ប្រធានបទ “គុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោគទំពាំង”

ប្រធានបទ “គុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោគទំពាំង”

អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “គុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោគទំពាំង”
អត្ថបទដោយ : សាឯម កម្រង
#MJQE #American Intercon School

ទំពាំង គឺជាអាហារទូទៅមួយ ដែលមនុស្សគ្រប់គ្នាចូលចិត្ត និងយកវាមកប្រើប្រាស់នៅក្នុងការចម្អិនម្ហូបប្រចាំថ្ងៃ។ ប៉ុន្តែដោយឡែក មានមនុស្សតិចតួចប៉ុណ្ណោះដែលដឹងថាវាមានអត្ថប្រយោជន៍ចំពោះសុខភាព។ ទំពាំង វាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលមានប្រយោជន៍ចំពោះរាងកាយរួមមាន វីតាមីន សារធាតុរ៉ែ ជាតិសរសៃខ្ពស់ ជាតិស្ករទាប និងថែមទាំងមានផ្ទុកនូវកាឡូរីទាបផងដែរ។ ហេតុនេះទើបទំពាំងជាអាហារដ៏ល្អមួយសម្រាប់សុខភាពរាងកាយ ប្រសិនបើអ្នកទទួលទានបានត្រឹមត្រូវ។

១. ជួយសម្រកទម្ងន់
នៅក្នុងទំពាំង គឺស្ទើរតែគ្មានផ្ទុកនូវកាឡូរី ការបូនអ៊ីដ្រាត និងជាតិស្ករនោះឡើយ។ ហេតុនេះហើយទើបវាល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ មិនត្រឹមតែប៉ុណ្ណោះ ទំពាំងអាចជួយសម្រកទម្ងន់ សូម្បីតែពេលដែលអ្នកគេងបានថែមទៀតផង ដោយសារតែវាមានផ្ទុកនូវជាតិសរសៃខ្ពស់ និងកាឡូរីទាប។

២. ការពារសុខភាពបេះដូង
យោងតាមការស្រាវជ្រាវត្រូវបានគេរកឃើញថា ទំពាំងមានផ្ទុកនូវសារធាតុសំខាន់ៗដែលល្អបំផុតសម្រាប់រំលាយកូឡេស្តេរ៉ូលមិនល្អ (LDL) ចេញពីក្នុងខ្លួន។ ហេតុនេះហើយបានជាទំពាំងក្លាយជាអាហារដែលល្អសម្រាប់សុខភាពបេះដូង។

៣. ជួយរក្សាកម្រិតតុល្យភាពកូឡេស្តេរ៉ូល
បើផ្អែកលើការស្រាវជ្រាវរបស់លោក Park និង Jhon នៅសាកលវិទ្យាល័យ Washington State University បានបង្ហាញថា ការទទួលទានទំពាំង គឺមានឥទ្ធិពលលើកូឡេស្តេរ៉ុល (Lipids ឬតេលិកា) និងមុខងារនៃពោះវៀន។

៤. ព្យាបាលជំងឺមហារីក
ទំពាំងក៏មានគុណសម្បត្តិ ក្នុងការគ្រប់គ្រង ឬព្យាបាលពីជំងឺមហារីកផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
តាមរយៈសារធាតុរ៉ែ ដែលមានផ្ទុកនៅក្នុងទំពាំង គឺជួយឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ចំណែកឯវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្ទុកនៅក្នុងទំពាំងមានសារៈសំខាន់ក្នុងការពង្រឹងរាងកាយពីខាងក្នុងតែម្តង។
៦. ធ្វើឱ្យចលនាពោះវៀនមានសុខភាពល្អ
ទំពាំងមានផ្ទុកនូវជាតិសរសៃ ដែលមានសារៈសំខាន់សម្រាប់ការរំលាយអាហារ និងចលនានៃពោះវៀនដំណើរការបានល្អ។

៧. គុណសម្បត្តិប្រឆាំងនឹងការរលាក
យោងតាមការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយ Muniappan និង Sundararaj បានឱ្យដឹងថា ទំពាំងមានគុណសម្បត្តិខ្ពស់ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងការរលាកដូចជា ព្យាបាលដំបៅ និងរបួសផ្នែកខាងក្រៅផងដែរ។

៨. ជួយដល់ជំងឺផ្លូវដង្ហើម
ការទទួលទានទំពាំងឱ្យបានត្រឹមត្រូវធ្វើឱ្យវាមានប្រសិទ្ធភាពក្នុងការប្រឆាំងទៅនឹងបញ្ហាផ្លូវដង្ហើមរបស់អ្នកបាន។

៩. ព្យាបាលជំងឺក្រពះ
នៅក្នុងនោះផងដែរ ទំពាំងវាក៏ជួយព្យាបាលជំងឺក្រពះបានយ៉ាងល្អ។

១០. ជួយសម្អាតមុខរបួស
ទំពាំងក៏ត្រូវបានគេដឹងថា វាប្រើសម្រាប់សម្អាតមុខរបួស និងដុំបៅផងដែរ។

១១. សម្ពាធឈាមទាប
ទំពាំងមានផ្ទុកនូវជាតិប៉ូតាស្យូមខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍ក្នុងការកាត់បន្ថយសម្ពាធឈាមរបស់អ្នក។

ទោះបីជាទំពាំងមានអត្ថប្រយោជន៍ តែវាក៏មានគុណវិបត្តិមួយចំនួនផងដែរ ដោយសារតែទំពាំងមានផ្ទុកសារធាតុគីមីពុលម្យ៉ាងដែលហៅថា cyanide ហើយក្នុងទំពាំងមួយគីឡូក្រាមមានសារធាតុពុលនេះប្រហែលជា ២៣០មីលីក្រាមឯណោះ។ នៅពេលដែលអ្នកបរិភោគសារធាតុពុលនេះច្រើនពេក នឹងបណ្តោលឱ្យមានអាការៈឈឺក្បាល វិលមុខ ចង្អោរ ជំងឺផ្លូវដង្ហើម ដង្ហើមខ្លី… ជាពិសេសមនុស្សដែលមានរោគសញ្ញាមួយចំនួនដូចខាងក្រោមគួរតែតមទំពាំងឱ្យបាន៖

១. មនុស្សដែលមានជំងឺក្រពះ
ឈឺក្រពះអាចលាប់ឡើងវិញបានយ៉ាងងាយ ប្រសិនបើអ្នកទទួលទានក្រោយពេលដែលជំងឺជាមិនទាន់ដាច់។ ក្រុមអ្នកជំនាញបានផ្តល់អនុវសាសន៍ថា អ្នកជំងឺដែលប្រើថ្នាំឈឺក្រពះ គួរតែតមទំពាំងដោយសារតែទឹកអាស៊ីត cyanhydric របស់វាអាចបង្កឱ្យជំងឺក្រពះមានអាការៈកាន់តែធ្ងន់ធ្ងរ។

២. មនុស្សដែលមានជំងឺសន្លាក់
ចំពោះអ្នកដែលមានជំងឺសន្លាក់ត្រូវតែប្រុងប្រយ័ត្នចំពោះរបបអាហារមួយនេះ ព្រោះវាអាចបង្កើតបរិមាណនៃជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ហើយជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរឡើង។ ទំពាំងអាចបង្កើនល្បឿនសំយោគនៃអាស៊ីតអ៊ុយរិកក្នុងរាងកាយ ដូច្នេះអ្នកជំងឺប្រគ្រីវកាច់ក៏គួរតែចៀសវាងដែរ។

៣. មនុស្សដែលមានជំងឺតម្រងនោម
នៅពេលដែលអ្នកកើតជំងឺតម្រងនោម គួរតែយកចិត្តទុកដាក់ចំពោះការបរិភោគទំពាំង ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម ដែលធ្វើឱ្យជំងឺក្លាយជារ៉ាំរ៉ែ និងខ្សោយតម្រងនោម។

៤. មនុស្សស្រីដែលមានផ្ទៃពោះ
ទោះបីជាទំពាំង គឺជាអាហារដ៏ពេញនិយមក៏ពិតមែន ប៉ុន្តែគ្រូពេទ្យមិនបានផ្តល់អនុសាសន៍ឱ្យស្ត្រីមានផ្ទៃពោះទទួលទានច្រើននោះឡើយ ជាពិសេសនៅក្នុងត្រីមាសទីមួយ។ ដោយសារតែប៉ុន្មានខែដំបូងនៃការមានផ្ទៃពោះ រាងកាយមិនទាន់សម្របនឹងការផ្លាស់ប្តូរព្រម ទាំងការចាញ់កូន ទើបមិនអាចទទួលទានអាហារបានច្រើន។ ទន្ទឹមនឹងនេះផងដែរ ទំពាំងសម្បូរទៅដោយជាតិសរសៃ ប្រសិនបើបរិភោគច្រើននឹងធ្វើឱ្យមានបញ្ហាហើមពោះ។ លើសពីនេះទៅទៀត ប្រសិនបើទំពាំងចម្អិនមិនបានល្អ អាចនាំឱ្យគ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកមិនទាន់កើត៕

ដកស្រង់ចេញពី :
– https://www.facebook.com/1356300371094365/posts/2053762844681444/
– https://www.khmerload.com/news/74819

No Comments

Sorry, the comment form is closed at this time.

Back to Top