ប្រធានបទ “ការសិក្សាសម័យកូវីដ-១៩ នៅកម្ពុជា”

ប្រធានបទ “ការសិក្សាសម័យកូវីដ-១៩ នៅកម្ពុជា”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការសិក្សាសម័យកូវីដ-១៩ នៅកម្ពុជា”
អត្ថបទដោយ : ឥន សូហ្វីយ៉ា
#MJQE #AmericanInterconSchool

កុមារជាង ៣លាននាក់ កំពុងរងផលប៉ះពាល់ពីការបិទសាលារៀននៅកម្ពុជា ហើយទំហំនៃវិបត្ដិនេះកំពុងគំរាមកំហែងដល់ការរីកចម្រើនដែលទទួលបានជាច្រើនឆ្នាំកន្លងមក…។ ការរាតត្បាតជាសកលនាំឱ្យសាលារៀនត្រូវបិទទ្វារ ភាពក្រីក្ររបស់កុមារមានការកើនឡើង និងបង្កហានិភ័យបន្ទច់បង្អាក់ដល់ ឱកាសទទួលបានការអភិវឌ្ឍរបស់កុមារនៅទូទាំងប្រទេសកម្ពុជា។ កុមារជាង ៣លាននាក់ ទទួលរងផលប៉ះពាល់ដោយសារការបិទសាលារៀននៅក្នុងប្រទេស ហើយវិសាលភាពនៃវិបត្តិនេះកំពុងគំរាមកំហែងធ្វើឱ្យវឌ្ឍនភាពដែលសម្រេចបាននៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវរលាយបាត់ទៅវិញ និងធ្វើឱ្យក្រុមដែលងាយរងគ្រោះបំផុតពុំបានទទួលសេវាចាំបាច់សំខាន់ៗដូចជា សេវាការពារ អប់រំ សុខភាព អាហារូបត្ថម្ភ និងទឹកស្អាតជាដើម។ ផលប៉ះពាល់នេះអាចអូសបន្លាយរាប់ជំនាន់ ប្រសិនបើគ្មានការផ្ដល់ឱ្យកុមារនូវជម្រើសផ្សេងៗសម្រាប់រៀនសូត្រ និងកសាងមាគ៌ាជីវិតរបស់ពួកគេឡើងវិញ។

កុមារី ផាន់ ម៉ុននិច្ច មានវ័យ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ការរៀនតាមអនឡាញគឺជារឿងពិបាក។ ថ្វីត្បិតតែគ្រូបានបង្រៀនតាមរយៈប្រព័ន្ធអេឡិចត្រូនិច (Live Zoom និង Google Classroom) ក៏ពិតមែន តែការទទួលបានគឺពិតជាមិនអាចពេញលេញដូចការសិក្សានៅក្នុងថ្នាក់ផ្ទាល់នោះទេ។ សិស្សទាំងអស់ត្រូវចូលយកមេរៀន និងកិច្ចការផ្ទះ ព្រមទាំងព័ត៌មានសាលាតាមរយៈថ្នាក់ (Online)។ បងស្រី ម៉ូនីដា ដែលជាម្តាយរបស់កុមារី ផាន់ ម៉ុននិច្ច បានមានប្រសាសន៍ថា គាត់បានព្យាយាមរម្លឹក និងតាមដានការសិក្សារបស់កូននៅពេលដែលគាត់ត្រឡប់មកពីធ្វើការវិញ។ តែគាត់យល់ថាក្មេងដែលរៀនតាម Online ដោយមិនមានមនុស្សចាស់នៅក្បែរ គាត់មិនបានយកចិត្តទុកដាក់បានពេញលេញនោះឡើយ ទោះជាគ្រូព្យាយាមពន្យល់យ៉ាងណា បើពួកគាត់មិនព្យាយាមបណ្តុះចិត្តគំនិតស្វ័យសិក្សាដោយខ្លួនឯងបន្ថែមទេនោះ នឹងមិនមានលទ្ធផលជាទីគាប់ចិត្តនោះឡើយ។ លោកស្រីបានពោលទៀតថា សំណាងល្អដែលកូនស្រីគាត់បានសិក្សានៅសាលានេះ ដែលមានការយកចិត្តទុកដាក់ខ្ពស់ និងខ្វល់ខ្វាយពីការរៀនសូត្ររបស់សិស្ស ចុះចំណែកកុមារដទៃទៀតដែលពួកគាត់នៅតាមជនបទមិនមានបច្ចេកវិទ្យាទូលំទូលាយនោះពួកគាត់ទទួលបានអ្វីខ្លះក្នុងកំឡុងពេលនេះ?

ដូចគ្នានឹងកុមារកម្ពុជាជាច្រើននាក់ផ្សេងទៀត ដែលរស់នៅតំបន់ជនបទ។ សក្កដា ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សាវត្តចក ស្ថិតនៅក្នុងខេត្តសៀមរាប។ កុមារាម្នាក់នេះមានឱកាសសិក្សាតិចតួច ដោយសារខ្វះការភ្ជាប់ទំនាក់ទំនងឌីជីថល ប៉ុន្តែកុមាររូបនេះនៅតែប្រឹងប្រែងអស់ពីលទ្ធភាព។ គម្លាតឌីជីថល បង្កបញ្ហាប្រឈមធ្ងន់ធ្ងរដល់ដំណោះស្រាយសម្រាប់ការរៀនសូត្រពីចម្ងាយក្នុងអំឡុងពេលនៃវិបត្តិនេះ និងអាចពង្រីកគម្លាតវិសមភាពនេះឱ្យរឹតតែធំទៅៗ។ ខណៈពេលដែលមានប្រជាជនប្រមាណ ១២.៥លាននាក់ គឺជាអ្នកប្រើអ៊ីនធឺណែត (Hootsuite, 2019) អ្នកដែលគ្មានអ៊ីនធឺណែតប្រើប្រាស់ភាគច្រើន គឺជាអ្នករស់នៅក្នុងតំបន់ជនបទក្នុងប្រទេស។ អង្គការយូនីសេហ្វកំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ជម្រើសឱកាសរៀនសូត្រដល់សិស្ស ដូចជាការផ្សព្វផ្សាយការបង្រៀន អនឡាញ “ការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក (e-learning)” តាមរយៈថ្នាលបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ក៏ដូចតាមស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ក្នុងគោលបំណងផ្សព្វផ្សាយការបង្រៀនទាំងនេះដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់នៅកម្ពុជា។

សក្កដា តែងមកសាលារៀននៅរៀងរាល់ថ្ងៃពុធ ដើម្បីយកមេរៀនមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរ និងប្រគល់កិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ។ ក្នុងសាលាបឋមសិក្សាវត្តចកនេះ ក៏ដូចជានៅតាមសាលារៀនជាច្រើនទៀតក្នុងខេត្តសៀមរាប មានការអនុវត្តវិធានការតឹងរ៉ឹង ដើម្បីការពារជំងឺកូវីដ-១៩។ ដូច្នេះកុមារអាចមកសាលារៀនជាក្រុមតូចៗ ម្តងមួយក្រុមៗ មួយដងក្នុងមួយសប្ដាហ៍ ដើម្បីយកក្រដាស មេរៀន និងប្រគល់កិច្ចការដែលគ្រូដាក់ឱ្យធ្វើនៅផ្ទះ។ ទាំងនេះក៏ជាការផ្ដល់ឱកាសឱ្យពួកគេបាននិយាយទៅកាន់គ្រូ និងសួរសំណួរអំពីប្រធានបទដែលពួកគេមិនទាន់យល់ពេញលេញផងដែរ។ កុមារមួយចំនួនមកសាលារៀនដោយសារតែពួកគេនឹកមិត្តភក្តិ បន្ទប់រៀន និងសួនកុមារ។

អង្គការយូនីសេហ្វ ធ្វើការដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលនោះទេ ហើយធានាថាកុមារគ្រប់រូប មិនថាពួកគេមានសមត្ថភាព យេនឌ័រ ស្ថានភាពសង្គមសេដ្ឋកិច្ច ឬក៏ជាជនជាតិភាគតិចយ៉ាងណាក៏ដោយ ពួកគេនៅតែអាចទទួលបានឱកាសសិក្សារៀនសូត្រគ្រប់ៗគ្នា។
ដកស្រង់ចេញពី៖ https://www.unicef.org/cambodia/km/%E1%9E%9A%E1%9E%BF%E1%9E%84/%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%9F%E1%9E%98%E1%9F%90%E1%9E%99%E1%9E%80%E1%9E%BC%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%A1%E1%9F%A9-%E1%9E%93%E1%9F%85%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង