ប្រធានបទ “គន្លឹះខ្លីៗក្នុងការបំផុសអាកប្បកិរិយាវិជ្ជមានចំពោះការរៀនពីចម្ងាយដល់កុមារ”

ប្រធានបទ “គន្លឹះខ្លីៗក្នុងការបំផុសអាកប្បកិរិយាវិជ្ជមានចំពោះការរៀនពីចម្ងាយដល់កុមារ”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “គន្លឹះខ្លីៗក្នុងការបំផុសអាកប្បកិរិយាវិជ្ជមានចំពោះការរៀនពីចម្ងាយដល់កុមារ”
អត្ថបទដោយ : ញឹម ពិសិដ្ឋ
#MJQE #American Intercon School

នាពេលបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ដោយសារកូនសិស្សរាប់ពាន់នាក់មិនអាចទៅសាលារៀនបាន។ បញ្ហាដ៏គួរអោយបារម្មណ៍នេះ បានកំពុងរាំងស្ទះដំណើរការសិក្សារបស់កូនសិស្ស ជាពិសេសកុមារតូចៗដែលកំពុងរៀននៅថ្នាក់មតេ្តយ្យ និងបឋមសិក្សា។

ដើម្បីធានាឱ្យបាននូវការរៀនសូត្របន្ត ស្ថាប័នអប់រំជាច្រើនបានបង្កើតវេទិកាបច្ចេកវិទ្យា ដើម្បីផ្តល់កម្មវិធីសិក្សាតាមប្រព័ន្ធអប់រំពីចម្ងាយដល់កុមារ។ ប្រព័ន្ធនេះគឺពិតជាថ្មី និងមានភាពស្មុគស្មាញច្រើនដែលទាមទារឱ្យគ្រូបង្រៀន និងឪពុកម្តាយ ឬអ្នកអាណាព្យាបាលសិស្សដើរតួនាទីច្រើនជាងមុន បើប្រៀបធៀបទៅនឹងការរៀនក្នុងថ្នាក់ផ្ទាល់។ ខណៈពេលដែលគ្រូបង្រៀនមានតួនាទីជាអ្នកបង្កើតមាតិកាមេរៀន និងបង្រៀន ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវដើរតួជាអ្នកសម្របសម្រួល និងជាជំនួយការផ្ទាល់របស់សិស្ស។

ការចូលរួមរបស់ឪពុកម្តាយ និងអ្នកអាណាព្យាបាលអាចរួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យក្នុងការសិក្សារបស់កុមារនៅក្នុងស្ថានភាពបែបនេះ។ ដូចដែលយើងបានដឹងហើយថា កុមារចូលចិត្តសង្កេត និងឆ្លុះបញ្ចាំងអំពីអាកប្បកិរិយារបស់ឪពុកម្តាយ។ ប្រសិនបើឪពុកម្តាយរបស់ពួកគេមានគំនិតវិជ្ជមានចំពោះការរៀនពីចម្ងាយ កុមារនឹងមានភាពសកម្មក្នុងការចូលរួមរៀនពីចម្ងាយដូចគ្នាដែរ។

តើឪពុកម្តាយ ឬអ្នកអាណាព្យាបាលគួរធ្វើដូចម្ដេច ដើម្បីបំផុសអាកប្បកិរិយាវិជ្ជមានដល់កុមារក្នុងការរៀនពីចម្ងាយ?
១. គួររៀបចំកាលវិភាគរៀនប្រចាំថ្ងៃឱ្យកុមារ។
២. គួរលើកទឹកចិត្តឱ្យកុមារចូលរួមក្នុងថ្នាក់រៀនពីចម្ងាយដូចគ្នានឹងពេលគាត់រៀនផ្ទាល់ដែរ។
៣. គួររក្សាទំនាក់ទំនងជាមួយលោកគ្រូ និងអ្នកគ្រូតាមមុខវិជ្ជា។
៤. គួរមានកន្លែងដែលមានភាពងាយស្រួលសម្រាប់កុមាររៀន និងធ្វើកិច្ចការ។
៥. គួរកាត់បន្ថយការរំខានផ្សេងៗនៅពេលកុមារកំពុងរៀន។
៦. គួរផ្តល់មតិយោបល់វិជ្ជមានទៅលើការរៀនរបស់កុមារ។
៧. គួរស្វែងរកជំនួយនៅពេលយើងមានបញ្ហាក្នុងការប្រើឧបករណ៍បច្ចេកវិទ្យា។
៨. គួរយល់ថា ការរៀនពីចម្ងាយមិនអាចជួយឱ្យកុមារទទួលបានចំណេះដឹងដូចការរៀនផ្ទាល់នៅក្នុងថ្នាក់នោះទេ។
៩. មិនគួរចាត់ទុកការរៀនពីចម្ងាយជាការរៀនបណ្តោះអាសន្ននោះទេ។
១០. មិនគួររិះគន់ថ្នាក់រៀនពីចម្ងាយនៅមុខកុមារ ព្រោះវាប្រៀបបានទៅនឹងការប្រាប់កុមារឱ្យឈប់ខំរៀន។

សរុបសេចក្ដីទៅ ការសិក្សាពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យារបស់កុមារអាចរីកចម្រើនទៅបាន លុះត្រាតែមានការសហការយ៉ាងស្អិតរមួតរវាងឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាលារៀន។ វាជាការពិតដែលយើងប្រឈមមុខនូវបញ្ហាប្រឈមជាច្រើន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងត្រូវរៀនសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនេះ រហូតដល់ពេលសាលាបើកដំណើរការឡើងវិញ៕

ដកស្រង់ចេញពី៖
– Roles of Parents in Online Learning. Retrieved from https://vega.edu.in/role-of-parents-in-online-learning/
– Tips for Successful online learning for Parents. Retrieved from https://www.usatoday.com/in-
depth/news/2020/08/06/covid-19-tips-parents-successful-online-learning-virtual-classes zoom/3303918001/

No Comments

Sorry, the comment form is closed at this time.

Back to Top