ប្រធានបទ “ការជ្រើសរើសសៀវភៅដែលត្រឹមត្រូវសម្រាប់អ្នក”

ប្រធានបទ “ការជ្រើសរើសសៀវភៅដែលត្រឹមត្រូវសម្រាប់អ្នក”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការជ្រើសរើសសៀវភៅដែលត្រឹមត្រូវសម្រាប់អ្នក”
អត្ថបទដោយ : ឡូ លី អេង
#MJQE#AmericanInterconSchool

មនុស្សជាច្រើនបានជួបនឹងការលំបាកក្នុងការជ្រើសរើសសៀវភៅដែលត្រឹមត្រូវសម្រាប់ពួកគេ ព្រោះមនុស្សភាគច្រើនជ្រើសរើសសៀវភៅមិនត្រឹមត្រូវ ឬសៀវភៅដែលអ្នកជ្រើសរើសមិនចូលចិត្តនឹងនាំឱ្យបោះបង់ចោលនៅពាក់កណ្តាលទី ឬក៏ឈប់អានទាំងស្រុងដែលធ្វើឱ្យខ្ជះខ្ជាយពេលវេលា និងធនធាន។ ដូច្នេះហើយទើបអត្ថបទនេះនឹងនាំមកជូនអ្នកពីវិធីសាស្រ្តខ្លះៗសម្រាប់លោកអ្នកអាចអនុវត្តដើម្បីជ្រើសរើសសៀវភៅឱ្យបានត្រឹមត្រូវដែលលោកអ្នកនឹងប្រាកដជាអាននៅពេលទំនេរ!

១. ព្យាយាមរកប្រភេទសៀវភៅដែលអ្នកចូលចិត្ត៖
ការស្វែងរកប្រភេទសៀវភៅដែលអ្នកចូលចិត្តនឹងធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការជ្រើសរើសសៀវភៅដែលត្រឹមត្រូវដើម្បីអាន។ នេះរួមបញ្ចូលទាំងការយល់ដឹងពីប្រភេទសៀវភៅជាច្រើនដូចជាប្រភេទភ័យរន្ធត់ មនោសញ្ចេតនា វិទ្យាសាស្ត្រ ជីវវិទ្យា អាជីវកម្ម រឿងប្រលោមលោក រឿងផ្សងព្រេងជាដើម។ មនុស្សខុសគ្នា មានចំណង់ចំណូលចិត្តខុសៗគ្នានូវអ្វីដែលពួកគេចង់អាន និងមើល ហើយការស្វែងយល់ប្រភេទដែលត្រឹមត្រូវនឹងធ្វើឱ្យការជ្រើសរើសសៀវភៅរបស់អ្នកកាន់តែងាយស្រួល។

២. ដឹងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន៖
មនុស្សជាច្រើនមានទំនោរច្រឡំថា ចំណាប់អារម្មណ៍សៀវភៅដូចទៅនឹងការរើសប្រភេទសៀវភៅដែរ តែតាមពិតទៅវាមានភាពខុសគ្នាដាច់ស្រឡះ។ នៅពេលអ្នកដឹងថាសៀវភៅប្រភេទណាដែលអ្នកចូលចិត្តអានហើយចង់អាន អ្នកអាចបន្តជ្រើសរើសលក្ខណៈសៀវភៅដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្លួនឯងដែលរួមមានចំនួនជំពូក តួអង្គ ទីកន្លែង រចនាប័ទ្មនៃការសរសេរ។ល។ នេះដោយសារតែការកំណត់ទាំងអស់នេះគឺជាខ្លឹមសារនៃសៀវភៅ ហើយអ្នកត្រូវយល់ជាចាំបាច់ដើម្បីដឹងពីចំណាប់អារម្មណ៍របស់អ្នកអាន។

៣. ចាប់ផ្តើមការជ្រើសរើសសៀវភៅ៖
ចំណុចនេះជាចំណុចចុងក្រោយ ហើយអ្នកអានគួរតែគិតមើលមុនពេលអានសៀវភៅអ្វីមួយ។ នោះគឺការយល់ដឹងថាមានសៀវភៅជាច្រើនប្រភេទ ទាំងតាមអ៊ិនធើណេត និងក្រៅបណ្តាញអ៊ិនធើណេត។ បែបនេះហើយនៅពេលដែលអ្នកដឹងពីចំណាប់អារម្មណ៍របស់អ្នក វាដល់ពេលត្រូវកាត់បន្ថយប្រភេទសៀវភៅដើម្បីជ្រើសរើស។ មនុស្សមួយចំនួនមានការស្ទាក់ស្ទើរក្នុងការអានសៀវភៅតាមអ៊ិនធើណេតដោយសារតែមិនមានប្រព័ន្ធឌីជីថល ឬដោយសារបញ្ហាភ្នែក តែទោះយ៉ាងណាក៏ដោយ ក៏ពួកគេមានសេរីភាពក្នុងការអានក្រៅបណ្តាញ ដោយមានសៀវភៅរាប់ពាន់ក្បាលមាននៅក្នុងបណ្ណាគារជាច្រើនទូទាំងទីក្រុង។ អ្នកគ្រាន់តែចំណាយប្រាក់កាក់បន្តិចដើម្បីយកទៅទិញសៀវភៅ ឬគ្រាន់តែទៅបណ្ណាល័យសាលារបស់អ្នក ហើយខ្ចីសៀវភៅដោយឥតគិតថ្លៃក៍បាន។ ជម្រើសផ្សេងទៀតគឺអាស្រ័យលើអ្នក ព្រោះឥឡូវនេះអ្នកដឹងរួចមកហើយថាសៀវភៅប្រភេទណាដែលអ្នកចូលចិត្ត ហើយច្បាស់ជានឹងអានបន្ទាប់ពីអ្នកទទួលបានសៀវភៅនេះ។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង