ប្រធានបទ “តួនាទីសំខាន់ៗរបស់យុជនក្នុងការងារសហគមន៍”

ប្រធានបទ “តួនាទីសំខាន់ៗរបស់យុជនក្នុងការងារសហគមន៍”

អត្ថបទព័ត៌មានស្តីពីសហគមន៍
ក្រោមប្រធានបទ “តួនាទីសំខាន់ៗរបស់យុជនក្នុងការងារសហគមន៍”
អត្ថបទដោយ : ជា សម្បត្តិ
#MJQE#AmericanInterconSchool

យុវជនជាវ័យដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទាំងរូបរាងកាយ បញ្ញា ស្មារតី និងជាធនធានមួយដ៏សំខាន់របស់ប្រទេសជាតិ។ ការចូលរួមរបស់យុវជនទាំងពីរភេទ គឺអាចធ្វើឱ្យសង្គមជាតិរុងរឿងបាន ព្រមទាំងអាចដើរតួនាទីជំនួសមនុស្សចាស់បាន និងជាកំលាំងចលករដែលមិនអាចខ្វះបាន នៅក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាប្រទេសជាតិទាំងមូល ។

យុវជនមានតួនាទីយ៉ាងសំខាន់ៗក្នុងការងារសហគមន៍ ជាការពិតណាស់នៅក្នុងសង្គមជាតិកម្ពុជាទាំងមូល យុវជនគឺប្រៀបបានទៅនឹងសរសៃឈាមក្នុងចលនាចូលរួមលើកម្ពស់មុខមាត់សហគមន៍ សង្គមជាតិ ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។ ពួកគេមានសារពាង្គកាយ មាំមួន ស្មារតី និងសុខភាពរឹងមាំ ជាពិសេសយុវជនងាយនឹងទទួលយកនូវអ្វីៗដែលថ្មី និងមានបំណិនប្រសប់ក្នុងការ ត្រិះរិះពិចារណាធ្វើអ្វីមួយដែលផ្តល់ផលប្រយោជន៍រួមគ្នា។ យុវជនគឺមានអភិបាលកិច្ចល្អចំពោះខ្លួនគេ ហើយអភិបាលកិច្ចដែលយុវជនគ្រប់រូបគួតែមាន គឺតម្លាភាព ការឆ្លើយតប សមធម៌ ប្រសិទ្ធភាព គោរពច្បាប់ ការចូលរួមសមូហភាព និងគណនេយ្យភាព។ល។ អភិបាលកិច្ចល្អៗទាំងនេះហើយ ដែលយុវជនគ្រប់រូបគួរតែប្រកាន់ខ្ជាប់ជានិច្ចកុំបីខានឡើយ។ ហើយម្យ៉ាងវិញទៀត ប្រទេសជាតិទាំងមូល គឺត្រូវការធនធានរបស់មនុស្ស ក៏ដូចជាយុវជនផ្ទាល់ ដើម្បីរួបរួមដោះស្រាយរាល់វិបត្តិដែលតែងតែកើតមានឡើងក្នុងសហគមន៍ ឬសង្គមជាតិ។ សង្គមជាតិមានការអភិវឌ្ឍទៅបាន លុះត្រាតែមានការចូលរួមពីកម្លាំងយុវជន ទាំងកំលាំងកាយចិត្ត និងបញ្ញា ស្មារតី។ តួនាទីយ៉ាងសំខាន់របស់យុវជនរួមមាន៖
• ទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ
• គោរពគោលការណ៍សន្តិសហវិជ្ជមាន ពង្រឹងការផ្សះផ្សា និងបង្រួបបង្រួមជាតិកម្ពុជា
• ជំរុញការលើកកម្ពស់ឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
• លើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការគោរពចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ការគោរពអ្នកមានវ័យប្រហាក់ ប្រហែល និងលើកកម្ពស់គ្រួសារល្អ តម្លៃ និងសុខុមាលភាពសហគមន៍
• ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍
• ធានាកសាងសង្គមមួយគ្មានអំពើហិង្សា ការបង្ខិតបង្ខំ ឧក្រិដ្ឋកម្ម ទុព្វលភាព ការកេងប្រវ័ញ្ច និងការបំភិតបំភ័យ
• ជំរុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ
• លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត ផ្លូវកាយ រួមទាំងសុខភាពបន្តពូជ
• បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍប្រទេសជាតិ
• លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជីវៈ និងការសិក្សាពេញមួយជិវិត
• បម្រើប្រទេសជាតិ តាមរយៈការងារស្ម័គ្រចិត្តនៅតាមសហគមន៍ តំបន់។ល។
• ការពារ និងអភិរក្សបរិស្ថាន
• បង្កើនការយល់ដឹង ការគោរព ការអនុវត្តច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀតរបស់ប្រទេសជាតិ
• ទទួលបន្ទុកចិញ្ចឹម បីបាច់ និងថែរក្សាមាតាបិតាដែលចាស់ជរា តាមទំនៀមទម្លាប់របស់ខ្មែរ។

សរុបសេចក្តីមក យុវជនពិតជាបានរួមចំណែកជាច្រើនក្នុងការចូលរួមអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្នុងការកសាងកិត្យានុភាពជូនគ្រួសារសហគមន៍ សង្គមជាតិ ក៏ដូចជាប្រទេសជាតិយើងទាំងមូលផងដែរ។ ក៏ប៉ុន្តែបើតាមមតិយល់ឃើញរបស់ខ្ញុំយល់ថា យុវជនមួយចំនួនដែលមានអភិបាលកិច្ចល្អទាំងប្រាំបីចំនុចខាងលើ ពិតជាមានសមត្ថភាពអាចនឹងក្លាយជាអ្នកដឹកនាំបាន ដោយសារពួកគេបានអនុវត្ត និងប្រតិបត្តិតាមគោលការណ៍ ផ្គួបផ្សំជាមួយមនសិការបន្ថែមពីលើរបស់ពួកគេ នោះវិស័យលើការអភិវឌ្ឍសង្គមជាតិ និងកាន់តែរីកចម្រើនជានិរន្តភាពជាក់ជាមិនខាន។

ដកស្រង់ចេញពី៖ http://hosicamtips.epizy.com/?p=313&i=1

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង