ប្រធានបទ “កុំរំលងអាហារពេលព្រឹក ប្រយ័ត្នបាត់អត្ថប្រយោជន៍៥យ៉ាងនេះ”

ប្រធានបទ “កុំរំលងអាហារពេលព្រឹក ប្រយ័ត្នបាត់អត្ថប្រយោជន៍៥យ៉ាងនេះ”

អត្ថបទព័ត៌មានស្តីអំពីការអប់រំសុខភាព៖
ក្រោមប្រធានបទ “កុំរំលងអាហារពេលព្រឹក ប្រយ័ត្នបាត់អត្ថប្រយោជន៍៥យ៉ាងនេះ”
អត្ថបទដោយ : ពៅ ភក្តី
#MJQE #American Intercon School

យើងទាំងអស់គ្នាអាចនឹងមានភាពរវល់ខ្លាំង ជាហេតុនាំឱ្យយើងអាចនឹងរំលងអាហារពេលព្រឹក។ ការរំលងអាហារពេលព្រឹក គឺប្រៀបដូចជាយើងរំលងអត្ថប្រយោជន៍ចំពោះសុខភាពដែលបានមកពីអាហារពេលព្រឹកអញ្ចឹងដែរ។ អត្ថបទនេះ នឹងលើកឡើងពីអត្ថប្រយោជន៍ចំពោះសុខភាពសម្រាប់អ្នកដែលញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។

១. បង្ការការឡើងទម្ងន់
ការសិក្សាជាច្រើនបានអះអាងថា អ្នកញ៉ាំអាហារព្រឹកមានភាពងាយស្រួលក្នុងរក្សាទម្ងន់។ ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ TelAviv បានបង្ហាញថា ការញ៉ាំរបបអាហារដែលមានកាបូអ៊ីដ្រាតល្អ (បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ) ប្រូតេអ៊ីន និងបង្អែមបន្តិចបន្តួចអាចជួយដល់ជម្រើសអាហារដ៏ល្អពេញមួយថ្ងៃ។ អាហារពេលព្រឹកបែបនេះអាចជួយឱ្យរាងកាយឆ្អែតបានយូរ មិនញ៉ាំហួសកំណត់ ឬឃ្លានផ្ដេសផ្ដាស ហើយនេះក៏ជួយដល់ការរក្សាទម្ងន់ដែរ។

២. បង្កើនការផ្ចង់អារម្មណ៍
នៅពេលយើងគេង រាងកាយយើងក៏សម្រាកដែរ ហើយការរំលងអាហារពេលព្រឹកធ្វើឱ្យរាងកាយព្យាយាមបង្កើតថាមពលបន្ថែមដែលបង្កឱ្យខួរក្បាល និងរាងកាយធ្វើការកាន់តែខ្លាំងរួមទាំងផលិតអ័រម៉ូនស្ត្រេស។ នេះធ្វើឱ្យយើងមានអារម្មណ៍ថាហត់។ ការញ៉ាំអាហារពេលព្រឹក គឺផ្តល់ថាមពលដល់ខួរក្បាល និងរាងកាយដើម្បីបង្កើនការផ្ចង់អារម្មណ៍ និងដាស់ស្មារតីពេញមួយថ្ងៃ។

៣. កាត់បន្ថយហានិភ័យបញ្ហាបេះដូង
ការសិក្សាមួយបានឱ្យដឹងថា អត្រាជំងឺធាត់មានការថយចុះពី៣៥ ទៅ៥០%សម្រាប់អ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃបើធៀបទៅនឹងអ្នកអត់ញ៉ាំអាហារពេលព្រឹក។ ការសិក្សានេះអះអាងថា ការញ៉ាំអាហារពេលព្រឹកដែលមានរបបអាហារល្អសម្រាប់សុខភាពជួយបង្ការជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

៤. បង្ការការញ៉ាំលើសកំណត់
៥០%នៃអ្នករំលងអាហារពេលព្រឹកមានបញ្ហាលើសទម្ងន់។ ការរំលងអាហារពេលព្រឹកបណ្ដាលឱ្យរាងកាយឃ្លានខ្លាំង។ នៅពេលឃ្លានខ្លាំង យើងតែងញ៉ាំអ្វីៗគ្រប់យ៉ាង និងក្នុងកម្រិតច្រើន។ យ៉ាងណាមិញ យើងអាចបង្ការការញ៉ាំហួសកំណត់បានដោយការញ៉ាំអាហារពេលព្រឹក ព្រោះអាហារពេលព្រឹកជួយយើងឆ្អែតបានយូរ និងមិនសូវឃ្លាន។

 

៥. ជួយបង្កើតជម្រើសអាហារល្អៗ
អ្នកដែលញ៉ាំអាហារពេលព្រឹក ជាទូទៅមានទម្លាប់ញ៉ាំរបបអាហារល្អសម្រាប់សុខភាព និងមិនសូវឃ្លានអាហារសម្រន់អំឡុងពេលថ្ងៃដូចអ្នករំលងអាហារពេលព្រឹកទេ។ អ្នកដែលរំលងអាហារពេលព្រឹកតែងញ៉ាំអាហារសម្រន់នៅពេលព្រឹក ឬពេលរសៀល។ បញ្ហាគឺថាអាហារសម្រន់ទាំងនោះមានជាតិសរសៃ វីតាមីន និងជាតិរ៉ែទាប ប៉ុន្តែមានជាតិខ្លាញ់ និងអំបិលច្រើន។ ក្រៅពីនេះ គ្នាយើងមួយចំនួនអាចនឹងមានអារម្មណ៍ហត់ និងជ្រើសរើសផឹកភេសជ្ជៈប៉ូវកម្លាំង។

ម៉្យាងវិញទៀត តាមការសិក្សាស្រាវជ្រាវរបស់ Indian Pidiatrics ក្នុងឆ្នាំ២០០៨ បានបង្ហាញថា “សិស្សដែលទទួលទានអាហារពេលព្រឹកជារៀងរាល់ថ្ងៃ គឺមានការយកចិត្តទុកដាក់លើការរៀនសូត្រ ចេះប្រមូលអារម្មណ៍បានល្អ និងមានការជោគជ័យនៅសាលារៀនច្រើនជាងសិស្សមិនដែលពិសាអាហារពេលព្រឹក”៕

ដកស្រង់ចេញពី៖
– https://hellokrupet.com
– https://bizkhmer.com

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង