ប្រធានបទ “គម្រោងការពីរ៉ាមីត”

ប្រធានបទ “គម្រោងការពីរ៉ាមីត”

អត្ថបទព័ត៌មានស្តីពីការងារ និងអាជីព
ក្រោមប្រធានបទ “គម្រោងការពីរ៉ាមីត”
អត្ថបទដោយ : សាវ៉េត ញាណបញ្ញា
#MJQE #American Intercon School

ជាច្រើនទសវត្សរ៍កន្លងមកហើយ ដែលយើងរាល់គ្នាតែងតែឮពីការធ្វើអាជីវកម្មបែបគម្រោងការពីរ៉ាមីត ឬ Pyramid Scheme។ តើ Pyramid Scheme គឺជាអ្វី? តើវាដំណើរការដោយរបៀបណា?

គម្រោងការពីរ៉ាមីត ឬ Pyramid Scheme គឺជាប្រព័ន្ធអាជីវកម្មរកលុយបែបក្លែងបន្លំមួយ ដោយពឹងផ្អែកទាំងស្រុងទៅលើការជ្រើសរើសសមាជិកមកចូលរួមវិនិយោគនៅក្នុងគម្រោងការអាជីវកម្ម ហើយសមាជិកទាំងនោះត្រូវបន្តទាញយកអ្នកវិនិយោគដទៃទៀតដើម្បីមកចូលរួមជាមួយ។ ប្រភេទគម្រោងការអាជីវកម្មបែបនេះត្រូវបានគេហៅថា “គម្រោងការពីរ៉ាមីត” ពីព្រោះនៅដំណាក់កាលនីមួយៗនៃការទាញយកសមាជិកមកចូលរួម ចំនួនវិនិយោគិននឹងកើនឡើងពីតិចទៅច្រើន ហើយប្រសិនបើយើងគូសដាក់សមាជិកដំបូងគេនៅខាងលើ និងសមាជិកដែលត្រូវបានអូសទាញមកចូលរួមនៅខាងក្រោម វានឹងមានរូបរាងដូចជាពីរ៉ាមីតដូច្នេះដែរ។

ជាទូទៅលក្ខណៈអាជីវកម្មបែបគម្រោងការពីរ៉ាមីត គឺមិនសូវពាក់ព័ន្ធទៅនឹងការលក់ផលិតផល ឬសេវាកម្មនោះទេ អ្វីដែលផ្តោតសំខាន់គឺធ្វើយ៉ាងណាដើម្បីទាញយកសមាជិកមកចូលរួមឱ្យបានកាន់តែច្រើន។ អាជីវកម្មនេះ គឺចាប់ផ្តើមចេញពីបុគ្គលម្នាក់ដែលជាស្ថាបនិកនៃគម្រោងការពីរ៉ាមីត (ថ្នាក់ទី១) ត្រូវជ្រើសរើសសមាជិក (ថ្នាក់ទី២) មកចូលរួមក្នុងគម្រោងការអាជីវកម្មរបស់ខ្លួន។ ដើម្បីក្លាយខ្លួនជាសមាជិកនៅក្នុងអាជីវកម្មនេះបាន វិនិយោគិនត្រូវបង់ប្រាក់វិនិយោគតាមចំនួនកំណត់មួយទៅឱ្យអ្នកជ្រើសរើសដើម ដោយជាថ្នូរទទួលបានការសន្យាថា ការវិនិយោគនេះនឹងទទួលបានផលចំណេញយ៉ាងច្រើនលើសលុបតាមរយៈការទាញយកសមាជិកមកបន្ថែម។ សម្រាប់សមាជិកនៅថ្នាក់ទី២ ដើម្បីស្កាវិនិយោគរបស់ពួកគេ គេត្រូវតែជ្រើសរើសសមាជិកបន្ថែមទៀតមកវិនិយោគបន្ត (ថ្នាក់ទី៣) ដែលម្នាក់ៗនឹងធ្វើការបង់ប្រាក់វិនិយោគចូលទៅក្នុងអាជីវកម្ម ហើយទឹកប្រាក់នេះនឹងត្រូវបានបែងចែកទៅសមាជិកដែលនៅថ្នាក់ទី១ផង និងសមាជិកថ្នាក់ទី២ផង។ នីតិវិធីបែបនេះ នឹងត្រូវបានអនុវត្តដដែលៗ ដើម្បីអូសទាញសមាជិកដែលនៅថ្នាក់ក្រោមបន្តបន្ទាប់ ចំណែកឯទឹកប្រាក់វិនិយោគនឹងត្រូវបានបែងចែកទៅសមាជិកដែលនៅថ្នាក់ខាងលើ។

ដូច្នេះ ដើម្បីទទួលបានផលចំណេញពីគម្រោងការពីរ៉ាមីត ក្រុមសមាជិកដែលនៅថ្នាក់ខាងលើទាមទារឱ្យមានការជ្រើសរើសអូសទាញសមាជិកវិនិយោគិនក្រោយៗទៀតឱ្យបានកាន់តែច្រើន។ ជាគោលការណ៍ យើងមើលទៅហាក់ដូចជាសាមញ្ញ និងងាយស្រួលក្នុងការសម្រេចរកផលចំណេញ បើគ្រាន់តែទាញយកសមាជិកមកចូលរួមឱ្យច្រើនជាងសមាជិកមុន ក៏ប៉ុន្តែតថភាពជាក់ស្តែងគឺមិនអាចទៅរួចនោះទេ។ ឧទាហរណ៍ បុគ្គលម្នាក់ត្រូវរកសមាជិកមកវិនិយោគនៅក្នុងជុំទី១ ឱ្យបាន៦នាក់ ហើយអ្នកទាំង៦ ដែលជាសមាជិកត្រូវទាញយកសមាជិក៦នាក់បន្ថែមទៀតរៀងៗខ្លួននៅក្នុងជុំទី២ ដើម្បីទទួលបានសមាជិកចំនួន៣៦នាក់។ ដោយប្រើប្រាស់យន្តការ “បុគ្គលម្នាក់ត្រូវរកសមាជិកឱ្យបាន៦នាក់” ដដែលនេះ សមាជិកនៅក្នុងជុំទី៣ នឹងមានចំនួន២១៦នាក់ ហើយនឹងបន្តកើនដល់១,២៩៦នាក់ក្នុងជុំទី៤ និង៧,៧៧៦នាក់ក្នុងជុំទី៥។

តើអ្វីដែលជារឿងមិនអាចទៅរួច?
បើយន្តការនេះនៅតែបន្ត នៅជុំទី១១ គម្រោងការពីរ៉ាមីតនឹងតម្រូវឱ្យមានសមាជិកចំនួន៣៦២.៧លាននាក់ ដែលចំនួននេះគឺច្រើនជាងប្រជាជនសរុបរបស់សហរដ្ឋអាមេរិក និងជុំទី១៣ តម្រូវការសមាជិកកើនដល់១៣ប៊ីលាននាក់ ដែលតួលេខនេះគឺច្រើនជាងចំនួនប្រជាជនសរុបនៅក្នុងពិភពលោកទៅទៀត។

ជាទូទៅ គម្រោងការពីរ៉ាមីតនេះនឹងត្រូវដួលរលំនៅពេលដែលសមាជិកនៅថ្នាក់ក្រោមពុំអាចអូសទាញសមាជិកមកវិនិយោគបន្ថែម។ គ្មានអ្នកបង់ប្រាក់បន្ថែម គ្មានសកម្មភាពអាជីវកម្ម ដើម្បីបង្កើតប្រាក់ចំណេញ ហើយក៏គ្មានការសងលុយវិនិយោគត្រលប់មកវិញដែរ។ ត្រង់ចំណុចនេះ អ្នកដែលរងគ្រោះខាតបង់ប្រាក់គឺជាក្រុមសមាជិកដែលទើបតែបង់ប្រាក់វិនិយោគ និងក្រុមថ្នាក់ដែលនៅភាគខាងក្រោមនៃគម្រោងពីរ៉ាមីត ដែលពួកគេតែងតែសង្ឃឹមថានឹងរកបានសមាជិកមកបន្ថែមដើម្បីទទួលបានភាគលាភនៃប្រាក់វិនិយោគចំណេញមកវិញ។ ចំណែកឯអ្នកដែលនៅចំណុចកំពូល ឬក្រុមថ្នាក់ខាងលើនៃគម្រោងនឹងទទួលបានទឹកប្រាក់ពីអាជីវកម្មក្លែងបន្លំនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ អាស្រ័យទៅតាមវដ្តនៃអាជីវកម្ម និងសមាជិកដែលចូលរួម។

សរុបមកគម្រោងការពីរ៉ាមីត ឬ Pyramid Scheme គឺជាសកម្មភាពអាជីវកម្មបោកប្រាស់ និងខុសច្បាប់។ តែយ៉ាងណាមិញ ចរិតលក្ខណៈរបស់គម្រោងការពីរ៉ាមីត នៅក្នុងសម័យកាលបច្ចុប្បន្ននេះមានលក្ខណៈសាំញ៉ាំ និងពិបាកកំណត់អត្តសញ្ញាណ ព្រោះវាបានបំប្លែង និងបង្កប់ខ្លួនទៅក្នុងអាជីវកម្មដែលមានបែបផែនមួយផ្សេងទៀតខុសពីការរៀបរាប់ខាងលើ។ សកម្មភាពថ្មីតែមានបង្កប់ពីចរិកលក្ខណៈរបស់គម្រោងការពីរ៉ាមីត ត្រូវបានគេរកឃើញនៅក្នុងប្រភេទអាជីវកម្មមួយចំនួនដូចជា Ponzi Scheme និង Multi-Level Marketing (MLM)។ ខ្ញុំបាទ នឹងលើកយកប្រធានបទទាក់ទងទៅនឹងប្រភេទអាជីវកម្មទាំងនេះមកបកស្រាយនៅអត្ថបទក្រោយទៀត។

ជាចុងក្រោយត្រូវចងចាំថា នៅលើលោកនេះគ្មានអ្វីដែលបានដោយងាយស្រួលនោះទេ។ វាទាមទារការខិតខំប្រឹងប្រែងទាំងញើសទាំងឈាម ដើម្បីសម្រេចគោលដៅដែលអ្នកប្រាថ្នា។ សូមគិតពិចារណាសារជាថ្មី ប្រសិនបើនរណាម្នាក់មកបបួលអ្នកទៅធ្វើអាជីវកម្មមួយ ដែលទទួលបានប្រាក់ចំណេញខ្ពស់ដោយងាយស្រួល និងក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី។ ចូរកុំបណ្តោយឱ្យខ្លួនឯង ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនអ្នកក្លាយជាជនរងគ្រោះដោយសារតែភាពលោភលន់៕

 

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង