ប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអប់រំ ក្នុងសម័យកូវីដ-១៩”

ប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអប់រំ ក្នុងសម័យកូវីដ-១៩”

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអប់រំ ក្នុងសម័យកូវីដ-១៩”
អត្ថបទដោយ : ផែង ស្រីណាង
#MJQE #American Intercon School

ដូចយើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍនានាជា ច្រើន នៅលើពិភពលោក។ នៅប្រទេសកម្ពុជាយើង ក៏បាននិងកំពុងទទួលនូវផលវិបាកជាច្រើនពីជំងឺរាតត្បាតនេះផងដែរដោយគិតចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ វិស័យអប់រំដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងប្រទេស បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

យើងសង្កេតឃើញថា សាលារៀនសាធារណៈ ឯកជន និងវិទ្យាស្ថានបណ្ដុះបណ្ដាលផ្សេងៗទាំងអស់នៅទូទាំងប្រទេសត្រូវបានបិទ និងដាក់ឱ្យដំណើរការតាមប្រព័ន្ធអនឡាញ ក្រោមក្តីបារម្ភនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ នៅក្នុងបរិបទថ្មីនេះ បំលាស់ប្ដូរនៃវិធីសាស្រ្តក្នុងការបង្រៀន សិក្សាអប់រំត្រូវបានកែប្រែ និងបត់បែនយ៉ាងខ្លាំងតាមរយៈ ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាអប់រំបែបទំនើប។ សិក្សានុសិស្ស និងគ្រូបង្រៀនបានចាប់ផ្ដើមរៀន និងប្រើប្រាស់កម្មវិធីសិក្សា តាមអនឡាញ ដោយប្រើកម្មវិធីជាច្រើនដែលមានដូចជា Google classroom, Zoom, ClassDojo, Googlemeet, VooV meeting និងប្រើមធ្យោបាយផ្សេងៗទៀត សម្រាប់ការធ្វើទំនាក់ទំនង និងបញ្ជូនឯកសារមានដូចជា Telegram Chat និង Messenger។ ល។

កាលៈទេសៈនៃការប្រើបច្ចេកវិទ្យាជំនួយក្នុងវិស័យអប់រំនេះ បានជួយ និងផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់សង្គម៖
• ជួយការពារសិស្សានុសិស្ស និងបុគ្គលិកផ្នែកសិក្សាអប់រំមិន ឱ្យឆ្លង ជំងឺកូវីដ-១៩។
• បង្កើតនូវទំនាក់ទំនងការងារយ៉ាងលឿនឆាប់រហ័ស និងចំណាយពេលវេលាតិច។
• បង្កើនសមត្ថភាពសិស្ស និសិត្ស និងលោកគ្រូ អ្នកគ្រូក្នុងការសិក្សាស្រាវជ្រាវនូវប្រព័ន្ធបច្ចេកវិទ្យាថ្មី។
• សិស្សានុសិស្សនៅតែអាចបន្តការសិក្សារៀន សូត្រពីចម្ងាយបាន។
• បុគ្គលិកគ្រប់ស្ថាប័នដែលពាក់ព័ន្ធអាចធ្វើការ ប្រជុំពិភាក្សាការងារផ្សេងៗពីចម្ងាយបាន។

ទន្នឹមនឹងនេះ គុណវិបត្តិនៃការអប់រំ និងសិក្សាពីចម្ងាយក៏មានផង ដែរនៅ ក្នុងបរិបទ ដ៏លំបាកនេះដូចជា៖
• កុមារតូចត្រូវការការជួយគាំទ្រ និងណែនាំបន្ថែមយ៉ាងខ្លាំងពី សំណាក់ ឪពុកម្ដាយ។
• សេវាអ៊ីនធឺណែតមិនមានស្ថិរភាព ពេលខ្លះខ្សោយពេលខ្លះខ្លាំង ដែលបណ្តាលឱ្យមានការពិបាកក្នុងការបង្រៀន និងរៀន។
• អ្នកដែលមិនពូកែខាងបច្ចេកវិទ្យា (ជាពិសេសនៅជនបទ) ជួបការលំបាកក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការបំពេញការងារ។

ដូចបានរៀបរាប់ខាងលើយើងអាចសន្និដ្ឋានបានថា បច្ចេកវិទ្យាពិតជាដើរតួនាទីយ៉ាងសំខាន់ និងបានជួយយ៉ាងច្រើននៅក្នុងកាលៈទេសៈ នៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩នេះ ពីព្រោះបានធ្វើឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សអាចបំពេញការងារ និងសិក្សាបានពីចម្ងាយ និងតាមរយៈប្រព័ន្ធអនឡាញ ដែលមានកម្មវិធីទំនើបផ្សេងៗដែលជំនួសឱ្យការបំពេញការងារ និងការរៀនផ្ទាល់នៅក្នុងថ្នាក់។ ទន្នឹមនឹងនេះ យើងក៏សង្កេតឃើញថាការអភិវឌ្ឍចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាក៏មានល្បឿនលឿនផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងនាអន្តរកាលនេះ។

ជាមួយគ្នានេះដែរ ការអប់រំនាអន្តរកាលនេះ ក៏ត្រូវការឱ្យអ្នកអាណាព្យាបាល ឬមាតាបិតាសិស្សជួយជាចាំបាច់សម្រាប់ប្រសិទ្ធភាពនៃការអប់រំដែលមាន៖
• មាតាបិតា ឬអ្នកអាណាព្យាបាល គួរតែយកចិត្តទុកដាក់ជួយ បង្រៀន និងបង្ហាត់បង្ហាញកូនបន្ថែម។
• ជួយរៀបចំទីកន្លែង ឬភ្ជាប់សេវាល្អដែលធ្វើឱ្យប្រាកដថា មានអ៊ីនធឺណែតសម្រាប់កូនៗលោកអ្នក។
• តាមដានការសិក្សា និងកិច្ចការរបស់កូនជាប្រចាំ ជាពិសេសសម្រាប់កុមារតូចៗ។
• តាមដានព័ត៌មានសាលារៀន សហការ និងទំនាក់ទំនងជាមួយគ្រូឱ្យបានញឹកញាប់ពេលដែលត្រូវការ។
• ការវិនិយោគជាថវិកា និងពេលវេលាសម្រាប់កូនជាភាពចាំបាច់មួយក្នុងកាលៈទេសៈ លំបាកនេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top