ប្រធានបទ “ការសម្លុតគំរាមកំហែងតាមប្រព័ន្ធអ៊ិនធើណេត (Cyberbullying)”

ប្រធានបទ “ការសម្លុតគំរាមកំហែងតាមប្រព័ន្ធអ៊ិនធើណេត (Cyberbullying)”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ការសម្លុតគំរាមកំហែងតាមប្រព័ន្ធអ៊ិនធើណេត (Cyberbullying)”
អត្ថបទដោយ : លួន ស្រីទូច
#MJQE#AmericanInterconSchool

សម័យបច្ចុប្បន្នជាសម័យទំនើប ដែលមនុស្សលើពិភពលោកអាចទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល ដូចជាការផ្ញើសារ ជជែកគ្នា ឃើញមុខគ្នាតាមរយៈកម្មវិធី Apps ផ្សេងៗទោះបីនៅឆ្ងាយពីគ្នាក៏ដោយ តែនៅក្នុងនោះក៏មានផលលំបាកដែលអាចកើតឡើងលើយុវវ័យយើងសព្វថ្ងៃនេះ ដែលមនុស្សមួយចំនួនតូចយកមកប្រើប្រាស់បែប អវិជ្ជមាន។

Cyberbullying គឺជាការសម្លុតគំរាមកំហែង ឬការចំអកឡកឡឺយលើប្រព័ន្ធអ៊ិនធើណេត ដែលកើតឡើងលើឧបករណ៍ឌីជីថលដូចជា ទូរសព្ទដៃ កុំព្យូទ័រ និងថេប្លេត។ ការគំរាមកំហែងតាមអ៊ិនធើណេត អាចកើតឡើងតាម រយៈការផ្ញើសារ និងកម្មវិធីលើប្រព័ន្ធអ៊ិនធើណេតនៅក្នុងបណ្តាញសង្គម ដែលមនុស្សជាច្រើនអាចចូលមើល ចូលរួមគំរាមកំហែង សើចចំអក និងចែករំលែកតទៅអ្នកដទៃផ្សេងទៀត។

Cyberbullying អាចរួមមាន៖
• ការផ្ញើសារ / ចែករំលែកសារ ឬអ៊ីម៉ែលដែលគួរឱ្យឈឺចាប់ដល់អ្នកដទៃ ឬការជេរប្រមាថ
• ការបង្ហោះពត៌មានធ្វើឱ្យអ្នកដទៃអាម៉ាស់មុខ / ចែករំលែកវីដេអូ ឬរូបភាពគួរឱ្យអាម៉ាស់
• ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬការកុហកតាមអ៊ិនធើណេត
• រៀបចំប្រវត្តិរូបអ្នកដទៃតាមអ៊ិនធើណេតក្លែងក្លាយ
• ការយាយី និងការគំរាមកំហែងតាមសារជាអក្សរ ម្តងហើយម្តងទៀត (cyber stalking)

តើអ្វីដែលធ្វើឱ្យជនរងគ្រោះនៃការគំរាមគំហែងតាមអ៊ិនធើណេតឈឺចាប់ខ្លាំង?
ខណៈដែលការគំរាមកំហែងតាមអ៊ិនធើណេតអាចធ្វើឱ្យប៉ះពាល់ដូចជា ការសម្លុតរាងកាយ ឬពាក្យសំដី៖
• មនុស្សជាច្រើនអាចមើលឃើញវាជាសាធារណៈ
• ពត៌មានទាំងនោះវារាលដាលយ៉ាងឆាប់រហ័ស
• ជនរងគ្រោះពិបាកក្នុងការរត់គេចខ្លួន
• អ្នកសម្លុតអាចជាជនអនាមិក
• ការលុបពត៌មានទាំងនោះអាចជាដំណើរការពិបាក

កន្លែងទូទៅដែល Cyberbullying កើតឡើង៖
• ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Instagram, Snap chat និង Tik Tok
• ផ្ញើសារ (Text messaging) និងផ្ញើសារលើអ៊ិនធើណេត (messaging apps) ឬថេប្លេត (tablet devices)
• Email
• តាមកាហ្វេអ៊ីនធើណេត

តើអ្វីទៅជាផលប៉ះពាល់នៃការគំរាមកំហែងតាមអ៊ិនធើណេត?
នៅពេលការគំរាមកំហែងកើតឡើងជនរងគ្រោះមានអារម្មណ៍ថា ត្រូវបានគេវាយប្រហារគ្រប់ទីកន្លែងសូម្បីតែនៅក្នុងផ្ទះរបស់ខ្លួនឯង។ ផលប៉ះពាល់អាចមានរយៈពេលយូរ និងប៉ះពាល់ដល់មនុស្សម្នាក់តាមរបៀបជាច្រើន៖
• សុខភាពផ្លូវចិត្ត : មានអារម្មណ៍តូចចិត្ត ខ្មាស់អៀន បន្ទោសខ្លួនឯង បាត់បង់ទំនុកចិត្តលើខ្លួនឯង ខឹង បាត់បង់ចំណាប់អារម្មណ៍លើអី្វដែលអ្នកស្រឡាញ់។
• សុខភាពផ្លូវកាយ : បាត់បង់ដំណេក ជួបប្រទះរោគសញ្ញាដូចជា ឈឺក្រពះ និងឈឺក្បាល។

តើខ្ញុំគួរនិយាយជាមួយអ្នកណា ប្រសិនបើខ្ញុំកំពុងរងការគំរាមកំហែងតាមអ៊ីនធើណេត?
• ជំហានដំបូង គឺត្រូវស្វែងរកជំនួយពីនរណាម្នាក់ដែលអ្នកទុកចិត្តដូចជា ឪពុកម្តាយ សមាជិកគ្រួសារដែលជិតស្និទ្ធ ឬមនុស្សនរណាម្នាក់ដែលអ្នកទុកចិត្ត ដើម្បីចែករំលែកអារម្មណ៍របស់អ្នក។
• ប្រសិនអ្នកជាសិស្សសាលា អ្នកអាចស្វែងរកអ្នកប្រឹក្សាយោបល់ដែលប្រចាំសាលារបស់អ្នក (School counsellor) ឬលោកគ្រូ អ្នកគ្រូដែលអ្នកចូលចិត្ត។
• ប្រសិនបើ អ្នកមិនមានទំនុកចិត្តក្នុងការនិយាយជាមួយនរណាម្នាក់ដែលអ្នកស្គាល់ សូមស្វែងរកអ្នកពិគ្រោះយោបល់ ឬប្រសិនអ្នកកំពុងរងការគំរាមគំហែងដែលមានគ្រោះថ្នាក់ អ្នកគួរតែទាក់ទងទៅប៉ូលីសដែលនៅជិតអ្នកបំផុត។

មនុស្សម្នាក់ដែលអ្នកស្គាល់អាចជាជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ិនធើណេត។ ប្រសិនបើអ្នកឃើញរឿងនេះកើតឡើងចំពោះនរណាម្នាក់ដែលអ្នកស្គាល់ សូមព្យាយាមផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ពួកគេ ក៏ដូចជា ស្តាប់មិត្តរបស់អ្នកដោយការយល់ចិត្តទុកដាក់។ សំខាន់បំផុត សូមរំលឹកពួកគេថា អ្នកនៅទីនេះសម្រាប់ពួកគេ ហើយអ្នកត្រៀមជានិច្ចក្នុងការជួយពួកគេ។ សម្រាប់អ្នកកំពុងរងការគំរាមកំហែងតាមអ៊ិនធឺណេត អ្នកប្រហែលជាចង់លុបកម្មវិធីមួយចំនួន ឬឈប់ប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត ប៉ុន្តែនេះមិនមែនជាដំណោះស្រាយទេ ព្រោះអ្នកមិនបានធ្វើអ្វីខុសទេ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://www.unicef.org/end-violence/how-to-stop-cyberbullying
https://kidshelpline.com.au/teens/issues/cyberbullying

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង