ប្រធានបទ “តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេសអំឡុងពេលបិទខ្ទប់”

ប្រធានបទ “តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេសអំឡុងពេលបិទខ្ទប់”

អត្ថបទព័ត៌មានស្តីពីសហគមន៍ និងការរស់នៅ
ក្រោមប្រធានបទ “តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេសអំឡុងពេលបិទខ្ទប់”
អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE #American Intercon School

ក្នុងកាលៈទេសៈរាជរដ្ឋាភិបាលបានចេញវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានតម្រូវឱ្យប្រជាពល រដ្ឋនៅក្នុងផ្ទះ មិនត្រូវចេញក្រៅបើមិនចាំបាច់។ ការនៅក្នុងផ្ទះយូរថ្ងៃអាចធ្វើឱ្យយើងមានអារម្មណ៍តប់ប្រមល់ និងអាចកើតស្រេ្ដស ផងដែរ។ វិធីសាស្រ្តដែលល្អក្នុងការធ្វើឱ្យខ្លួនយើងធន់នឹងស្ថានភាពពេលនេះបាន គឺការថែទាំសុខភាពរបស់យើងឱ្យរឹងមាំមិនមានបញ្ហាស្ត្រេស។

១. ហាត់ប្រាណ និងញ៉ាំអាហារល្អចំពោះសុខភាព
វាជារឿងខាន់ណាស់ដែលយើងត្រូវបញ្ចេញញើសក្នុងអំឡុងពេលនៅតែក្នុងផ្ទះនេះ វាមិនត្រឹមតែជួយឱ្យរាងកាយយើងមានសុខភាពល្អទេ តែការហាត់ប្រាណក៏ជួយកាត់បន្ថយស្ត្រេសផងដែរ។ ការហាត់ប្រាណបានជាប្រចាំត្រឹម៣០នាទីក្នុងមួយថ្ងៃ ក៏ជួយឱ្យយើងមានអារម្មណ៍ល្អ។ ក្រៅពីការហាត់ប្រាណគ្នា យើងក៏គួរគេងឱ្យបានគ្រប់គ្រាន់ចន្លោះពី៧ ទៅ៨ម៉ោងក្នុងមួយយប់។ ដូចគ្នាដែរក្នុងពេលនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃច្រើន ហើយងាកមកញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំអាចប្រឆាំងនឹងជំងឺផ្សេងៗបាន។

២. បន្ថែមសកម្មភាពថ្មីៗនៅផ្ទះ
ក្រៅពីម៉ោងដែលយើងត្រូវបំពេញការងារ (ធ្វើការពីចម្ងាយ) យើងអាចបន្ថែមសកម្មភាពថ្មីៗមួយចំនួន នៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់យើង ដើម្បីកុំឱ្យមានភាពដដែលៗដូចជា រៀបចំកែលម្អបន្ទប់គេងឡើងវិញ ដើម្បីឱ្យមានបរិយាកាសស្រស់ស្រាយជាងមុន ចម្អិនម្ហូបអាហារថ្មីៗដែលយើងមិនធ្លាប់បានធ្វើពីមុន ដាំផ្កា បន្លែ និងរុក្ខជាតិផ្សេងៗ ដែលសមស្របតាមទីតាំងរបស់យើង បន្ថែមការធ្វើសមាធិពី៥ ទៅ១០នាទីក្នុងមួយថ្ងៃ ដើម្បីជួយឱ្យចិត្តស្ងប់ និងតាំងសតិបានល្អ។ លើសពីនេះ យើងក៏អាចសរសេរកំណត់ហេតុពីអ្វីៗដែលយើងបានជួបប្រទះប្រចាំថ្ងៃ ហើយយើងមិនអាចប្រាប់ទៅអ្នកណាបាន។

៣. រក្សាទំនាក់ទំនង
ថ្វីបើយើងមិនអាចចេញទៅណាបាន តែយើងនៅមានបណ្ដាញសង្គមសម្រាប់ទាក់ទងជាមួយគ្រួសារ និងមិត្តភក្តិបាន។ ការចែក រំលែកក្ដីកង្វល់ជាមួយនរណាម្នាក់ ឬគ្រួសារនឹងជួយយើងកាត់បន្ថយអារម្មណ៍តានតឹងបាន។ យើងត្រូវចាំ ថាថ្វីបើយើងអាចប្រើ បណ្ដាញសង្គមសម្រាប់ទាក់ទងគ្នាមែន តែក៏មិនគួរប្រើច្រើនពេកដែរ ព្រោះអាចនាំឱ្យយើងមានអារម្មណ៍មិនល្អពេលឃើញ ព័ត៌មានច្រើនពីកូវីដ-១៩ ។

៤. បង្កើតភាពរីករាយក្នុងគ្រួសារ
ទោះមិនអាចចេញក្រៅបាន ក៏យើងមិនត្រូវភ្លេចការបង្កើតសកម្មភាពសប្បាយក្នុងគ្រួសារដែរ។ ការសម្រាកញ៉ាំកាហ្វេជាមួយ សមាជិកគ្រួសារ ជជែកពីនេះពីនោះ ឬលេងជាមួយកូនសុទ្ធតែអាចជួយសម្រួល អារអារម្មណ៍កុំឱ្យយើងគិតតែរឿងកូវីដ-១៩ នាំឱ្យស្ត្រេសកាន់តែខ្លាំង។

៥. កុំអានព័ត៌មានកូវីដ-១៩ ច្រើនពេក
ការតាមដានព័ត៌មានកូវីដ-១៩ ច្រើនពេកអាចនាំឱ្យយើងកើតស្ត្រេស និងអាចហត់នឿយផងដែរ ។ មួយវិញទៀតនៅលើបណ្ដាញសង្គម អាចមានការផ្សាយពាក្យចចាមអារ៉ាមច្រើនទាក់ទងនឹងកូវីដ-១៩ ដែលនាំឱ្យយើងអាន ច្រើនកាន់តែមានអារម្មណ៍មិនល្អ។ ក្នុងចំណុចនេះ យើងគួរចេះជ្រើសរើសព័ត៌មានសម្រាប់អាន និងប្រាកដថា ជាព័ត៌មានមានប្រភពច្បាស់លាស់ និងជឿជាក់បាន។ ផ្ទុយពីតាមដានបញ្ហាកូវីដ-១៩ ច្រើន ចូរងាកមកតាមដានព័ត៌មាន និយាយពីសុខភាព និងអានព័ត៌មានណាដែលមើលទៅហាក់ផ្ដល់កម្លាំងចិត្តដល់យើង ជាជាងឃើញតែពីបញ្ហាបង្កដោយកូវីដ-១៩ ប៉ុន្តែយើងនៅតែបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និង ២ចូលរួមឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

ដកស្រង់ចេញពី៖ https://www.khmerload.com
https://www.sharda.ac.in/blog/amp/students-best-utilize-their-time-during-lockdown/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង