ប្រធានបទ “ដើរព្រៃបោះតែនតិ៍ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត”

ប្រធានបទ “ដើរព្រៃបោះតែនតិ៍ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត”

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងសុខភាព
ក្រោមប្រធានបទ “ដើរព្រៃបោះតែនតិ៍ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត”
អត្ថបទដោយ : ភី ភារីន
#MJQE#AmericanInterconSchool

បច្ចុប្បន្នការដើរព្រៃកំពុងពេញនិយមណាស់ ពិសេសក្នុងក្រុមយុវវ័យតែងចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ ចុះមានដឹងថា ដើរផ្សងព្រេងបោះតែនតិ៍ក្នុងព្រៃមានប្រយោជន៍អ្វីខ្លះ?

១. អាចគេចផុតពីជាតិពុលក្នុងបរិយាកាស
ព្រៃគឺនៅឆ្ងាយពីទីក្រុង ឬតំបន់ឧស្សាហកម្ម មានខ្យល់បរិសុទ្ធ និងគ្មានជាតិពុលក្នុងបរិយាកាសនោះទេ។ អំឡុងសម្រាកលំហែកាយក្នុងព្រៃ យើងនឹងដកដង្ហើមជាមួយបរិយាកាសបរិសុទ្ធ ផ្ទុយពីខ្យល់ដែលមានក្នុងទីក្រុងជាច្រើនពោរពេញដោយខ្យល់កខ្វក់ ដែលធ្វើឱ្យយើងងាយថប់ដង្ហើម។ ចំណាយពេលខ្លះនៅក្នុងព្រៃជាមួយនឹងខ្យល់បរិសុទ្ធ គ្មានជាតិពុល អាចនឹងធ្វើឱ្យយើងកាន់តែស្និទ្ធស្នាលជាមួយធម្មជាតិ។

២. ជួយផ្តាច់ខ្លួនចេញពីឧបករណ៍អេឡិចត្រូនិក
សព្វថ្ងៃនេះ ជីវិតមនុស្សយើងត្រូវបានគាបសង្កត់ដោយពពួកឧបករណ៍អេឡិចត្រូនិកពោរពេញដោយជាតិវិទ្យុសកម្ម ពិសេសគឺទូរសព្ទវ័យឆ្លាតតែម្តង។ ប៉ុន្តែនៅក្នុងព្រៃ បណ្តាញទូរសព្ទមិនជាល្អនោះឡើយ អាចជួយយើងចាកឆ្ងាយពីទូរសព្ទដែលតែនៅជាប់ខ្លួនយើងគ្រប់ពេលវេលានោះ និងជំនួសមកវិញនូវភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួនដែលចូលរួមបោះតែនតិ៍ជាមួយយើង។

៣. ជួយកាត់បន្ថយបញ្ហាស្ត្រេសយ៉ាងមានប្រសិទ្ធភាព
ព្រៃជាកន្លែងដ៏អស្ចារ្យ អាចជួយព្យាបាលយើងទាំងអស់គ្នាចេញពីភាពស្ត្រេសយ៉ាងមានប្រសិទ្ធភាព។ អំឡុងពេលកំពុងបោះតែនតិ៍កម្សាន្តជាមួយធម្មជាតិព្រៃភ្នំ យើងមិនចាំបាច់ធ្វើការងារផ្សេងៗ មិនចាំបាច់ធ្វើអ្វីតាមកាលវិភាគបានរៀបចំទុកនាំឱ្យភាពតានតឹង ជាហេតុនាំឱ្យបញ្ហាស្ត្រេសទាំងអម្បាលម៉ានត្រូវរលាយក្លាយជាខ្យល់បាត់ចេញពីជីវិតយើងភ្លាមៗ។ លើសពីនេះ បោះតែនតិ៍ក្នុងព្រៃថែមទាំងអាចជួយជំរុញថាមពលរាងកាយខ្លាំងក្លា ហើយនៅពេលយើងត្រឡប់ទៅធ្វើការវិញ ក៏មានអារម្មណ៍ស្រស់ស្រាយ និងផ្ចង់អារម្មណ៍បានល្អថែមទៀត។

៤. ជួយយើងបញ្ចេញសកម្មភាពរាងកាយបានច្រើន
ដូចដឹងស្រាប់ បច្ចុប្បន្ននេះមនុស្សភាគច្រើនរវល់ការងារ ព្រលឹមចេញព្រលប់ចូល មិនមានពេលគ្រប់គ្រាន់ដើម្បីឱ្យរាងកាយបញ្ចេញសកម្មភាពបានច្រើននោះទេ។ ប៉ុន្តែអំឡុងពេលដើរកម្សាន្តក្នុងព្រៃ គ្នាយើងច្បាស់ជាត្រូវការដើរច្រើន នាំឱ្យយើងអាចបញ្ចេញសកម្មភាពទាំងអស់ដែលយើងមានដោយគ្មានជំនួយពីគ្រឿងម៉ាស៊ីននោះទេ រាប់បញ្ចូលទាំងការដើររកឧសបង្កាត់ភ្លើង ដើរលេង ដែលសុទ្ធសឹងអាចជួយឱ្យរាងកាយបញ្ចេញសកម្មភាពបានច្រើន។ លើសពីនេះ ពេលខ្លះអាចជួយឱ្យខួរក្បាលបញ្ចេញសកម្មភាពស្របគ្នាជាមួយរាងកាយទៀតផង ជួយយើងចៀសផុតពីការពឹងផ្អែកតែលើគ្រឿងម៉ាស៊ីនគ្រប់ពេលក្នុងជីវិត។

៥. ផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ខ្លួនឯង
ដើរកម្សាន្ត បោះតែនតិ៍សម្រាកក្នុងព្រៃមានន័យថា យើងកំពុងផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ខ្លួនឯងជាមួយ ធម្មជាតិដ៏ស្រស់ស្អាត ព្រោះមនុស្សភាគច្រើនរវល់ខ្លាំងនឹងការងារ ភ្លេចទាំងផ្តល់ឱ្យខ្លួនឯងនូវពេលវេលាល្អៗ។ អំឡុងពេលបោះតែនតិ៍ក្នុងព្រៃ យើងនឹងកាន់តែស្គាល់ខ្លួនយើងច្បាស់ ដឹងច្បាស់ពីលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង ខណៈចំណុចនេះអាចជាផ្លូវត្រួសត្រាយទៅកាន់ភាពជោគជ័យនៃជីវិតទៅថ្ងៃអនាគត។ នៅពេលដែលយើងដឹងច្បាស់ ស្គាល់ច្បាស់ពីកម្លាំងដ៏អស្ចារ្យដែលខ្លួនយើងមាន យើងនឹងកាន់តែជឿជាក់លើខ្លួនឯង អាចបំពេញចន្លោះខ្វះខាតនាពេលកន្លងមកបានយ៉ាងងាយ។

៦. ព្រៃមានគុណប្រយោជន៍ច្រើនលើសអ្វីដែលយើងគិតដល់
ព្រៃ និងធម្មជាតិ បានលាក់ទុកនូវភាពអស្ចារ្យរបស់ខ្លួនច្រើនសន្ធឹកសន្ធាប់ទៀតសម្រាប់មនុស្សលោកយើងនេះ។ ជាក់ស្តែង កាំរស្មីព្រះអាទិត្យចាំងជះមកលើយើងនាពេលព្រឹកព្រលឹម ជាប្រភពដ៏អស្ចារ្យនៃវីតាមី D ដែលរាងកាយយើងមិនអាចផលិតបានដោយខ្លួនឯង និងត្រូវការជាចាំបាច់។ មួយទៀត នៅពេលយើងដើរក្នុងព្រៃ យើងនឹងទទួលបានបទពិសោធន៍ជីវិតពិតពីធម្មជាតិ យល់ច្បាស់ពីភាពសំខាន់ ក៏ដូចជាភាពស្មុគស្មាញក្នុងជីវិតរស់នៅរបស់យើង។ យើងក៏អាចទទួលបាននូវថាមពលដ៏អស្ចារ្យសម្រាប់រាងកាយ ហើយការទទួលបានថាមពលឡើងវិញជារឿងចាំបាច់បំផុតសម្រាប់ជីវិតរស់នៅរបស់មនុស្សយើង។

ជាមួយចំណុចទាំងអស់ដែលបានរៀបរាប់ខាងលើនេះ ការដើរកម្សាន្តក្នុងព្រៃ បោះតែនតិ៍សម្រាកជាមួយធម្មជាតិដ៏ស្រស់ស្អាត នឹងជួយយើងបានច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាចជួយឱ្យយើងរួមគ្នាជាធ្លុងមួយការពារធម្មជាតិ ដូចជាការពារភពផែនដីរបស់យើងឱ្យបន្តនៅស្រស់បំព្រងនាថ្ងៃអនាគត។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://hellokrupet.com/

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង