ប្រធានបទ “ជីវិតការសិក្សារបស់សិស្សក្នុងបរិបទកូវីដ-១៩”

ប្រធានបទ “ជីវិតការសិក្សារបស់សិស្សក្នុងបរិបទកូវីដ-១៩”

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ជីវិតការសិក្សារបស់សិស្សក្នុងបរិបទកូវីដ-១៩”
អត្ថបទដោយ : ពៅ ភក្តី
#MJQE#AmericanInterconSchool

ចាប់តាំងពីចុងឆ្នាំ២០១៩ មក មនុស្សក្មេងចាស់ប្រុសស្រីបានដឹងឭ និងស្គាល់នូវមេរោគម៉្យាងដែលពិភពលោក កំពុងមានការព្រួយបារម្ភ និងព្យាយាមទប់ស្កាត់កុំឱ្យមានការរីករាលដាលនោះគឺ មេរោគកូវីដ-១៩ ឬហៅម្យ៉ាងទៀត ថាមេរោគកូរ៉ូណា។

ចំពោះប្រទេសកម្ពុជាយើងវិញ ចាប់តាំងពីដើមឆ្នាំ២០២១ មក គឺចាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មក ស្ថានភាពមេរោគកូវី-១៩ បានមានការឆ្លងរីករាលដាលក្នុងសហគមន៍យ៉ាងខ្លាំងគួរឱ្យបារម្ភ ជាហេតុធ្វើ ឱ្យរាជរដ្ឋាភិបាលសម្រេចបិទតំបន់មួយចំនួន ជាពិសេសនោះគឺការសម្រេចដ៏ត្រឹមត្រូវមួយរបស់រដ្ឋាភិបាលក្នុងការសម្រេចបិទ សាលារៀនទូទាំងប្រទេស ដោយលោកមានការព្រួយបារម្ភចំពោះសុវត្ថិភាព និងសុខភាពសិស្សានុសិស្ស។ ចំពោះការបិទនេះ មិនមែនមានន័យថាសិស្សមិនបានសិក្សានោះទេ គឺសិស្សត្រូវរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដែលយើងទាំងអស់គ្នាតែងតែឭថាសិស្សរៀនតាមអនឡាញ (Online)។

ការសិក្សាអនឡាញនេះមិនមានភាពងាយស្រួក្នុងការផ្ទេរចំណេះដឹងពីគ្រូទៅកាន់សិស្សនោះទេ វាមានភាពលំបាកទាំងគ្រូ និងសិស្សរួមទាំងបច្ចេកទេស និងសម្ភារៈផងដែរ។ ប្រសិនបើយើងងាកមកមើលភាពជាក់ស្តែងរបស់អ្នកសិក្សាវិញ យើងឃើញថាហាក់បីដូចជាមានភាពខុសគ្នារវាងអ្នកសិក្សានៅតាមជនបទ និងអ្នកសិក្សានៅតាមទីប្រជុំ។ ចំពោះសិស្សនៅតាមជនបទពិសេសកុមារតូចៗ គាត់មានភាពលំបាកខ្លាំងទៅលើសម្ភារៈ សេវា Internet និងអ្នកជំនួយក្នុងការសិក្សារបស់គាត់។ កត្តាទាំងអស់នេះ ដែលធ្វើឱ្យកុមារត្រូវបង្ខំចិត្តគេចវេសមិនចង់សិក្សា ឬក៏បោះបង់ការសិក្សាតែម្តង។ ចំពោះសិស្សនៅតាមទីប្រជុំជន ឬទីក្រុងវិញគាត់មានភាពងាយស្រួលក្នុងការសិក្សាអនឡាញជាងសិស្សនៅតាមជនបទ ព្រោះសិស្សគាត់មានសម្ភារៈ សេវា Internet ក៏មិនសូវចោទជាបញ្ហា ពិសេសមានការជំរុញខ្លាំងពីអ្នកអាណាព្យាបាល។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យជីវិតសិក្សាសិស្សនៅតាមទីក្រុង ឬតាមទីប្រជុំជន មានឱកាសសិក្សាបានច្រើនជាងសិស្សនៅតាមជនបទ។


យើងឃើញថាក្នុងបរិបទកូវីដ-១៩ នេះថ្នាក់ដឹកនាំក្រសួងអប់រំ បានរិះរកគ្រប់មធ្យោបាយដើម្បីឱ្យសិស្ស គ្រប់គ្នានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនបានទទួលសេវាអប់រំគ្រប់ៗគ្នា តែទោះជាយ៉ាងណា ក៏សិស្សមួយចំនួននៅតែមានបញ្ហាចោទលើការសិក្សាក្នុងបរិបទដ៍លំបាកនេះដែរ។ បើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការយូនីសេហ្វ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានលើកឡើងថា ការរាតត្បាតជាសកលនាំឱ្យសាលារៀនត្រូវបិទទ្វារ ភាពក្រីក្ររបស់កុមារមានការកើនឡើង និងបង្កហានិភ័យបន្ទច់បង្អាក់ដល់ឱកាសទទួលបានការអភិវឌ្ឍរបស់កុមារនៅទូទាំងប្រទេសកម្ពុជា។ កុមារជាង៣ លាននាក់ ទទួលរងផលប៉ះពាល់ដោយសារការបិទសាលារៀននៅក្នុងប្រទេស ហើយវិសាលភាពនៃវិបត្តិនេះកំពុងគំរាមកំហែងធ្វើឱ្យវឌ្ឍនភាពដែលសម្រេចបាននៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវរលាយបាត់ទៅវិញ និងធ្វើឱ្យក្រុមដែលងាយរងគ្រោះបំផុតពុំបានទទួលសេវាចាំបាច់សំខាន់ៗ ដូចជា សេវាការពារ អប់រំ សុខភាព អាហារូបត្ថម្ភ និងទឹកស្អាតជាដើម។ ផលប៉ះពាល់នេះអាចអូសបន្លាយរាប់ជំនាន់។ ការផ្ដល់ឱ្យកុមារនូវជម្រើសផ្សេងៗសម្រាប់រៀនសូត្រ និងកសាងមាគ៌ាជីវិតរបស់ពួកគេឡើងវិញ គឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបរបស់យូនីសេហ្វ។

សរុបសេចក្តីមក ទោះបីស្ថានភាពកូវីដ-១៩ បញ្ចប់ ឬមិនបញ្ចប់ក៏ដោយ ក្នុងនាមយើងជាពលរដ្ឋក្នុងសង្គមមួយត្រូវតែចូលរួមក្នុងការទប់ស្កាត់ និងការពារមិនឱ្យមានការរីករាលដាលនៃជំងឺនេះ ឬជំងឺផ្សេងទៀត ដើម្បីឱ្យសង្គមមានការឱកាសក្នុងការអភិវឌ្ឍ និងសិស្សានុសិស្សបានចូលរៀនពេញលេញផងដែរ។

អត្ថបទដកស្រង់ចេញពីគេហទំព័័រ៖ https://www.unicef.org/cambodia/km

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង