ប្រធានបទ “ដំណើរឆ្ពោះទៅមុខជានិច្ចនៃការអប់រំសម្រាប់សហគមន៍ទោះមានវិបត្តិធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩”

ប្រធានបទ “ដំណើរឆ្ពោះទៅមុខជានិច្ចនៃការអប់រំសម្រាប់សហគមន៍ទោះមានវិបត្តិធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩”

អត្ថបទព័ត៌មានស្តីពីសហគមន៍ និងការអប់រំ
ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅមុខជានិច្ចនៃការអប់រំសម្រាប់សហគមន៍ទោះមានវិបត្តិធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩”
អត្ថបទដោយ : ហ៊ុល សារួន
#MJQE#AmericanInterconSchool

ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏សាហាវនៃវីរុសកូវីដ-១៩ យ៉ាងណាក្តី ក៏វិស័យអប់រំសម្រាប់ប្រទេសនីមួយៗនៅលើសកលលោកនៅតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ច ដោយមិនអាចបញ្ឍប់ ឬផ្អាកបាននោះឡើយ។ ដើម្បីដើរទាន់បរិបទវិបត្តិនេះ ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការអប់រំ ឬរៀននៅក្នុងថ្នាក់ មកសិក្សាអប់រំតាមប្រព័ន្ធអនឡាញទៅតាមលទ្ធភាព បច្ចេកទេស និងភាពរីកចម្រើននៃប្រទេសនីមួយៗ។ តើហេតុអ្វីបានជាការអប់រំពិតជាមាន សារៈសំខាន់សម្រាប់សហគមន៍ ជាពិសេសអន្តរកាលនៃវិបត្តិកូវីដ-១៩?

សាលារៀន និងសហគមន៍មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតដោយមិនអាចកាត់ផ្តាច់បានឡើយ ដោយសារការអភិវឌ្ឍសហគមន៍គឺពឹងលើវិស័យអប់រំ ហើយការអប់រំពឹងជាចាំបាច់លើការគាំទ្រពីសហគមន៍។ នៅក្នុងន័យនេះ ខណៈដែលបរិបទពិភពលោកកំពុងជួបប្រទះវិបត្តិយ៉ាងធ្ងន់ធ្ងរជាមួយជំងឺកូវីដ-១៩ ការអប់រំនៅតាមសហគមន៍រឹតតែត្រូវយកចិត្តទុកដាក់ជាការចាំបាច់បំផុតដែលមិនអាចព្រងើយកន្តើយបាន។ កុមារតូច និងកុមារដែលគ្រប់អាយុចូលរៀនថ្នាក់ក្រោមមតេ្តយ្យ មត្តេយ្យ និងបឋមសិក្សាត្រូវការឱ្យពួកគេស្គាល់អត្តសញ្ញាណផ្សេងៗ ការបណ្តុះឥរិយាបថ ភាសាទំនាក់ទំនងសង្គម និងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍការសិក្សាបន្តបន្ទាប់របស់ពួកគេ។

ដោយឡែក សម្រាប់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យពួកគេត្រូវការអភិវឌ្ឍមូលដ្ឋានគ្រឹះ ការពង្រីកចំណេះដឹងទូទៅជាសកល ការចាប់យក និងអភិវឌ្ឍចំណេះដឹងទំនាក់ទំនងសង្គម មូលដ្ឋានគ្រឹះជំនាញទន់ និងការត្រៀមខ្លួនសម្រាប់ការចាប់យកជំនាញដើម្បីរៀននៅមហាវិទ្យាល័យរបស់ពួកគេ។ ខណៈដែលសិស្សថ្នាក់មហាវិទ្យាល័យពួកគេត្រូវការចាប់យកជំនាញពិតប្រាកដសម្រាប់សិក្សា និងត្រៀមដើម្បីចូលប្រឡូក និងបំពេញការងារសម្រាប់សង្គម និងគ្រួសារទៅតាមជំនាញអ្វីដែលពួកគេបានសិក្សា ក្នុងនាមជាអ្នកបន្តវេនក្នុងការអភិវឌ្ឍពីមនុស្សចាស់ (អ្នកចូលនិវត្តន៍) ឬអ្នកដែលបាត់បង់ សមត្ថភាពបំពេញការងារនៅក្នុងសហគមន៍ តំបន់ ឬសង្គម។

នៅក្នុងន័យនេះ ដំណើរឆ្ពោះទៅមុខជានិច្ចសម្រាប់ការអប់រំនៅក្នុងសហគមន៍នីមួយៗនៅក្នុងសង្គមមិនអាចបញ្ឈប់បាននោះឡើយ បើទោះបីជាពិភពលោកមានការប្រឈមមុខយ៉ាងខ្លំាងនឹងជំងឺរាតត្បាតកូវីដ-១៩ យ៉ាងណាក៏ដោយ ពីព្រោះសហគមន៍ត្រូវការការអភិវឌ្ឍជាបន្តបន្ទាប់ ហើយការអភិវឌ្ឍត្រូវការការអប់រំជាធាតុចាំបាច់បំផុតសម្រាប់កុមារ និងយុវជននៅតាមតំបន់ដែលពួកគេរស់នៅក្នុងតំបន់សហគមន៍ទាំងនោះដែលពួកគេជាអ្នកបន្តវេន និងជាអ្នកកំណត់ជោគវាសនាគ្រួសារ និងប្រទេសជាតិទាំងមូល។

មួយវិញទៀត ការខនខានដែលមិនបានឱ្យកុមារ និងយុវជនទទួលបានការអប់រំ ឬបានទទួលការអប់រំមិនពេញលេញ គឺធ្វើឱ្យហួសពេលសម្រាប់វ័យរបស់ពួកគេដែលមិនអាចវិលត្រឡប់ថយក្រោយបានក្នុងការទទួលនូវចំណេះដឹងមូលដ្ឋានគ្រឹះសំខាន់ៗ និងជំនាញដែលមានសារៈសំខាន់ជាសារវ័នសម្រាប់មនុស្សជាតិម្នាក់ៗក្នុងការថែរក្សា និងបន្តអភិវឌ្ឍគ្រួសារ និងសង្គម ខណៈដែលវ័យលូតលាស់នៃរាយកាយ បញ្ញា និងស្មារតីកំពុងត្រូវការចាំបាច់នូវការបំពាក់បំប៉នលើការអប់រំនេះ។

សរុបសេចក្តីមក ការអប់រំពិតជាធាតុចាំបាច់បំផុតសម្រាប់សហគមន៍នីមួយៗដោយមិនអាចខ្វះបាន ដោយសារការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅ ជោគវាសនា គ្រួសារ សង្គម ឬប្រទេសជាតិដែលកុមារ និងយុវជនកំពុងរស់នៅ។ មួយវិញទៀត ការដែលកុមារ និងយុវជនខ្វះ ឬមិនត្រូវបានទទួលការអប់រំពេញ គឺធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អនាគតដ៏ត្រចះត្រចង់របស់ពួកគេ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង