ប្រធានបទ “កន្លែងការងារគឺជាផ្ទះរបស់យើង”

ប្រធានបទ “កន្លែងការងារគឺជាផ្ទះរបស់យើង”

អត្ថបទព័ត៌មានស្តីពីការរស់នៅ
ក្រោមប្រធានបទ “កន្លែងការងារគឺជាផ្ទះរបស់យើង”
អត្ថបទដោយ : លុយ វិបុល
#MJQE#AmericanInterconSchool

កាលដើមឡើយ ខ្ញុំមិនសូវយល់ឃ្លានេះទេ ជាពិសេសនៅពេលដែលខ្ញុំកំពុងរៀននៅឡើយ ជាពេលដែលមិនទាន់ចេញបម្រើការងារ។ តាមរយៈការបំពេញការងារកន្លងមក ទើបខ្ញុំដឹងថា ពាក្យនេះមានន័យយ៉ាងណា។ វាប្រាកដណាស់ថាកន្លែងការងារ គឺកន្លែងការងារ ផ្ទះគឺជាផ្ទះ ម៉េចនឹងអាចដូចគ្នាទៅ? ប៉ុន្តែយើងសាកមកមើលប៉ុន្មានចំណុចខាងក្រោម អ្នកនឹងដឹងថាកន្លែងការងារគឺជាផ្ទះឬយ៉ាងណា?

១. ការប្រើប្រាស់ពេលវេលា៖
នៅក្នុងន័យនេះ សំដៅលើការប្រើប្រាស់ពេលវេលានៅក្នុងជីវិតប្រចាំថ្ងៃរបស់បុគ្គលិកម្នាក់ៗ មិនថាថ្នាក់ដឹកនាំ ប្រធានផ្នែក ឬជាបុគ្គលិកធម្មតា។ ជាទូទៅពួកគេត្រូវចំណាយពេល៨ម៉ោង ក្នុង១ថ្ងៃ ឬ៤៨ម៉ោងក្នុង១សប្តាហ៍ ដែលជាពេលវេលាដ៏ច្រើន អាចនិយាយបានថាច្រើនជាងពេលវេលានៅផ្ទះផ្ទាល់ខ្លួនទៀតផង។ ការចំណាយពេលនៅកន្លែងមួយដ៏ច្រើន ឬយូរបានផ្តល់នូវឱកាសបង្កើតទំនាក់ទំនង និងស្គាល់គ្នាជិតស្និទ្ធ ដឹងពីសុខទុក្ខគ្នា ជួយគ្នាក្នុងគ្រាលំបាក រួមសុខរួមទុក្ខជាមួយគ្នា ដែលពេលខ្លះប្រៀបបានទៅនឹងបងប្អូនបង្កើត ទោះបីពួកយើងមិនបានជាប់សាច់ឈាមនឹងគ្នាក៏ដោយ។

២. ការគាំទ្រតាមរចនាសម្ព័ន្ធ (ថ្នាក់ដឹកនាំម្នាក់ប្រៀបបានទៅនឹងឪពុក ឬម្តាយ)៖
ប្រាកដណាស់ថាកន្លែងការងារអាចនឹងមានរចនាសម្ព័ន្ធស្មុគស្មាញ និងមានការងារច្រើនដែលផ្តោតលើរឿងចាំបាច់ រឿងមានបាន ភាពរីកចម្រើនទៅថ្ងៃមុខ ប៉ុន្តែវាក៏ជាអ្វីដែលគ្រួសារមានដូចគ្នា។ ក្នុងន័យនេះ បុគ្គលិកម្នាក់ៗដែលបម្រើការងារឱ្យស្ថាប័នមួយ រមែងចង់បំពេញគោលបំណងថ្នាក់ដឹកនាំ ដែលវាជាទិសដៅរួមរបស់ស្ថាប័ន។ វាប្រៀបបាននឹងកូនៗបំពេញក្តីស្រម៉ៃរបស់ឪពុកម្តាយដែរ។ បើមើលតែមួយភ្លែត វាជារឿងដ៏សាមញ្ញបំផុត ប៉ុន្តែបើយើងមើលឱ្យបានស៊ីជម្រៅ វាមិនមែនជារឿងដែលសាមញ្ញពេកទេ។ ពីព្រោះថា ឪពុកម្តាយត្រូវផ្តល់អ្វីឱ្យកូនខ្លះ ទើបកូនៗអាចបំពេញក្តីស្រម៉ៃរបស់ពួកគាត់បាន។ ដំបូង ពួកគាត់ប្រាកដជាចិញ្ចឹមបីបាច់កូនៗឱ្យបានល្អ ផ្តល់ក្តីស្រឡាញ់ឥតលក្ខខណ្ឌ ផ្តល់ការគាំទ្រផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី និងផ្តល់តម្រូវការមូលដ្ឋានដើម្បីរស់រៀនមានជីវិត មានទីជម្រក មានសុវត្ថិភាព។ មិនតែប៉ុណ្ណោះ បានផ្តល់ឱកាសឱ្យសិក្សារៀនសូត្រ ផ្តល់ការតម្រង់ទិស ផ្តល់ឱកាសនៃការកែប្រែកំហុស និងបំពេញចំណុចខ្វះខាតរបស់ខ្លួនដោយគ្មានការរងសម្ពាធ ឬការភិតភ័យ ស្លន់ស្លោដែលជាហេតុនាំឱ្យកំហុសកាន់តែមាននៅពេលដែលគេកាន់តែខ្លាចខុស។ បន្ថែមពីនេះទៅទៀត ផ្តល់ឱកាសបញ្ចេញមតិយោបល់ និងការយល់ឃើញផ្សេងៗ ផ្តល់សិទ្ធិក្នុងនាមជាមនុស្សម្នាក់ដែលទទួលបាននូវការថែទាំគាំពារជាដើម។ ទាំងនេះមានន័យថា ពួកយើងបានបំពេញតម្រូវការ (តម្រូវការទាំង៥ ទ្រឹស្តីលោក Abraham Maslow) ដែលពួកយើងមិនចាំបាច់ចាកចេញទៅក្រៅ (ក្រៅផ្ទះ) ដើម្បីស្វែងរកវាទៀតនោះទេ។

៣. ទំនាក់ទំនងការងារ៖
វាជាការពិតណាស់ដែលយើងមិនអាចបដិសេធបានថាចាននៅក្នុងរាវច្បាស់ជាមានការប៉ះទង្គិចគ្នា បែកបាក់ ប្រេះស្រាំ ប្រៀបបានបងប្អូនបង្កើតរស់នៅផ្ទះជាមួយគ្នា មានឪពុកម្តាយតែមួយជាមួយគ្នា រមែងចៀសមិនផុតពីការឈ្លោះប្រកែកគ្នា។ ប៉ុន្តែយើងក៏នៅមានមនោសញ្ចេតនាជាបងប្អូនដែលមិនអាចកាត់ផ្តាច់បាន។ គ្រប់បុគ្គលិករួមការងារ មិនថាស្ថិតនៅក្នុងវ័យណា ឬឋានៈតួនាទីណា ក៏ប្រៀបបានទៅនឹងបងប្អូន មើលថែគ្នា កែតម្រូវគ្នា លើកទឹកចិត្តគ្នា និងដឹងពីសុខទុក្ខគ្នា។ បងជួយលើកទឹកចិត្តប្អូន ពេលប្អូនជួបការលំបាក បងជួយស្តាប់ប្អូនពេលប្អូននិយាយពីបញ្ហារបស់ខ្លួន ប្អូនក៏នឹងផ្តល់ទាំងនេះត្រលប់ទៅបងវិញ។ ការចេះស្តាប់គ្នាទៅវិញទៅមក វាជាសុភមង្គលនៅក្នុងគ្រួសារ និងនៅគ្រប់ទីកន្លែង ជាពិសេសកន្លែងការងារ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឬមិនដែលចេះខុសនោះទេ ដូចនេះការស្តាប់គ្នាទៅវិញទៅមក វានឹងបង្កើតឱ្យមានទំនាក់ទំនងល្អ មិនប្រកាន់ខ្ជាប់ពាក្យ “អញ” តែត្រូវជំនួសដោយពាក្យ “យើង” ទើបបានសុខសប្បាយ និងរីកចម្រើនទាំងអស់គ្នា។

សរុបសេចក្តីមក អ្វីដែលបានរៀបរាប់ដោយសង្ខេបខាងលើអាចបង្ហាញពីការយកចិត្តទុកដាក់លើបុគ្គលិកគ្រប់ស្រទាប់វណ្ណៈដែលអាចឱ្យពួកគេទទួលបាននូវអារម្មណ៍ថាកន្លែងការងារគឺជាផ្ទះរបស់ខ្លួន។

ដកស្រង់ចេញពី៖
– អ្នកឧកញាវេជ្ជបណ្ឌិត គួច ម៉េងលី វិធីសាស្រ្តលើកទឹកចិត្តបុគ្គលិកភាគ៣/៦

– អ្នកឧកញាវេជ្ជបណ្ឌិត គួច ម៉េងលី វិធីសាស្រ្តលើកទឹកចិត្តបុគ្គលិកភាគ៥/៦ https://m.youtube.com/watch?fbclid=IwAR2QcaOQ2BxQFBwXeoB5A9o5laLS5r8wjIseONFSWeghIU-QoIjeOTBTVPo&v=tIYKa6nVs9Y&feature=youtu.be
– តម្រូវការទាំង៥ តាមទ្រឹស្តីលោក Abraham Maslow https://www.simplypsychology.org/maslow.html

No Comments

Sorry, the comment form is closed at this time.

Back to Top
សាលារៀន អន្ដរទ្វីប អាមេរិកាំង