ប្រធានបទ “ការចិញ្ចឹមកូនប្រកបដោយភាពវិជ្ជមាន”

ប្រធានបទ “ការចិញ្ចឹមកូនប្រកបដោយភាពវិជ្ជមាន”

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “ការចិញ្ចឹមកូនប្រកបដោយភាពវិជ្ជមាន”
អត្ថបទដោយ : ឃៀង វាសនា
#MJQE#AmericanInterconSchool

ឪពុកម្តាយតែងតែស្រម៉ៃចង់បាន និងមានក្តីសង្ឃឹមថា នៅពេលដែលកូនៗធំឡើង នឹងមានសុខភាពល្អ សប្បាយរីករាយ មានទំនុកចិត្ត មានចំណេះដឹង និងជំនាញច្បាស់លាល់ និងឧបត្ថមុ្ភគ្រួសារ ព្រមទាំងបន្តនូវប្រពៃណី និងវប្បធម៌របស់ពួកគាត់។ ទោះជាយ៉ាងនេះក្តីការចិញ្ចឹមកូនមិនមែនជាកិច្ចការសាមញ្ញនោះទេ គឺទាមទារឱ្យអ្នកអាណាព្យាបាលមានគោលដៅជាក់លាក់ ការគ្រប់គ្រងអារម្មណ៍ និងភាពអត់ធ្មត់ ព្រមទាំងការផ្តល់ក្តីស្រឡាញ់ដោយឥតលក្ខខណ្ខ រួមទាំងជំនាញក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

ការចិញ្ចឹមកូនប្រកបដោយភាពវិជ្ជមាន មានវិធីសាស្រ្តជាច្រើនផ្សេងៗគ្នាដែលឪពុកម្ដាយគួរយល់ដឹងបន្ថែមមានដូចជា៖

១. ភាពអហិង្សា : ឪពុកម្ដាយ អ្នកអាណាព្យាបាល ឬអ្នកថែទាំកូន មិនគួរប្រើទម្រង់ណាមួយនៃអំពើហិង្សាលើកូន ឬកុមារ រួមមានអំពើហិង្សា ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើលើកុមារ។ គួរប្រកាន់ខ្ជាប់ឥរិយាបថអហិង្សា ដោយប្រើពាក្យពេចន៍ល្អៗទៅកាន់កូននៅពេលពួកគេមានកំហុស។ ណែនាំកូនដោយអហិង្សា ជាវិធីសាស្ត្រល្អបំផុតដែលម្តាយឪពុកសម័យទំនើបគួរប្រកាន់ខ្ជាប់។

២. ផ្តោតទៅលើដំណោះស្រាយ : ស្ដាប់ បង្ហាញហេតុផល ពិភាក្សា និងការស្វែងរកវិធី ឬរបៀបណាមួយ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីតាមបែបវិជ្ជមានដែលផ្តល់តម្លៃដល់ការចូលរួម យល់ព្រម និងការចរចារគ្នា។

៣. ការគោរព : នៅក្នុងគ្រួសារ សមាជិកគ្រួសារគួរប្រើប្រាស់ឥរិយាបថទន់ភ្លន់ កាយវិការ និងពាក្យសម្តីដែលសម្តែងពីចេតនាគោរពគ្នាដល់កូន ផ្តល់តម្លៃឱ្យស្មើៗគ្នាក្នុងភាពជាមនុស្ស ដោយគ្មានការរើសអើង និងវិនិច្ឆ័យដោយហេតុផលត្រឹមត្រូវ។

៤. ផ្ដោតលើតំណាក់កាលលូតលាស់ និងអភិវឌ្ឍន៍កុមារ : កុមារា កុមារី ឬកុមារដែលពិការភាព គ្រប់កុមារទាំងអស់ មានការលូតលាស់ និងអភិវឌ្ឍន៍ផ្សេងៗគ្នាទៅតាមកម្រិតអាយុរបស់ពួកគេ ដូចជាការលូតលាស់ និងអភិវឌ្ឍន៍ផ្នែករាងកាយ សតិបញ្ញា ស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។ ដូច្នេះការបំពេញទៅនឹងតម្រូវការរបស់ពួកគេ គឺមានភាពខុសគ្នា។

៥. ផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ : សិទ្ធិកុមារ គឺជាអ្វីៗដែលកុមារមាន និងអ្វីដែលមនុស្សទទួលខុសត្រូវលើកុមារ។ ពួកគេត្រូវធានាថា កុមារមានសុវត្ថិភាព សុខភាពល្អ សប្បាយរីករាយ ទទួលការអប់រំ និងនិយាយអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេ។ កុមារទាំងអស់រួមទាំងកុមារដែលមានពិការភាពទទួលបានសិទ្ធិទាំងនេះ មិនថាពួកគេជានរណា មានពណ៌សម្បុរអ្វី ភាសាអ្វី សាសនាអ្វី ក្មេងប្រុស ឬក្មេងស្រី អ្នកក្រ ឬអ្នកមានឡើយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://www.mowa.gov.kh/wp-content/uploads/2020/01/Positive-Parenting-Toolkite-level-2.pdf
https://kh.boell.org/sites/default/files/2020-10/Parenting-Book.pdf

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង