ប្រធានបទ “គន្លឹះក្នុងការជួយសុខភាពផ្លូវចិត្តរបស់កុមារ”

ប្រធានបទ “គន្លឹះក្នុងការជួយសុខភាពផ្លូវចិត្តរបស់កុមារ”

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “គន្លឹះក្នុងការជួយសុខភាពផ្លូវចិត្តរបស់កុមារ”
អត្ថបទដោយ : ទ្រី ណូរី
#MJQE #American Intercon School

គ្រួ  សារនីមួយៗភាគច្រើនតែងតែផ្ដោតតែទៅលើសុខភាពរាងកាយ ហើយតែងមើលរំលងសុខភាពផ្លូវចិត្តដែលជាហេតុធ្វើឱ្យសមាជិកក្នុងគ្រួសារ ជាពិសេសកុមារតូចៗមានការអាក់អន់ចិត្តជាមួយនឹងឪពុកម្ដាយ ឬអ្នកអាណាព្យាបាល ដែលជាមូលហេតុធ្វើឱ្យពួកគេមានបញ្ហាប្រឈមផ្លូវចិត្តនៅពេលអនាគត។ ដូចនេះ ឪពុកម្ដាយ ឬអ្នកអាណាព្យាបាលដែលមានកូនតូចៗគ្រប់រូបគួរយល់ដឹងពីវិធីសាស្ត្រក្នុងការជួយសុខភាពផ្លូវចិត្តរបស់ពួកគេដែលមានដូចជា៖

១. ចាត់ទុកសុខភាពផ្លូវចិត្តជារឿងសំខាន់
លោកអ្នកជាឪពុកម្ដាយ ឬអ្នកអាណាព្យាបាល គួរមានការបើកសិទ្ធិដើម្បីឱ្យកូនៗតូចៗមានសេរីភាពក្នុងការប្រាប់ពីអារម្មណ៍ បំណងប្រាថ្នា និងហេតុផលរបស់ពួកគេ ឱ្យពួកគេប្រាប់ពីរឿងក្នុងចិត្តដើម្បីបន្ធូរអារម្មណ៍ និងការពារបញ្ហាអាក់អន់ចិត្តដែលជាហេតុធ្វើឱ្យពួកគេមានសុខភាពផ្លូវចិត្តខ្សោយ។

២. បង្រៀនឲ្យគិតវិជ្ជមាន៖ នៅពេលដែលក្មេងតូចៗជួបប្រទះនូវបញ្ហាពិបាកអ្វីមួយដូចជាការសិក្សាជាដើម ពួកគេប្រាកដជាបាត់បង់ទំនុកចិត្ត បន្ទោសខ្លួនឯង និងចង់ចុះចាញ់ភ្លាមៗ ដូច្នេះលោកអ្នកជាអាណាព្យាបាលត្រូវព្យាយាមលើកទឹកចិត្តពួកគេដោយប្រើដំបូន្មានល្អៗ បង្ហា្ញញពីអត្ថប្រយោជន៍នៃការងារនោះ ហើយជួយពួកគេបំពេញការងារទាំងនោះ។

៣. ធ្វើជាគំរូដ៏ល្អ
កុមារតែងតែយកគំរូតាមមនុស្សធំ ដូចនេះមនុស្សធំត្រូវធ្វើជាគំរូដ៏ល្អសម្រាប់កុមារតូចៗ ដើម្បីឱ្យពួកគេរៀនតាម។ លោកអ្នកត្រូវបង្ហាញថា លោកអ្នកក៏មានបញ្ហាដូចពួកគេដូចគ្នា ប៉ុន្តែលោកអ្នកដោះស្រាយបញ្ហាទាំងនោះដោយអារម្មណ៍ស្ងប់ មិនជះកំហឹង និងមិនត្អូញត្អែរ។

៤. បង្រៀនពួកគេឱ្យចេះទទួលខុសត្រូវ
លោកអ្នក គួរអនុញ្ញាតឱ្យពួកគេសម្រេចចិត្តក្នុងការជ្រើសរើសអ្វីមួយ ហើយត្រូវទទួលខុសត្រូវចំពោះជម្រើសរបស់ពួកគេ។ ការអនុវត្កបែបនេះជួយពួកគេឱ្យមានភាពក្លាហានក្នុងការសម្រេចចិត្ត និងទទួលកំហុសរបស់ពួកគេ។

៥. ចៀសវាងការស្ដីបន្ទោស
នៅពេលដែលកុមារតូចៗមានកំហុស លោកអ្នកជាឪពុកម្តាយ ឬអ្នកអាណាព្យាបាលត្រូវមានការណែនាំដោយប្រើប្រាស់សម្ដីទន់ភ្លន់ មិនគំហក មិនគំរាមកំហែង ត្រូវប្រាប់ពីកំហុសរបស់ពួកគេបានយល់។ ការស្ដីបន្ទោស ជេរប្រមាថ និងប្រើប្រាស់អំពើហិង្សាអាចធ្វើឱ្យពួកគេមានអារម្មណ៍ភ័យតក់ស្លុត ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេដ៏ធ្ងន់ធ្ងរ៕

ដកស្រង់ចេញពី :
– Psychology Today II https://www.psychologytoday.com
– Kidsvillage II https://kidsvillage.com
– គន្លឹះក្នុងការជួយសុខភាពផ្លូវចិត្តរបស់កុមារ (pethyoeung.com)

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង