេះជាបាវចនារបស់អ្នក “កុំខានជាលើកទីពីរ”។

សូមចាំថា ការធ្វើមិនបានជាប់លាប់មិនធ្វើឱ្យអ្នកក្លាយជាមនុស្សបរាជ័យនោះទេ។ វាគ្រាន់តែធ្វើឱ្យក្លាយជាមនុស្សធម្មតា។ អ្វីដែលធ្វើឱ្យមនុស្សពូកែខុសពីគេ គឺនៅត្រង់ថាពួកគេដួល ហើយអាចក្រោកឡើងវិញបានយ៉ាងឆាប់រហ័ស៕

ដកស្រង់ចេញពី៖ The 7 Habits of Highly Effective Teens by Sean Covey

3 Simple Things You Can Do Right Now to Build Better Habits

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង