ប្រធានបទ “ការគ្រប់គ្រងការចាយវាយ និង ការរៀបចំផែនការហិរញ្ញវត្ថុ”

ប្រធានបទ “ការគ្រប់គ្រងការចាយវាយ និង ការរៀបចំផែនការហិរញ្ញវត្ថុ”

អត្ថបទព័ត៌មានស្តីពីការអប់រំ និងរបៀបរស់នៅ
ក្រោមប្រធានបទ “ការគ្រប់គ្រងការចាយវាយ និង ការរៀបចំផែនការហិរញ្ញវត្ថុ”
អត្ថបទដោយ : កែវ សុភា
#MJQE #AmericanInterconSchool

ក្រៅពីអាចរកប្រាក់ចំណូលបានហើយ ហេតុអ្វីយើងត្រូវចេះចាត់ចែងការចាយវាយទៀត?
អានចំណងជើងហើយ មានមនុស្សជាច្រើនឆ្ងល់ គ្រាន់តែការចាយវាយសោះ ចាំបាច់រៀន ឬគ្រប់គ្រងធ្វើអ្វី សូម្បីកុមារតូចៗក៏ចេះយកប្រាក់ទៅទិញនេះទិញនោះដែរ។

ឆ្លើយតបនឹងចម្ងល់ខាងលើ អ្នកទាំងអស់គ្នាមានដែរគិតថា ពេលខ្លះចំណូលកើនឡើងដែរ តែហេតុអ្វីគ្រួសារមួយចំនួននៅតែមានភាពខ្វះខាត?
ក្រៅពីកត្តាអតិផរណា ភាគច្រើនការកើនឡើងនៃការចាយវាយខ្ចះខ្ចាយ ទិញសម្ភារៈប្រើប្រាស់លើសពីសមត្ថភាព កត្តាសង្គមអូសទាញ និងកត្តាចំណេះដឹងនៅមានកម្រិត បានធ្វើឱ្យប្រជាជនកម្ពុជា មួយចំនួនមានបញ្ហាបំណុលច្រើនជាងការសល់ប្រាក់សន្សំ។ ដូច្នេះហើយទើបការគ្រប់គ្រងការចាយវាយមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងសេចក្តីសុខរីកចម្រើនទាំងបុគ្គល គ្រួសារ ស្ថាប័ន និងប្រទេសជាតិ។

ខាងក្រោមនេះគឺជាចំនុចល្អៗ និងងាយៗដែលយើងអាចយកមកអនុវត្តក្នុងការគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធិភាព៖

ទី១ គ្រប់គ្រងខ្លួនឯង៖ ការគ្រប់គ្រងខ្លួនឯង គឺជាចំណុចចម្បងដ៏មានប្រសិទ្ធភាព ដោយយើងត្រូវព្យាយាមដាក់កំហិតលើខ្លួនឯងកុំអោយចាយវាយលើសពីសមត្ថភាព ឬលើសពីចំណូលដែលរកបាន។

ទី២ ធ្វើការកត់ត្រាចំណូលចំណាយ៖ ការកត់ត្រាចំណូល និងចំណាយប្រចាំថ្ងៃ គឺជារឿងសាមញ្ញ តែភាគច្រើនបុគ្គលមួយចំនួនច្រើនមើលរំលង ដោយពួកគាត់គិតថាតិចតូចទេ ឬជួនកាលគាត់គិតថា បើរកប្រាក់ដើម្បីតែចាយវាយដដែល មិនចាំបាច់ខ្វល់ខ្វាយច្រើនអ្វីទេ។

ទី៣ កំណត់ការចំណាយលើភាពចាំបាច់មុន៖ ការកំណត់ថា ការចំណាយណាខ្លះដែលចាំបាច់ ដែលត្រូវតែចាយដូចជា ម្ហូបអាហារ ថ្លៃសាំង ថ្លៃផ្ទះ ការសិក្សា ថ្លៃទឹក និងថ្លៃភ្លើងជាដើម គឺបានជួយបន្ថែមទៀត ឱ្យយើងរៀបចំចាត់ចែងការចាយវាយសមស្រប និងអាចបែងចែកចំណែកខ្លះទុកដាក់សន្សំ ឬបម្រុង ទុក។

ទី៤ ការទំនាក់ទំនងក្នុងគ្រួសារ៖ សម្រាប់ការគ្រប់គ្រងជាលក្ខណៈគ្រួសារ ការទំនាក់ទំនង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងការចាយវាយ ការលាតត្រដាងដោយស្មោះត្រង់ មិនលាក់លៀម ឬប្រកាន់ក្នុងនាមជាគ្រួសារមួយអាចជួយឱ្យការគ្រប់គ្រងប្រាក់ប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព ជាពិសេសអាចជាមេរៀនដ៏ល្អសម្រាប់អប់រំកូនៗឱ្យមានទម្លាប់ល្អក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់គាត់ឱ្យកាន់តែប្រសើរ។

ទី៥ ត្រូវមានគម្រោងលើការចាយវាយ៖ មិនថាជាបុគ្គល គ្រួសារ ក្រុមហ៊ុន ឬសហគ្រាស ត្រូវតែមានគម្រោង ឬផែនការចាយវាយឱ្យបានច្បាស់លាស់ អាចជាប្រចាំខែ ឬប្រចាំឆ្នាំ ទៅតាមលទ្ធភាពនៃការគ្រប់គ្រង។ ការធ្វើបែបនោះ អាចឱ្យបុគ្គល គ្រួសារ ក្រុមហ៊ុន សហគ្រាសមានផែនការច្បាស់លាស់ ដើម្បីជាទុនក្នុងការអភិវឌ្ឍជីវភាពប្រចាំថ្ងៃ គម្រោងទិញទ្រព្យសម្យត្តិនានា ឬយកទៅវិនិយោគផ្សេងៗ។

តើការរៀបគម្រោងចំណាយទុកជាមុនជាការល្អដែរឬទេ?
ជាការពិតណាស់ ការមានគម្រោងលើការចំណាយច្បាស់លាស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបំពេញតាមសេចក្តីបំណងដែលយើងចង់បាន ហើយយើងអាចបែងចែកចំណែកប្រាក់ដែលនៅសល់សម្រាប់សន្សំ ឬបម្រុងទុកដោះស្រាយក្នុងគ្រាមានអាសន្ននានា។

តួយ៉ាង ដូចស្ថានភាពសង្គមបច្ចុប្បន្ន បញ្ហាជម្ងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យគ្រួសារ ឬស្ថាប័នមួយចំនួនមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរខ្លាំង កត្តាចំណូលធ្លាក់ចុះ តម្លៃទំនិញលើទីផ្សារកើនឡើង និងដោយមិនមានប្រាក់បម្រុងគ្រប់គ្រាន់សម្រាប់បន្តជីវភាព និងអាជីវកម្មបាន រហូតឈានដល់ការលក់ទ្រព្យសម្បត្តិនានា និងបិទអាជីវកម្មផងដែរ។ ក្រៅពីនេះបើសិនជាយើងមានគម្រោងហើយ យើងបានតាមដានជាប្រចាំ យើងអាចដឹងជាមុនសម្រាប់ការចាយវាយលើសពីផែនការដែលបានកំណត់។ សម្រាប់ស្ថាប័ន ឬសហគ្រាសអាជីវកម្មវិញ ការគ្រប់គ្រងគម្រោងចំណាយ ជាយុទ្ធសាស្រ្តមួយផងដែរ ដើម្បីបង្កើនប្រាក់ចំណេញឱ្យកាន់តែប្រសើរ ឬរៀបគម្រោងការសម្រាប់ផែនការពង្រីកអាជីវកម្មនានា។

“ប្រសិនបើអ្នកព្យាយាមទិញអ្វីដែលមិនចាំបាច់ ថ្ងៃណាមួយអ្នកនឹងលក់ទ្រព្យសម្បត្តិដែលចាំបាច់វិញ”
“មានគម្រោងលើការចាយវាយជួយឱ្យអ្នកចាំថា អ្នកបានចាយវាយលើអ្វីខ្លះ ជៀសវាងអង្គុយរកនឹកមិនដឹងចាយលើអ្វីខ្លះ”។
“មានបញ្ហាបំណុល មិនមែនមកពីកង្វះខាតប្រាក់ទេ តែមកពីខ្វះការគ្រប់គ្រងការចាយវាយឱ្យត្រឹមត្រូវ”

ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់ប្រជាជនកម្ពុជាឱ្យព្យាយាមទ្រទ្រង់ការអប់រំ ដោយបញ្ចូនកូនឱ្យបានចូលរៀនសូត្រ មានចំណេះដឹង គិតបានវែងឆ្ងាយ ទាំងការរស់នៅ ទាំងសមត្ថភាពក្នុងការធ្វើកិច្ចការងារ ប្រកបរបរអាជីវកម្ម ប្រកបដោយសីលធម៌ សុជីវធម៌ ដើម្បីក្លាយខ្លួនជាគ្រាប់ពូជដ៏ល្អសម្រាប់ការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិទាំងមូល។

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង