ប្រធានបទ “គន្លងតារាវិថីផ្កាយរណប”

ប្រធានបទ “គន្លងតារាវិថីផ្កាយរណប”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
ក្រោមប្រធានបទ “គន្លងតារាវិថីផ្កាយរណប”
អត្ថបទដោយ : សែម ពេជ្រ
#MJQE #American Intercon School

តើផ្កាយរណប ឬវត្ថុអ្វីៗផ្សេងទៀត អាចស្ថិតនៅក្នុងគន្លងតារាវិថីបានដោយរបៀបណា? តើវាត្រូវការថាមពលអ្វី ដើម្បីអាចមានចលនាជុំវិញផែនដីជាប់ជាប្រចាំ ដោយមិនធ្លាក់មកលើដីវិញបានបែបនេះ?

គិតមកទល់នឹងពេលបច្ចុប្បន្ននេះ នៅជុំវិញភពផែនដីរបស់យើង មានស្ថានីយអវកាស តេឡេស្កុបអវកាស ព្រមទាំងផ្កាយរណប គិតជាសរុបប្រមាណជាង២ពាន់៦រយ កំពុងធ្វើដំណើរនៅក្នុងគន្លងតារាវិថី ហើយដំណើរវិលជុំវិញគន្លងតារាវិថីនេះ ត្រូវធ្វើឡើងដោយមិនចាំបាច់ត្រូវការថាមពលអ្វី មកបង្កើតជាកម្លាំងដំណោលឱ្យវត្ថុអស់ទាំងនេះធ្វើដំណើរទៅមុខនោះទេ ក្រៅតែពីល្បឿនដើមកាលពីពេលបាញ់បង្ហោះចេញដោយរ៉ុកកែត។

មូលដ្ឋានគ្រឹះចម្បង ដើម្បីយល់អំពីយន្តការគន្លងតារាវិថីនេះ គឺច្បាប់ចលនារបស់អ៊ីសាក់ញូតុន។ ទ្រឹស្តីទី១ នៃច្បាប់ចលនានេះចែងថា “វត្ថុមួយដែលនៅនឹងថ្កល់គ្មានចលនា នឹងនៅតែបន្តស្ថិតនៅនឹងថ្កល់គ្មានចលនា ហើយវត្ថុដែលមានចលនានឹងនៅតែបន្តមានចលនានៅក្នុងទិសដៅនិងល្បឿនដដែល លុះត្រាតែមានអន្តរាគមន៍ពីកម្លាំងណាមួយផ្សេងមកពីខាងក្រៅ”។

យោងតាមច្បាប់នេះ ផ្កាយរណប បើសិនជាគ្មានអន្តរាគមន៍ពីកម្លាំងខាងក្រៅទេនោះ គឺត្រូវធ្វើដំណើរក្នុងល្បឿនថេរ និងទិសដៅត្រង់ទៅមុខជាប់ជានិច្ច។ ក៏ប៉ុន្តែ នៅក្នុងការពិតជាក់ស្តែង ផ្កាយរណបត្រូវរងនូវកម្លាំងពីខាងក្រៅមួយទៀត គឺកម្លាំងទំនាញផែនដី ដែលធ្វើឱ្យគន្លងរបស់ផ្កាយរណបមានរាងកោង ហើយនៅពេលដែលល្បឿនរបស់ផ្កាយរណប និងកម្លាំងទំនាញរបស់ផែនដីមានតុល្យភាពនឹងគ្នា នៅពេលនោះហើយ ដែលផ្កាយរណបអាចស្ថិតក្នុងគន្លងតារាវិថីជុំវិញផែនដីបាន។

ដូច្នេះ ដើម្បីអាចដាក់ផ្កាយរណបឱ្យស្ថិតនៅក្នុងគន្លងតារាវិថីមួយ ដែលមានស្ថិរភាពបាននៅពេលបាញ់បង្ហោះដោយរ៉ុកកែតចេញពីដីទៅ គេចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យរ៉ុកកែតនោះនាំផ្កាយរណបឱ្យដល់ល្បឿនមួយ ដែលមានតុល្យភាពជាមួយនឹងកម្លាំងទំនាញផែនដី។ បើល្បឿនតិចពេក វានឹងត្រូវធ្លាក់ចុះមកលើដីវិញ ហើយបើសិនជាល្បឿនខ្ពស់ហួសហេតុពេក វានឹងត្រូវចាកចេញពីគន្លងតារាវិថី រហូតអាចចេញឆ្ងាយផុតពីដែននៃកម្លាំងទំនាញផែនដីទាំងស្រុង៕

ដកស្រង់ចេញពី : https://www.rfi.fr/km

No Comments

Sorry, the comment form is closed at this time.

Back to Top