ប្រធានបទ “ការយល់ដឹងអំពីជំងឺឫសដូងបាត”

ប្រធានបទ “ការយល់ដឹងអំពីជំងឺឫសដូងបាត”

អត្ថបទព័ត៌មានស្តីពីការអប់រំសុខភាព
ក្រោមប្រធានបទ “ការយល់ដឹងអំពីជំងឺឫសដូងបាត”
អត្ថបទដោយ : សោម ចាន់ណា
#MJQE #American Intercon School

 

ឫសដូងបាតជាបណ្តុំសរសៃឈាមធម្មតានៅរន្ធបាតរបស់មនុស្ស ដែលជាធម្មតាវាមានបីដុំគឺ ផ្នែកខាងស្តាំខាងមុខ ផ្នែកខាងស្តាំខាងក្រោយ និងផ្នែកខាងឆ្វេងនៃរង្វង់រន្ធគូថ។ វាត្រូវបានបែងចែកជាពីរគឺ ឫសដូងបាតខាងក្នុង និងឫសដូងបាតខាងក្រៅដោយយកខ្សែតំណនៃស្បែកគូថ និងភ្នាសពោះវៀនធំជាព្រំប្រទល់ខណ្ឌចែក។

ជំងឺឫសដូងបាត គឺជារោគសញ្ញាទាំងឡាយណា ដែលកើតឡើងដោយសារការខូចខាត ឬការប៉ះពាល់ទៅលើសរសៃឈាមឫសដូងបាតនេះ។ រោគសញ្ញាទាំងនោះមានដូចជា បន្ទោបង់លាមកមានឈាម ឈឺរន្ធគូថ មានដុំប៉ោងនៅរន្ធគូថ និងមានដុំសាច់លៀនចេញចូលនៅពេលបន្ទោបង់។ រោគសញ្ញាផ្សេងៗដូចជា ឈឺចង្កេះ ឈឺឆ្អឹង សន្លាក់ ឈឺក្បាល ស្កូវសក់ មិនមែនរោគសញ្ញានៃជំងឺឫសដូងបាតទេ។

មូលហេតុនៃជំងឺឫសដូងបាត៖ មូលហេតុពិតប្រាកដដែលនាំឱ្យមានបញ្ហាឫសដូងបាត នៅមិនទាន់រកឃើញច្បាស់លាស់នៅឡើយ រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែ គេអាចរកឃើញកក្តាមួយចំនួនដែលជំរុញឱ្យមានបញ្ហាឫសដូងបាតដូចជា៖
• ការពិបាកក្នុងការបន្ទោបង់លាមក ទាំងការទល់លាមក (ការបន្ទោងបង់រយៈពេលយូរ ការ បន្ទោបង់លាមកមិនទៀងទាត់ និងការប្រឹងខ្លាំងនៅពេលបន្ទោបង់ម្តងៗ) ការរាករូសរ៉ាំរ៉ៃជាការជំរុញឱ្យមានបញ្ហាឫសដូងបាត។
• ការបរិភោគអាហារមិនមានតុល្យភាព ការបរិភោគទឹកប្រចាំថ្ងៃមិនគ្រប់គ្រាន់ ការបរិភោគបន្លែ ផ្លែឈើមិនគ្រប់គ្រាន់ និងបរិភោគសាច់ច្រើនពេកអាចធ្វើឱ្យពិបាកក្នុងការបន្ទោបង់ នឹងធ្វើឱ្យមានបញ្ហាឫសដូងបាត។
• ការផឹកស្រាច្រើន ការបរិភោគគ្រឿងហិរ ការផឹកកាហ្វេច្រើន ស្ត្រេសខ្លាំង ដេកមិនលក់ អាចធ្វើឱ្យមានបញ្ហាឫសដូងខាងក្រៅ។
• ស្រ្តីមានផ្ទៃពោះជិតសម្រាល និងក្រោយការសម្រាលកូនរួច ស្ត្រីកំពុងមករដូវ។

បញ្ហាឫសដូងបាតខាងក្រៅ៖ បញ្ហាឫសដូងបាតខាងក្រៅ ច្រើនកើតមានភ្លាមៗស្តែងឡើងដោយការឈឺគូថភ្លាមៗ និងមានដុំប៉ោងនៅរន្ធគូថរយៈពេលពីរបីថ្ងៃ ឬពីរបីសប្តាហ៍ដោយសារមានដុំកំណកឈាមនៅក្នុងឫដូងខាងក្រៅ។ វាអាចធ្វើទុក្ខលាប់ចុះឡើងច្រើនលើកច្រើនសាក៏មាន។ បញ្ហានេះជាទូទៅ គឺវាធូរស្រាលទៅវិញ ដោយឯកឯងដោយមិនចាំបាច់ព្យាបាលនោះទេ។ ការព្យាបាលដោយថ្នាំ និងការព្យាបាលដោយចោះ យកឈាមកកចេញគឺធ្វើក្នុងគោលបំណងកាត់បន្ថយរយៈពេលវិវត្តរបស់វា។ ចំណែកការព្យាបាល ដោយការវះកាត់គឺធ្វើក្នុងគោលបំណងយកឫសដូងបាតចេញឱ្យអស់ និងលែងមានការធ្វើទុក្ខបែបនេះទៀត។

បញ្ហាឫសដូងបាតខាងក្នុង៖ រោគសញ្ញានៃបញ្ហាឫសដូងបាតខាងក្នុងគឺ៖
• ការហូរឈាមនៅពេលបន្ទោបង់ និងក្រោយពេលបន្ទោបង់ភ្លាមៗ ជាឈាមក្រហមច្រាលក្នុងបង្គន់ ឬស្រក់តក់ៗមកតែម្តង។
• ការមានសាច់លៀនចេញមកនៅពេលប្រឹងបន្ទោបង់ហើយចូល ឬមិនចូលទៅវិញទាំងស្រុងក្រោយពេលបន្ទោបង់រួច ពេលខ្លះចាំបាច់យកដៃរុញចូលទៅវិញ ឬពេលខ្លះទោះបី រុញទៅវិញក៏មិនចូល ហើយឡើងហើមឈឺម្តងម្កាលនៅពេលពិបាកបន្ទោបង់ម្តងៗ។
• ការមានកំណកឈាមកកនៅឫសដូងខាងក្នុង ដែលធ្វើឱ្យមានការឈឺចាប់ ខ្លាំងកើតមានដោយកម្រ។

ផលវិបាកនៃជំងឺឫសដូងបាត៖
• ជំងឺឫសដូងបាតមិនវិវត្តទៅជាជំងឺមហារីកគូថនោះទេ ទោះជាក្នុងដំណាក់កាលណាក៏ដោយ។
• ជំងឺឫសដូងបាតដែលស្តែងឡើងជារោគសញ្ញាធ្លាក់ឈាមញឹកញាប់ នៅពេលបន្ទោបង់អាចបណ្តាលឱ្យមានបញ្ហាស្លេកស្លាំងខ្វះគ្រាប់ឈាម និងអាចបណ្តាលឱ្យគ្រោះថ្នាក់បាន បើធ្វើការព្យាបាលមិនទាន់ពេល។ តែមុននឹងគិតថា ការហូរឈាមនេះបណ្តាលមកពីបញ្ហាឫសដូងបាត ចាំបាច់ត្រូវធ្វើការ ឆ្លុះពោះវៀនធំជាមុនសិន ឬបើចាំបាច់ត្រូវឆ្លុះទាំងក្រពះទៀត ដើម្បីរកមូលហេតុផ្សេងៗនៃការហូរឈាមនេះ។
• ដើម្បីបញ្ជាក់ថា រោគសញ្ញាដែលកើតមានដូចជា បន្ទោបង់មានឈាម មានដុំសាច់ចម្លែកនៅរន្ធបាត ឬឈឺគូថ ត្រូវមកជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឯកទេសជំងឺរន្ធបាត និងប្លោកលាមក ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។


• បញ្ហាផ្សេងៗនៅរន្ធបាត មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតនោះទេ។
• ជំងឺមហារីកនៅរន្ធបាត និងជំងឺឫសដូងបាតគឺជាជំងឺពីរផ្សេងគ្នានៅតំបន់រន្ធបាត មិនមានទំនាក់ទំនងគ្នានោះទេ។• នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ មិនមានជំនាញឯកទេសឫសដូងបាតបង្រៀននោះទេ គឺមានតែជំនាញឯកទេសជំងឺរន្ធបាត និងប្លោកលាមក ដែលភាសាបារាំង គេហៅថា Spéciallité de colo-proctologie ឬហៅឱ្យខ្លីថា Proctologue ដែលជាឯកទេសមួយ ស្ថិតនៅក្នុងមែកធាង នៃឯកទេសជំងឺថ្លើម ក្រពះ និងពោះវៀននោះឯង។

 

ឯកសារយោង និងពិគ្រោះ :
វេជ្ជបណ្ឌិត ផៃ សុភា ឯកទេសជំងឺរន្ធបាត និងប្លោលលាមក

No Comments

Sorry, the comment form is closed at this time.

Back to Top