ប្រធានបទ “ការចំណាយពេលកម្សាន្ត និងបង្កើនទំនាក់ទំនងល្អជាមួយបុត្រធីតារបស់លោកអ្នក នឹងជួយឱ្យពួកគេមានការលូតលាស់បានល្អ”

ប្រធានបទ “ការចំណាយពេលកម្សាន្ត និងបង្កើនទំនាក់ទំនងល្អជាមួយបុត្រធីតារបស់លោកអ្នក នឹងជួយឱ្យពួកគេមានការលូតលាស់បានល្អ”

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការអប់រំ
ក្រោមប្រធានបទ “ការចំណាយពេលកម្សាន្ត និងបង្កើនទំនាក់ទំនងល្អជាមួយបុត្រធីតារបស់លោកអ្នក នឹងជួយឱ្យពួកគេមានការលូតលាស់បានល្អ”
អត្ថបទដោយ : ឃៀង វាសនា
#MJQE#AmericanInterconSchool

ការអប់រំកូនឱ្យបានល្អមិនមែនជារឿងងាយស្រួលនោះទេ គឺទាមទារឱ្យមានវិធីសាស្ត្រត្រឹមត្រូវ និងមានភាពអត់ធ្មត់។ ឪពុកម្តាយមួយចំនួនអាចជួបការលំបាកលើបញ្ហានេះ មានន័យថាត្រូវចេះសម្របខ្លួនជាមួយកូនៗប្រសើងជាងឱ្យពួកសម្របខ្លួនជាមួយនឹងយើង។ ចំណុចខ្លះៗខាងក្រោមនេះនឹងអាចជួយកូនៗរបស់លោកអ្នកឱ្យមានសមត្ថភាព និងមានភាពជឿជាក់លើខ្លួនឯង៖

១. ឪពុកម្តាយគ្រប់រូបត្រូវឆ្លៀតពេលដ៏មមាញឹកពីការងាររបស់ខ្លួន ដើម្បីបង្កើនឱ្យមានភាពស្និទ្ធស្នាលជាមួយកូនៗ ដោយនាំពួកគេទៅដើរកម្សាន្តនៅតាមផ្សារទំនើប ឬសួនកុមារជាដើមនៅថ្ងៃឈប់សម្រាកដោយមិនបង្ខំកូនឱ្យគិតតែពីរៀនសូត្រគ្មានពេលសម្រាកនោះទេ។

២. ការបង្កើតទំនាក់ទងរវាងឪពុកម្តាយ និងកូនជាប្រចាំ ដោយឪពុកម្តាយចំណាយពេលខ្លះតាមដានការសិក្សារបស់កូនតាមរយៈការសួរសំណួរទាក់ទងនឹងការសិក្សា ពិនិត្យលើកិច្ចការផ្ទះ ថ្ងៃនេះកូនរៀនមុខវិជ្ជាអ្វីខ្លះ ហើយមេរៀនមួយណាដែលកូនគិតចាប់មិនសូវបាន និងជជែកជាមួយកូនពីនេះពីនោះពេលនៅជាមួយគ្នា។

៣. ឪពុកម្តាយត្រូវទម្លាប់យកចិត្តទុកដាក់លើការបង្រៀនកូនឱ្យចេះនិយាយប្រាប់ ហេតុផលប្រសើរជាងការ យំទទូចឱ្យឪពុកម្តាយធ្វើអ្វីមួយឱ្យកូនផ្ទាល់ ជាពិសេសមុនពេលចូលគេងរៀងរាល់យប់ គួរទម្លាប់ឱ្យកូនរៀបចំសម្ភារសិក្សា និងសៀវភៅដែលត្រូវរៀនឱ្យត្រូវកាលវិភាគ ហើយឱ្យកូនធ្វើកិច្ចការផ្ទះឱ្យបានត្រឹមត្រូវ ហើយមានរបៀប ព្រមទាំងអាន ឬធ្វើលំហាត់ទាំងចាស់ និងថ្មី។

៤. ឪពុកម្តាយត្រូវបង្កើតវិន័យជាមួយកូន មិនត្រូវបន្លាច ឬប្រើអំពើហិង្សាលើកូនទេ បើគាត់ធ្វើអ្វីមួយខុស គ្រាន់តែដាក់ទណ្ឌកម្មឱ្យធ្វើអ្វីមួយ ហើយពន្យល់ពីកំហុសឆ្គងដោយនិយាយពីបញ្ហា និងដំណោះស្រាយដល់កូនៗដើម្បីកុំឱ្យមានបញ្ហានោះកើតមានម្តងទៀត។

៥. ការលេងជាមួយកូន ឪពុកម្តាយអាចបង្កើតសកម្មភាពលេងទៅតាមវ័យរបស់កូន ពីព្រោះការលេងស្រួលពេក កូនអាចអផ្សុក ហើយការលេងពិបាកពេក កូនអាចអាក់អន់ចិត្ដ។ វិធីសាស្រ្តដែលល្អលោកអ្នកអាចសាកសួរកូនថា តើអ្វីដែលគេចង់ឱ្យលោកអ្នកធ្វើនៅក្នុងការលេងនោះ ដោយទុកពេលវេលាឱ្យកូនគ្រប់គ្រាន់សម្រាប់លេង។ ឪពុកម្តាយសូមកុំព្យាយាមប្រកួតជាមួយកូនតូចៗ ពីព្រោះ អាចធ្វើឱ្យពួកគេបាក់ទឹកចិត្ដមិនចង់បន្តការលេងទៀត។ ឪពុកម្តាយអាចអបអរ និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កូន ដោយមិនគិតពីលទ្ធផលនោះយ៉ាងណាឡើយ អ្វីដែលសំខាន់បំផុតឱ្យកូនៗមានការសប្បាយរីករាយ និងសើចលេងជាមូយឪពុកម្តាយ។

៦. ផ្តល់ឱកាសឱ្យកូនបញ្ចេញគំនិតផ្ទាល់ខ្លួន ឪពុកម្តាយអាចសួរសំណួរទៅកាន់កូនៗរបស់អ្នកនូវអ្វីដែលពួកគេកំពុងគិត និងអារម្មណ៍របស់ពួកគេ ហើយលើកទឹកចិត្តឱ្យពួកគេមានភាពក្លាយហានឆ្លើយតប និងបញ្ចេញមតិផ្ទាល់ខ្លួន។ សូមស្តាប់កូនដោយយកចិត្តទុកដាក់ ដើម្បីជួយឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ។

សរុបសេចក្តីមក ឪពុកម្តាយ ឬអ្នកអាណាព្យាបាលត្រូវតែផ្តល់ឱកាសឱ្យកូនរៀនសូត្រនូវអ្វីដែលថ្មីៗ និងលើកទឹកចិត្តឱ្យកូនចូលរួមសកម្មភាពថ្មីៗ ដើម្បីស្វែករកអ្វីដែរពួកគេស្រលាញ់ និងចូលចិត្តក្នុងបំណងជួយឱ្យពួកគេមានចំណេះដឹង សមត្ថភាព ភាពក្លាហាន និងជម្នះភាពភ័យខ្លាចនៅពេលអនាគតនៅក្នុងដំណើរជីវិតរបស់ពួកគេ។


ដកស្រង់ចេញពី៖
– https://www.aia.com.kh/kh/what-matters/health-wellness/Sensory-Play-and-How-it-Helps-Your-Child-Grow.html
– http://bringingupgreatkids.org/km/development/childs-play-is-a-parents-business
– https://www.mass.gov/doc/approaches-to-learning-brochure-khmer/download

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង